Saturday, October 11, 2025
Homeព័ត៌មានជាតិវត្តព្រៃចាន់ រាប់បាត្រ៤០០អង្គ ឧទ្ទិសកុសលជូនវីរកងទ័ពពលី

វត្តព្រៃចាន់ រាប់បាត្រ៤០០អង្គ ឧទ្ទិសកុសលជូនវីរកងទ័ពពលី

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ នៅវត្តព្រៃចាន់ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានរៀបចំពិធីរាប់បាត្រព្រះសង្ឃ៤០០អង្គ ដែលបាននិមន្តមកពីបណ្តាវត្តនានា នៅក្នុងខេត្តបន្ទាយមានជ័យ មានទាំងព្រះសង្ឃគណៈសង្ឃមហានិកាយ និងគណៈសង្ឃធម្ម យុត្តិកនិកាយ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណ ភាពទឹកដី ពីការឈ្លានពានរបស់ទាហានថៃ។ ក្នុងពិធីរាប់បាត្រនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករ ពីប្រ ជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងខេត្តបន្ទាយមានជ័យ ។

 លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់តាមបណ្ដាញសង្គមថា ពិធីរាប់បាត្រព្រះសង្ឃ ប្រមាណ ៤០០អង្គ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី និងបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបួង សួងសុំសេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តសុវណ្ណសិក្ខារាម ហៅវត្តព្រៃចាន់ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងប្រហែលតែ ១គីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលទាហានថៃ ឈ្លានពាន រាយលួសបន្លា ។

 គួរបញ្ជាក់ថា វត្តសុវណ្ណសិក្ខារាម ហៅវត្តព្រៃចាន់ គឺជាវត្តមួយ ក្នុងចំណោមវត្តដទៃទៀត ក្នុងតំបន់ជាយដែន ព្រំដែនកម្ពុជា-ថៃ ប្រមាណជា ១០០០ម៉ែត្រ មានពីទីតាំងស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្បែរតំបន់ដែលទាហានថៃ បានចូលឈ្លានពាន រាយលួសបន្លាព័ទ្ធយកដីផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។

 ទោះបីជានៅតំបន់នោះ ស្ថានភាពនៅមានកម្ដៅកើនឡើង ដោយសារបញ្ហាព្រំដែនកម្ពុជា និងថៃ ប៉ុន្ដែបងប្អូនពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយ បានសម្រុកមកធ្វើបុណ្យនៅទីអារាមមួយនេះ យ៉ាងច្រើនជាងពេលមុនៗ ។ ជាក់ស្ដែង ក្រៅពីរៀបចំពិធីរាប់បាត្រព្រះសង្ឃ ៤០០អង្គ ឧទ្ទិសកុសលជូនវីរកងទ័ពពលី នៅពេលនេះ កាលពីរដូវកាន់បិណ្ឌ ភ្ជំបិណ្ឌ នាខែកញ្ញា កន្លងទៅថ្មីៗនេះ ក៏មានប្រជាពលរដ្ឋមកពីខេត្តផ្សេង បានមកដាក់បិណ្ឌ និងកាន់បិណ្ឌ និងចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ យ៉ាងច្រើនកុះករផងដែរ ។ ជាពិសេស ថ្មីៗនេះ វត្តនេះ ក៏បានធ្វើពិធីជួបជុំដ៏ធំ ទទួលស្វាគមន៍លោក ម៉ៃឃើល អាល់ហ្វារ៉ូ ទីប្រឹក្សាលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអា មេរិក និងជាអ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន នៃសហរដ្ឋអាមេរិក ដែលលោកបានចុះមករាយការណ៍ផ្ទាល់ នូវព័ត៌មានពិត ជាលើកទី២ ឲ្យពិភពលោកបានដឹង បានឃើញកាន់តែច្បាស់នូវសកម្មភាពបង្កហេតុឈ្លានពានរបស់ទាហាន និងកងកម្លាំងថៃ មកលើទឹកដីកម្ពុជា និងបានឃើញពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះបាត់បង់ដីផ្ទះ ដោយសារទាហានថៃ រំលោភយកដោយខុសច្បាប់ ថែមទាំងព្រមានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកដីនោះទៀតផង។   

ព្រះតេជគុណ ញ៉ិល ឌី ព្រះគ្រូចៅអធិការវត្តសិក្ខារាម ព្រៃចាន់ បានមានថេរដីកាថា បើទោះបីវត្តមួយនេះ មានទីតាំងនៅក្បែរតំបន់ប្រឈមជម្លោះព្រំដែនកម្ពុជា និងថៃ មានចម្ងាយមិនឆ្ងាយ ប្រមាណជា ១០០០ម៉ែត្រ ពីកន្លែងទាហានថៃ រាយលួសបន្លា ព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋខ្មែរ យ៉ាងណាក្តី ក៏មិនបង្កឲ្យមានការរំខានដល់ការធ្វើ បុណ្យទានរបស់ប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ បែរជាមានពុទ្ធបរិស័ទមកពីតំបន់ជិតឆ្ងាយ បានមកធ្វើ បុណ្យ ប្រគេនចង្ហាន់នៅវត្តនេះ យ៉ាងច្រើនកុះករជាងមុនៗទៅទៀត ៕ កុលបុត្រ

RELATED ARTICLES