Tuesday, October 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៨០នាក់

បង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៨០នាក់

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចម្ការមន បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅចំណុចអគារខុនដូ ១កន្លែង ក្នុងបរេវិណកោះពេជ្រ ក្រោយមានការស្រាវជ្រាវសង្ស័យថា មានការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ដោយឃាត់ខ្លួនមនុស្សកំពុងបម្រើការងារនៅទីតាំងខាងលើ សរុបចំ នួន៨០នាក់ (ស្រី១៥នាក់) មាន៧សញ្ជាតិ។

ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចអគារខុនដូ MORGAN ជាន់ទី៣៤ ក្នុងបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចម្ការមន។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវចំណុចអគារខាងលើ និងសង្ស័យថា មានការលួចលាក់ប្រព្រឹត្តបើកល្បែងស៊ីសងអនឡាញ ដែលជាអំពើល្មើសច្បាប់។ ជាក់ស្តែងពេលសមត្ថកិច្ចចុះមកដល់ទីតាំងខាងលើ បានត្រួតពិនិត្យរកឃើញមានមនុស្សជាច្រើន កំពុងបម្រើការងារនៅចំណុចជាន់ទី៣៤ សរុប៨០នាក់ (ស្រី១៥នាក់) និងមាន ៧សញ្ជាតិ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៨០នាក់ មានជនជាតិចិន ចំនួន៥៧នាក់ (ស្រី៤នាក់)។ ជនជាតិនេ ប៉ាល់ ចំនួន២នាក់។ ជនជាតិម៉ាឡេស៊ី ចំនួន២នាក់ (ស្រី២នាក់)។ ជនជាតិវៀតណាម ចំនួន២នាក់ (ស្រី១នាក់)។ ជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់ (ស្រី៩)  និងនារីជាជនជាតិខ្មែរ ចំនួន៥នាក់។

ដោយឡែក វត្ថុតាងនិងសម្ភារៈដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូនីទ័រ ចំនួន២០៤គ្រឿង ធុង CPU ចំនួន១២៨គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន៣គ្រឿង។

ក្រុមជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ដើម្បីត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេង ទៀត៕

RELATED ARTICLES