ខេត្តកំពង់ធំ ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម បានកើតមានជម្លោះ និងឈានដល់អំពើហិង្សា វាយតប់គ្នាប្រសាច ត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនទាំងសងខាង សរុបចំនួន១៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រើប្រាស់អំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចកំណាត់ផ្លូវសន្តិភាព ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។
ក្មេងទំនើងទាំង២ក្រុម ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន មានចំនួន១៣នាក់ ក្នុងនោះ ក្រុមទី១ មានគ្នា៧នាក់ ចំណែកក្រុមទី២ មានគ្នាចំនួន៦នាក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចុះធ្វើការបង្ក្រាបករណីអំពើហិង្សា បង្កដោយក្រុមក្មេងទំនើង ២ក្រុម ដេញវាយតប់គ្នាយ៉ាងអនាធិតេយ្យ នៅចំណុចកំណាត់ផ្លូវសន្តិភាព ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្មេងទំនើងសរុប ចំនួន១៣នាក់ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ដំបងឫស្សី ១ដើម ខ្សែក្រវាត់ ១ខ្សែ ចម្ពាមកៅស៊ូ១ ដុំថ្មបាយក្រៀម ១ដុំ ម៉ូតូ ៥គ្រឿង (ខូចខាត ១គ្រឿង) និងទូរស័ព្ទ ចំនួន៩គ្រឿង។

ក្មេងទំនើងទាំង១៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕
