Tuesday, October 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនថៃ ១១នាក់ លួចឆ្លងដែនខុសច្បាប់

ចាប់ខ្លួនថៃ ១១នាក់ លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការពារព្រំដែន បានធ្វើការឃាត់ខ្លួនជនជាតិថៃ ១១នាក់ ដែលលួចឆ្លងដែនពីថៃ មកកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិសាស្គ្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ប្រតិបត្តិការបង្ក្រាបជនជាតិថៃ (ស្រី៤នាក់) លួចឆ្លងដែនខុសច្បាប់នេះ ធ្វើឡើងចំនួន២គោលដៅ ដោយឡែកពីគ្នា រួមមាន ៖

ទី១-គោលដៅចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានជនជាតិថៃ ចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់ បានលួចឆ្លងពីប្រទេសថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ ត្រូវបានកម្លាំងការពារព្រំដែន មានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលជាក្រុមល្បាត៣ បង្ក្រាប ឃាត់ខ្លួននៅពេលឆ្លងពីទឹកដីថៃ ចូលមកទឹកដីកម្ពុជា។

២-គោលដៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានពលរដ្ឋថៃ ចំនួន៣នាក់ ក្នុងនោះស្រី១នាក់ បានលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ ត្រូវបានកម្លាំងការពារព្រំដែន ឃាត់ខ្លួនពីបទលួចឆ្លងដែនពីទឹកដីថៃ ចូលទឹកដីកម្ពុជា។

ក្រោយពីឃាត់ខ្លួនពលរដ្ឋថៃ ចំនួន១១នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ត្រូវបានប្រគល់ជូនកម្លាំងជំនាញ នាំខ្លួនទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនជាតិថៃ ខាងលើ បានឆ្លើយសារភាពថា ពួកគេលួចឆ្លងតាមរយៈមេខ្យល់ថៃ ដើម្បីឆ្លងដែនចូលមករកការងារធ្វើនៅកម្ពុជា (ក្រុងប៉ោយប៉ែត)។

ក្រោយធ្វើការសាកសួររួច ជនជាតិថៃ ទាំង១១នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់៕

RELATED ARTICLES