Friday, October 24, 2025
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ច ថាអត់យកប្ដីមែន

ស្រីស្អាតសឹម ស្រីនិច្ច ថាអត់យកប្ដីមែន

ភ្នំពេញ ៖ ស្រីស្អាត សឹម ស្រីនិច្ច បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថ្មីៗនេះថា រឿងអត់យកស្វាមី គឺជាការពិត មិនមែននាងនិយាយលេងទេ ។ នាងបញ្ជាក់ថា គ្មានគម្រោងយកប្តីឡើយ ។ យ៉ាងណា ស្រីនិច្ច មិនប្រាប់ពីមូលហេតុដែលនាងមានការតាំងចិត្តបែបនេះទេ ខណៈដែលការអះអាងច្បាស់ៗរបស់នាងពេលនេះ ប្រាកដជានឹងធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលដេកស្ដាយ ព្រោះអស់ឱកាសធ្វើជាម្ចាស់បេះដូងនាង ។ ជាមួយគ្នានេះដែរ បុរសដែលស្នេហ៍នាង ក៏ចង់ឲ្យស្រីនិច្ច មានការគិតពិចារណាជាថ្មីឡើងវិញ ដោយប្ដូរចិត្តពីមិនយកប្ដី ទៅជាត្រៀមគ្រងឈុតអាពាហ៍ពិពាហ៍ ធ្វើកូនក្រមុំមែនទែន ព្រោះបើនៅតែរៀបផែនការអត់ចង់បានស្វាមីបែបនេះទៀត តើនាងបានកូនពីណា បន្ដពូជ ?

គួររំលឹកថា សឹម ស្រីនិច្ច កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០៥ បានប្រកាសប្រាប់ទៅម្ចាស់សម្អាងការទាំងឡាយ ដែលចង់ឲ្យនាងជួលសម្អាងការ នៅថ្ងៃរៀបការនោះថា នាងគ្មានបំណងយកស្វាមីឡើយ ។ ប៉ុន្ដែវាចារបស់ស្រីនិច្ច ត្រូវបានអ្នកលេងបណ្ដាញសង្គមខ្លះ សង្ស័យថា នាងគ្រាន់តែនិយាយបែបលេងសើច Drama ដើម្បីឲ្យរួចខ្លួនមួយពេល ពីម្ចាស់សម្អាងការដែលសួរនាំច្រើនពេកប៉ុណ្ណោះ ព្រោះនាងជាស្រីស្អាត ដែលមានប្រុសៗជា ច្រើនតាមញ៉ែ  អីចឹងបើមិនឲ្យយកប្ដី តើឲ្យទៅស្អីទៅ ? ប៉ុន្ដែពេលនេះ អ្វីៗបានបញ្ជាក់ច្បាស់ នឹងធ្វើឲ្យគ្រប់គ្នាកាន់តែភ្លឺភ្នែកជាមិនខាន ព្រោះស្រីនិច្ច ថាអ្វីដែលនាងនិយាយ គឺជាការពិត គឺនាងអត់មានគម្រោងយកប្ដីទេ ។

 ជុំវិញការតាំងចិត្តរបស់សឹម ស្រីនិច្ច ថានាងគ្មានផែនការរៀបការប្ដីដូចគេនេះ ពិធីករលោកសុខ សាន់នី ដែលគេសង្ស័យជាគូស្នេហ៍របស់នាង ព្រោះធ្លាប់ទៅណាមកណាដូចលលកញីឈ្មោលនោះ គិតមកដល់រសៀលថ្ងៃទី២៣ តុលា ឆ្នាំ២០២៥ លោកគ្មានប្រតិកម្មអ្វីទាំងអស់ ពាក់ព័ន្ធស្រីនិច្ច តែលោកតាមដានសកម្មភាពសិល្បៈរបស់នាង ដូចមុនដដែល ដោយចែករំលែក (Share) ភាពយន្ដ «អប្សរាមហាអង្គរ» ដែលហង្សមាស ផ្សព្វផ្សាយជា Trailer ត្រៀមដាក់បញ្ចាំង ។

សឹម ស្រីនិច្ច ធ្លាប់ដំបៅបេះដូងម្ដង ក្រោយប្រេះឆាអតីតសង្សារ ជាអ្នករកស៊ីវិស័យអចលនវត្ថុ កាលពីឆ្នាំ២០២៣ ដែល ២ឆ្នាំមកនេះ បុរសដែលនាងទុកចិត្តជាងគេ គឺមានតែលោកសុខ សាន់នី ម្នាក់ប៉ុណ្ណោះ ប៉ុន្ដែក្រោយមក នាងថា ទំនាក់ទំនងនាងជាមួយប្រុសស្អាតរូបនេះ គ្មានអ្វីលើសពីមិត្តភក្ដិឡើយ  បើទោះជាគ្មានអ្នកជឿ ព្រោះគេគិតថា «ស្នេហ៍មិនឈ្នះស្និទ្ធ» ក្ដី ប៉ុន្ដែឥឡូវស្រីនិច្ច ឈានមួយជំហានទៀត នោះគឺនិយាយជាសាធារណៈថា អត់យកស្វាមីតែម្ដង តែស្រីនិច្ច មិនបានធ្វើដូចអឿន ស្រីមុំ ដែលប្រកាសថា លែងយកប្ដី អស់មួយជីវិតក្រោយជួបតែស្នេហាប្រេះឆា ជាបន្ដបន្ទាប់នោះឡើយ ។          

ទាក់ទងអាជីពសម្ដែង សឹម ស្រីនិច្ច ប្រាប់ថា ក្រោយ ថតចប់រឿង «អប្សរាមហាអង្គរ» ដែលកំពុងត្រៀមដាក់ បញ្ចាំងជាផ្លូវការនោះ នាងក៏បានថតចប់រឿងដុំមួយទៀត ត្រៀមបញ្ចាំងនៅតាមរោងភាពយន្ដដែរ ។ នាងថា អត់ទាន់ទទួលថតរឿងថ្មីផ្សេងទៀតទេ ព្រោះរឿងខ្លះ អត់ត្រូវចិត្ត ហើយនាងចង់ថតរឿងថ្មីៗដែលមើលទៅទស្សនិកជនបានប្លែកអារម្មណ៍ ពីរឿងដែលនាងធ្លាប់លេងមុនៗ ទើបនាងថត៕

RELATED ARTICLES