ភ្នំពេញ ៖ មាស សុខសោភា បានគាំទ្រនិងលើកទឹកចិត្តដល់ក្មួយស្រីរបស់នាង កញ្ញាមាស សុខដារីនី ដែលជាកូនរបស់បងប្រុសនាង លោកមាស សុខរតនៈ ចេញបទចម្រៀងដំបូងរបស់ខ្លួន «មនុស្សអស់កែ» កាលពីពេលថ្មីៗនេះ ។ គេមិនទាន់អាចវាយតម្លៃលើសមត្ថភាពរបស់កញ្ញា មាស សុខដារីនី ថាអាចដើរតាមគន្លង ឬនឹងល្បីដូច មាស សុខសោភា បានទេ ព្រោះទើបបើកឆាកដំបូងរបស់ខ្លួន ប៉ុន្ដែអ្វីដែលអាចសង្ឃឹមរបស់សុខដារីនី នោះគឺនាងមានឪពុក ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ល្បីឈ្មោះ ពិសេសគឺមីង សោភា ដែលជាតារាល្បីល្បាញស្រាប់ នៅក្រោយខ្នង ហេតុនេះបើអ្នកទាំងពីរគាំទ្រនោះ អាចនឹងល្បីជាមិនខាន បើទោះជាសោភា ពេលនេះ ធ្វើ Fan ខ្លះខកចិត្ត ព្រោះតែនាងវក់វីរឿងស្នេហាជាមួយលោកតាសក់ស ភ្នំត្បែង លែងប្តីចោលក៏ដោយ។លោក មាស សុខរតនៈ ថ្លែងថា លោកអាណិតកូនស្រីដែរ ប៉ុន្ដែលោកចង់ឲ្យកូនស្រី ដើរតាមក្ដីស្រមៃរបស់លោក។តាមប្រភពថា កញ្ញាមាស សុខដារីនី មិនត្រឹមតែអាចច្រៀងបានទេ ប៉ុន្ដែនាងក៏អាចបង្ហាញម៉ូដ សម្ដែង និងរាំរបាំផងដែរ ។

លោកមាស សុខ រតនៈ ជាមួយមាស សុខសោភា និងកូនស្រី
អ្នកជំនាញសិល្បៈ បានលើកឡើងថា ប្រសិនបើមាស សុខសោភា ពិតជាចង់ឲ្យក្មួយស្រីរបស់នាង ឆាប់ល្បីមែន នោះជារឿងងាយស្រួលទេ គ្រាន់តែរូបនាងធ្វើចម្រៀង ចាប់ដៃជាមួយកូនលោកមាស សុខរតនៈ ច្បាស់ជាមហាជននឹងចាប់អារម្មណ៍សុខដារីនី ជាងការច្រៀងបទទោល ។ ប៉ុន្ដែគេថា កាលៈទេសៈនេះ ពិបាកនឹងទៅរួច ព្រោះសុខសោភា ផ្ដោតតែលើការបណ្ដើរប្ដីថ្មី លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ដើរតាមប្រា សាទ ថតវីដេអូ បង្ហាញ។ អំឡុងពេលដែលសោភា កំពុងតែស្អិតល្មូតជាមួយប្តីថ្មី តាសក់សភ្នំត្បែង នាងក៏ចេញបទចម្រៀង «ធ្វើតាមបេះដូង» ដើម្បីជាការឆ្លើយតបទៅនឹងអ្នករិះគន់នាងថា ដូចខ្វះប្រុសណាស់ យកប្ដីតាបស ពិការដៃ ជាដើម តែសោភា ថានាងសូមធ្វើតាមបេះដូងហើយ និងថែមទាំងបានទិញរថយន្ដទំនើប ម៉ាក Mercedes ពណ៌ខ្មៅ ឲ្យប្ដីបើកដៃម្ខាង ជូននាងដើរលេងយ៉ាងឡូយទៀតផង ។



មជ្ឈដ្ឋានមហាជន មើលឃើញថា មាស សុខសោភា អាចនឹងឈានមួយជំហានទៀត ដើម្បីឲ្យទស្សនិកជនមួយចំនួន ឈប់ពេបជ្រាយលើរឿងស្នេហារបស់នាងទៀត នោះគឺនាងនឹងដឹកដៃតាសក់ស ភ្នំត្បែង រៀបការតែម្ដង នាពេលខាងមុខ ដែលពេលនោះ គ្រប់គ្នានឹងនិយាយលែងចេញ ឬគ្មានវាចានឹងថ្លែង ។ ប៉ុន្ដែអំឡុងពេល ដែលនាងផ្ដោតលើព្រះធម៌ ច្រើនជាងច្រៀងរាំនេះ គេឃើញសោភា ហាក់មិនចង់ប្រកួតប្រជែងទីផ្សារចម្រៀងដូចមុនទៀតឡើយ ហើយនាងក៏មិនខ្លាចរឿងស្នេហាដ៏ចម្រូងចម្រាសរបស់នាងនេះ ធ្វើឲ្យប៉ះពាល់ដល់អាជីពចម្រៀងរបស់ខ្លួនដែរ ។ ចំណែកម្ដាយមាស សុខសោភា និងបងប្រុសនាង លោកសុខរតនៈ អត់និយាយអ្វីទាំងអស់ តាំងពីសោភា យកប្ដីថ្មី តាសក់ភ្នំត្បែង ដោយបើកចំហមក ។

មាស សុខសោភា និងស្វាមីថ្មីលោកតាសក់សភ្នំត្បែង
មហាជនរង់ចាំមើលថា មាស សុខសោភា នឹងសណ្ដោងក្មួយស្រី ឲ្យល្បីដូចខ្លួនដែរឬអត់? អំឡុងពេលដែលបច្ចុប្បន្ន នាងកំពុងតែដកឃ្លាមិនរួចជាមួយប្ដីថ្មី លែងខ្វល់ចេញបទថ្មីសម្រាប់ Concerts រដូវក្ដៅ ៕

