ភ្នំពេញ ៖ តារារោមទ្រូងច្រើន លោក ឆន សុវណ្ណរាជ ត្រូវបានសុគន្ធ និសា និងសុខ សីឡាលីន លើកនំខេក និងបាច់ផ្កា ជូនលោក នៅថ្ងៃខួបកំណើតគម្រប់៤០ឆ្នាំ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បើទោះជាថ្ងៃខួបពិត ថ្ងៃទី១០ ខែតុលា ក៏ដោយ ប៉ុន្ដែដោយសារតារាទាំងពីររវល់ ទើបទៅ Surprise លោករាជ រាងយឺតពេលបែបនេះ ។

សុខ សីឡាលីន ជូនពរលោករាជ ឲ្យកាន់តែសង្ហា សុខភាពល្អ និងមានក្ដីសុខក្នុងជីវិត ខណៈសុគន្ធ និសា គ្រាន់តែនិយាយថា រីករាយថ្ងៃខួបកំណើតពូរាជ ។ ទាំងនិសា និងសីឡាលីន មិនបានជូនពរលោករាជ ឆាប់បានប្រពន្ធនោះទេ ខណៈដែលអ្នកលេងបណ្ដាញសង្គមខ្លះនៅតែឌឺដងឲ្យលោករាជ ដោយហៅថា «ម៉ាក់» និង «មីង» ជាដើម ប៉ុន្ដែតារាហង្សមាស រូបនេះគ្មានប្រតិកម្មឡើយ ព្រោះកាលពីឆ្នាំមុន លោកក៏ធ្លាប់សួរទៅអ្នកហៅលោកថា ម៉ាក់ នោះថា «តើអ្នកណាទៅជាម៉ាក់ប្អូន?»។

ឆន សុវណ្ណរាជ មានអាយុស្មើខេមរៈ សិរីមន្ដ ពោលគឺ ៤០ឆ្នាំដូចគ្នា ប៉ុន្ដែពេលនេះលោកសិរីមន្ត មានកូន ៣នាក់ទៅហើយ នៅឡើយតែលោករាជ មិនទាន់មានដំណឹងរៀបការប្រពន្ធ។ អតីតតារាចម្រៀង U2 រូបនេះ បានជ្រកនៅហង្សមាស ១៨ឆ្នាំហើយ ពេលនេះនៅតែបន្ដជ្រកនៅទ្រនំទី២នេះ ដដែល បើទោះជាតារាប្រុសស្រីល្បីៗ របស់ផលិតកម្មមួយនេះ នាំគ្នាចេញសឹងតែអស់ទៅហើយក្ដី ។ ថ្មីៗនេះ លោកសុវណ្ណរាជ បានចាប់ដៃជាមួយ កែវ ឡាវីញ កូនស្រីរបស់អ្នកនាង កែវ កល្យាណ ថត MV បុរាណបទ «ចៅមាណព» បើទោះជាលោករាជ មានអាយុបងនាងជិត ២០ឆ្នាំក្ដី ប៉ុន្ដែអ្នកទាំងពីរ នៅតែត្រូវបានជ្រើសជាដៃគូគ្នា ។ ប្រភពថាថៅកែហង្សមាស នៅតែទុកចិត្តលោកសុវណ្ណរាជ ទើបលោកមិនត្រឹមតែបន្ដច្រៀងឲ្យផលិតកម្មនេះយូរឆ្នាំបន្ដទៀតទេ ប៉ុន្ដែតំ ណែងជាគូបង្វឹក និងគណៈកម្មការប្រលងចម្រៀងធំៗនៅហង្សមាស តារាវ័យ៤០ឆ្នាំ រូបនេះ នៅតែរក្សាបានដដែល ។

គួរបញ្ជាក់ថា លោក ឆន សុវណ្ណរាជ ល្បីល្បាញក្នុងអាជីពខ្លាំង កាលពីឆ្នាំ២០០៧ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមិនសូវលេចធ្លោឡើយ បើទោះជាសព្វថ្ងៃ ហង្សមាស គ្មានព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៀតក៏ដោយ ។ ចំណែករឿងស្នេហារបស់លោករាជ ជាមួយនិស្សិតស្រីនៅអាមេរិក នាង «អរិយ៉ា» ស្ងាត់ឈឹង ជាង១០ឆ្នាំមកនេះ ។ យ៉ាងណា លោករាជ ជាតារាប្រុសតែម្នាក់គត់ ដែលតារាស្រីល្បីៗទុកចិត្តជាងគេ ក្នុងនោះមានដូចជា មាស សុខសោភា, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុខ សីឡាលីន និងសុគន្ធ និសា ជាដើម លោកអាចបង្ហាញភាពស្និទ្ធស្នាលដោយសេរី បើទោះជាកន្លងមក ធ្លាប់មានព័ត៌មានថា លោករាជ បានបន្លំកេងចំណេញលើស្រីស្អាត ហេង ចន្ថា ដោយចាប់ថើបក្រៅឆាក និងយកដៃស្ទាបគូទនាងសុភ័ក្រ្ដ កុសុម៉ា ពេលរាំបទស្លូវជា មួយគ្នាក្ដី តែតារាស្រីភាគច្រើន មិនខ្លាចលោកខ្សែលើនោះទេ ។ ថ្មីៗនេះ គេឃើញលោករាជ បានចាប់ដៃជា មួយសុគន្ធ និសា ច្រៀងសម្ដែងនៅក្លឹប និង Pub មួយចំនួនឡើងវិញ ដោយមាន Fan គាំទ្រច្រើន បើទោះជាពួកគេលែងច្រៀងរួមផលិតកម្មក្ដី តែពួកគេនៅតែជាដៃគូដ៏ស៊ីចង្វាក់ និងស្និទ្ធគ្នាដូចដើម ។

តារារួមអាជីព បានខ្សឹបខ្សៀវគ្នាថា លោក ឆន សុវណ្ណរាជ បើនៅតែពន្យារពេលយកប្រពន្ធទៀតនោះ ពាក្យចចាមអារ៉ាមថា លោកត្រូវប្រុសៗតាមស្នេហ៍ច្រើនជាងស្រីនោះ មិនអាចបន្សាបបានទាំងស្រុងឡើយ ៕
