Tuesday, October 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរលួចម៉ូតូ បណ្តើររត់ ជាប់ខ្នោះ

 ចោរលួចម៉ូតូ បណ្តើររត់ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច ប៉ុន្តែអត់មានឧបករណ៍សម្រាប់កាច់បំបែកគ្រាប់សោ បញ្ឆេះជិះមិនបាន ក៏អូសម៉ូតូនោះចេញពីក្រោមជណ្តើរផ្ទះជួល មួយកន្លែង ដើម្បីគេចខ្លួន លុះពេលកំពុងអូសបណ្តើរម៉ូតូនៅតាមផ្លូវ ត្រូវបានម្ចាស់ម៉ូតូតាមរកឃើញ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាចោរលួចម៉ូតូ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះតាំង អៀង អាយុ២៩ឆ្នាំ មានស្រុក កំណើតនៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ រតនគិរី 1E-6037 ជារបស់ជនរងគ្រោះ ឈ្មោះសុទ្ធ សុភ័ក្ត្រ អាយុ២៣ឆ្នាំ មុខរបរជាងចាក់សាក់ មានស្រុកកំណើតភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសុទ្ធ សុភ័ក្ត្រ បានទុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-6037 នៅខាងក្រោមជណ្តើរផ្ទះជួល ប៉ុន្តែមិនហ៊ានធ្វេសប្រហែសនោះទេ ដោយបានយកសោ ទៅចាក់កង់និងចន្ទល់ម៉ូតូ ព្រមទាំងចាក់សោកត្រឹមត្រូវផងដែរ។ បន្ទាប់មកទើបចូលដេកនៅក្នុងបន្ទប់ជួល ស្ថិតនៅទល់មុខនោះ។

ប្រភពដដែល បន្តថា ក្រោយមក ស្រាប់តែជនសង្ស័យខាងលើ ចូលទៅធ្វើសកម្មភាពឆ្កឹះសោដែលចាក់កង់និងចន្ទល់ម៉ូតូ ហើយធាក់បំបាក់សោម៉ូតូ លួចយកបានសម្រេច។ ប៉ុន្តែដោយសារតែមិនមានឧបករណ៍សម្រាប់កាច់បំបែកគ្រាប់សោ ទើបមិនអាចបញ្ឆេះជិះបានឡើយ។ បន្ទាប់មក ជនសង្ស័យបានអូសម៉ូតូនោះគេចខ្លួន លុះក្រោយមក ម្ចាស់ម៉ូតូក្រោកពីដេកបាត់ម៉ូតូរបស់ខ្លួន ក៏បានតាមរក រហូតដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃដដែល ស្រាប់តែឃើញជនសង្ស័យកំពុងអូសម៉ូតូរបស់ខ្លួន នៅតាមផ្លូវក្នុងបុរីសែនសុខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យស្រែកឆោឡោ និងឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីសាកសួរ។

ក្រោយកើតហេតុ ដោយសារតែទីតាំងកើតហេតុ នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ទើបសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំង បានប្រគល់ជនសង្ស័យ និងម៉ូតូ ទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ដើម្បីចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES