Wednesday, October 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហែកគុករត់ ៣ខែ ជាប់ខ្នោះ

ហែកគុករត់ ៣ខែ ជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ជនជាប់ឃុំ នៅក្នុងពន្ធនាគារម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានចាប់ខ្លួនដាក់គុកវិញ ក្រោយពីបានហែកគុក រត់គេចខ្លួន អស់រយៈពេលជិត៣ខែ។

យោងតាមប្រភពមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ថា ជនជាប់ឃុំ ឈ្មោះសុខ មករា ភេទប្រុស អាយុ៣៦ឆ្នាំ បានលួចរត់ចេញពីពន្ធនាគារ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ រួមនិងបក្ខពួកម្នាក់ទៀត។ ក្រោយរត់គេចខ្លួន កម្លាំងអនុរក្សពន្ធនាគារ បានដេញចាប់ ហើយជនជាប់ឃុំ បានវាយកម្លាំងអនុរក្សម្នាក់ បណ្តាលឲ្យរងរបួស ហើយពួកគេបានគេចខ្លួនបាត់។ បន្ទាប់មក កម្លាំងអនុរក្ស បានបន្តតាមរុករកជនជាប់ឃុំ ទាំង២នាក់ ដែលបានរត់គេច ដោយសុំកិច្ចសហការជាមួយអាជ្ញាធរ សមត្ថកិច្ចតាមបណ្តាខេត្ត រាជធានី និងស្រុក ក្រុង តែមិនមានដំណឹង។

ប្រភពដដែល បន្តថា លុះមកដល់រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ជនជាប់ឃុំ ឈ្មោះសុខ មករា បានបង្ហាញខ្លួននៅចំណុចផ្ទះជួល មួយកន្លែង ស្ថិតនៅខាងក្រោយតុលាការចាស់ ក្នុងភូមិស្វាយក្រវាន់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរ និងមន្ត្រីអនុរក្សពន្ធនាគារ ក៏បានឡោមព័ទ្ធ និងចាប់ខ្លួនបានត្រឡប់មកវិញ។

មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ បានបន្តថា នៅក្នុងប្រតិបត្តិការឡោមព័ទ្ធចាប់ខ្លួននោះ ជនជាប់ឃុំឈ្មោះសុខ មករា បានយកកាំបិតរារាំងការចាប់ខ្លួន តែក្រោយកម្លាំងផ្ទុះអាវុធគំរាម ទើបជនជាប់ឃុំ ព្រមប្រគល់ខ្លួនឱ្យកម្លាំងអនុ រក្សពន្ធនាគារចាប់ខ្លួន នាំមកឃុំខ្លួនក្នុងពន្ធនាគារវិញ។

ក្រោយចាប់ខ្លួន ជនជាប់ឃុំ ឈ្មោះសុខ មករា បានសារភាពថា ខ្លួននិងបក្ខពួក ដែលឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នា បានពិគ្រោះគ្នាដើម្បីកាច់សោបន្ទប់ លួចរត់។ ក្រោយមក នៅយប់កើតហេតុ ពួកខ្លួនបានយកដែកស្មាហាលខោអាវ រួសឱ្យស្តើង ហើយចាក់សោបន្ទប់ និងយកភួយ ចងតគ្នា ដើម្បីចងទៅបង្គោលប៉មយាម ពេលដែលមន្ត្រីអនុរក្សដូរវេនម៉ោង២យប់ ហើយតោងឡើង លោតចុះពីកំពែងគុក គេចខ្លួនតែម្តង។

ជនជាប់ឃុំ ឈ្មោះសុខ មករា ត្រូវបានបញ្ជូនទៅឃុំខ្លួនវិញ ។ ចំណឺកបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញបាននិងកំពុងបន្តស្វែងរក ដើម្បីចាប់ខ្លួនយកឃុំខ្លួនវិញ៕

RELATED ARTICLES