Tuesday, October 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ជូនជនជាតិកូរ៉េ៦៤នាក់ ពាក់ព័ន្ធឆបោកអនឡាញ ទៅប្រទេសកំណើត

បញ្ជូនជនជាតិកូរ៉េ៦៤នាក់ ពាក់ព័ន្ធឆបោកអនឡាញ ទៅប្រទេសកំណើត

ភ្នំពេញ ៖ មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនជាតិកូរ៉េ សរុបចំនួន៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ (គ.ប .ឆ.ប) បានបញ្ជាក់ថា ការបញ្ជូនជនជាតិបរទេស ឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការ អនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយដែលក្រសួង ស្ថាប័នសមត្ថកិច្ចជំនាញ តែង តែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

កន្លងមក កម្ពុជា បានបញ្ជូនជនជាតិកូរ៉េ ចំនួន១៨០នាក់ ឱ្យត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញរួចមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួលជន ជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា ឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។

ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាន គ.ប.ឆ.ប បានស្នើសុំកិច្ចសហការជាមួយសម ត្ថកិច្ចជំនាញ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាងដែលអាជ្ញាធរកម្ពុជា រឹបអូសបាន ក្នុងប្រតិប្រតិបត្តិការពីបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ក្នុងរយៈពេល ៤ខែចុងក្រោយ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋាន គ.ប.ឆ.ប បានចុះពិនិត្យទីតាំងសង្ស័យ និងបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ៩២ទីតាំង ក្នុង១៨រាជធានី-ខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យសរុប ប្រមាណ ៣ ៤៥៥ នាក់ មានចំនួន២០សញ្ជាតិ។

ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ បានបន្តនីតិវិធីចំពោះ ១០សំណុំរឿងធំៗក្នុងចំណោមសំណុំរឿងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួក សរុប ចំនួន៧៥នាក់ (ស្ត្រីចំនួន៥នាក់) ទៅតុលាការ ដើម្បីអនុវត្តតាមនីតិ វិធីច្បាប់ជាធរមាន។ ទន្ទឹមនេះ ជនបរទេសចំនួន ២ ៨២៥នាក់ ក្នុងនោះស្ត្រីចំនួន ៤៧៦នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះ ឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសម្បុកនៃការជួញដូរមនុស្សផងដែរ។

លទ្ធផលដែលទទួលបានខាងលើនេះ បានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការ អនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា ខណៈដែលប្រទេសកម្ពុជា ក៏ជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ឱ្យអនុវត្តនូវបទបញ្ជាចំនួន ៩ចំ ណុចសំខាន់ ក្នុងនោះ សម្តេច បានសង្កត់ធ្ងន់ថា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាល រាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិន អនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង៕

RELATED ARTICLES