Thursday, October 23, 2025
Homeតារាខ្មែរវណ្ណដា-ដេវីត ត្រូវប៉ាន់ចម្រៀងរ៉េប

វណ្ណដា-ដេវីត ត្រូវប៉ាន់ចម្រៀងរ៉េប

ភ្នំពេញ ៖ នៅឆ្នាំ២០២៥ នេះ វិស័យចម្រៀងរ៉េប នៅកម្ពុជា កាន់តែពេញនិយមសម្រាប់ទីផ្សារយុវវ័យ រហូតដល់មានកម្មវិធីប្រឡងចម្រៀងរ៉េប ដល់ទៅ៣ ផ្សេងគ្នា បានធ្វើក្នុងពេលតែមួយ នាពេលបច្ចុប្បន្ន នោះគឺ Rapper Fighter របស់ PNN, Cambo Rapper ដែល Galaxy សហការណ៍ជាមួយ CTN និង The Next Level Rapstar រៀបចំដោយផលិតកម្មបារមី ។ មជ្ឈដ្ឋានមហាជន លើកឡើងថា ចម្រៀងរ៉េប កាន់តែផុសផុលនៅកម្ពុជា បើទោះជាចង្វាក់មួយនេះ មានប្រភពមកពីអឺរ៉ុប ហេតុនេះហើយបានជាមានអ្នកជំនាញសិល្បៈមួយចំនួន បារម្ភពីការធ្លាក់ចុះនៃសិល្បៈវប្បធម៌ខ្មែរ ព្រោះអំឡុងពេលដែលការប្រឡងចម្រៀងរ៉េប ទាំង៣ក្រុមហ៊ុន រៀបចំបុកគ្នានេះ មិនមានស្ថានីយទូរទស្សន៍ ឬផលិតកម្មណារៀបចំប្រឡងចម្រៀងបុរាណ ឬសម័យជាបទខ្មែរ ឡើយ ។ ប៉ុន្ដែសម្រាប់ Fan របស់តារារ៉េប ម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត បែរជារីករីយ ព្រោះពួកគេយល់ថា តារាទាំងពីរ នឹងកាន់តែត្រូវប៉ាន់ធំ នៅពេលដែលចង្វាក់រ៉េប មានការគាំទ្រនិងពេញនិយមកាន់តែខ្លាំង ពីយុវវ័យនៅកម្ពុជា ។

លោក ឯល ប៊ុណ្ណា

លោក ឯល ប៊ុណ្ណា ជាកវីនិងតន្រ្ដីករជំនាន់លោកស៊ីន ស៊ីសាមុត ដែលចេះនិពន្ធបទភ្លេង ទំនុកច្រៀង និងសម្រួលតន្ត្រី ជូនលោកស៊ីន ស៊ីសាមុត ច្រៀងផងនោះ បានប្រាប់ «នគរធំ» តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា តាមពិតស្ថានីយទូរទស្សន៍ និងផលិតកម្មដែលរៀបចំប្រឡងចម្រៀងរ៉េប ទាំងនោះ មិនបានឆ្លងកាត់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទេ គឺគេរៀបចំខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯង។ លោកថា សូមឲ្យខាងទូរទស្សន៍ និងផលិតកម្មទាំងនោះ ពិចារណាឡើងវិញ ព្រោះចង្វាក់រ៉េប មិនមែនជារបស់ខ្មែរទេ  កុំចាំឲ្យរបស់យើងមានស្រាប់ បាត់បង់ ទើបស្ដាយក្រោយ។ លោកថា បើវិស័យនេះកាន់តែរីកនៅកម្ពុជា ថែម ទៀត អាចធ្វើឲ្យសាបអត្តសញ្ញាណជាតិខ្មែរ ដូច្នេះសូមកុំភ្លេចខ្លួន ចោលសិល្បៈជាតិ។

យ៉ាងណា លោក ឯល ប៊ុណ្ណា ដែលជាឪពុករបស់តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងអេនជេលឡា ថាកន្លងមក លោកក៏ធ្លាប់និពន្ធចម្រៀង មានបញ្ចូលខ្លះៗ នូវចង្វាក់រ៉េប ដែរ តែរ៉េប ជាខ្មែរ មិនមែនរ៉េប ទាំងស្រុង ដូចយកពីបរទេសទេ ព្រោះក្នុងគោលនយោបាយរដ្ឋាភិបាល ឲ្យអភិរក្សនិងអភិវឌ្ឍ ហេតុនេះ ទោះជាសម័យកាលណាក៏យើងមិនចោលរបស់ដែលយើងមានស្រាប់ពីបុរាណដែរ ។

តាមប្រភពថា បេក្ខភាពទៅប្រលងចម្រៀងរ៉េប ទាំង៣កម្មវិធី ផ្សេងគ្នា នៅពេលដំណាលគ្នានេះ ព្រោះតែពួកគេចង់ក្លាយជាតារាចម្រៀងរ៉េប ល្បីដូច វណ្ណដា និងជី-ដេវីត ដែរ ហេតុនេះហើយបានជាកន្លងមក ស្ថានីយទូរទ ស្សន៍ ហង្សមាស, បាយ័ន និង PNN ធ្លាប់ធ្វើកម្មវិធីប្រឡងចម្រៀងសម័យខ្មែរ ដែលមានការបញ្ចូលទាំងបុរាណផងដែរ ក្នុងវគ្គនីមួយៗនោះ បែរជាចុងក្រោយនេះ គេងាកទៅមើលការប្រឡងចង្វាក់រ៉េប ច្រើនជាង ទើបពេលនេះ ស្ថានីយខ្លះ ងាកទៅធ្វើការប្រឡងចម្រៀងរ៉េប បែបនេះ ។

លោក ឯល ប៊ុណ្ណា បន្ថែមថា លោកក៏ធ្លាប់ស្ដាប់បទរ៉េប និងស្គាល់ វណ្ណដា និងដេវីត ដែរ ប៉ុន្ដែលោកថា ចង្វាក់ រ៉េប គឺល្បីទៅតាមពេលវេលា ទៅតាមសម័យកាល មិនឋិតថេរទេ ។ អ្នកនិពន្ធជើងចាស់ ល្បីល្បាញរូបនេះ នៅតែសង្កត់ធ្ងន់ថា សូមកុំឲ្យខ្មែរ ភ្លេចអ្វីជារបស់ខ្មែរ និងការពារកុំឲ្យបាត់បង់ ពិសេសគឺសា្ថនីយទូរទស្សន៍ទាំង ឡាយ ដែលរៀបចំការប្រឡងចម្រៀងរ៉េប នោះ គិតពិចារណាឡើងវិញ។          

គួរបញ្ជាក់ថា លោក ឯល ប៊ុណ្ណា អាយុ៧៥ឆ្នាំ មានស្នាដៃនិពន្ធទំនុកច្រៀង បទល្បីៗរបស់លោកស៊ិន ស៊ីសាមុត មានដូចជា «ដំបៅដួងចិត្ត», «បងស្រែកច្រៀងម្ដេចនាងយំ?», «នារីនឹមនួន» និង «ប៉ុន្មានខែទៀតទើបបងរៀបការ?», «កុំនឹកអូនអី» ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ជាដើម ។ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ឯល ប៊ុណ្ណា ជាអ្នកនិពន្ធ និងជាតន្រ្ដីករឯកទេសឧបករណ៍ផ្លុំ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្ដល់សិទ្ធិឲ្យលោកពេញលេញក្នុងការគ្រប់គ្រងបទចម្រៀង ៣០បទ ជាផ្លូវការ។ លោកប៊ុណ្ណា បានឲ្យកូន ២នាក់ចាប់អាជីពចម្រៀង ប៉ុន្ដែទាំងលោកណាំ ប៊ុណ្ណារ័ត្ន និងអ្នកនាងអេនជេលឡា មិនធ្លាប់ចាប់ជំនាញច្រៀងចង្វាក់រ៉េប ឡើយ ៕

RELATED ARTICLES