ភ្នំពេញ ៖ តារាកូន ១នៅ សុនិតា បានបង្ហាញរូបថតឈុតប្រពៃណីកូនក្រមុំ ជាបន្ដបន្ទាប់ នារយៈពេលចុង ក្រោយនេះ ដោយថែមទាំងត្រូវបានគេសរសើរថា សមសួនក្នុងឈុតបុរាណ ហើយរក្សាសម្រស់បានក្មេងជាងវ័យទៀតផង នាំឲ្យអតីតពិធីការិនីប៉ុស្ដិ៍លេខ៥ និងបាយ័ន រូបនេះ ញញឹមបិទមាត់មិនជិតទេ ។ ជាមួយគ្នានេះដែរ សុនិតា បង្ហើបសញ្ញាចង់ធ្វើជាកូនក្រមុំមែនទែនផងដែរ ដោយប្រកាសស្វែងរកកូនកំលោះ និងថា ឈុតដែលខ្លួនគ្រងនេះ នារីគ្រប់រូបប្រាថ្នាចង់បាន ។

នេះជាការលេងបិទពួនដាក់ស្វាមី របស់នៅ សុនិតា ព្រោះអ្នកណាៗក៏ដឹងថា តាមពិតកូនកំលោះ មិនចាំបាច់ ពិបាកស្វែងរកទេ ព្រោះប្ដីនៅជិតក្លៀក ។ ប៉ុន្ដែចំណងស្នេហាជាង ៧ឆ្នាំ រវាង នៅ សុនិតា និងលោកទិត ថាវរិទ្ធ គ្មានដំណឹងជាក់លាក់ថា អ្នកទាំងពីរនឹងចូលរោងការជាចំហនៅពេលណាឡើយ បន្ទាប់ពីមានដំណឹងថា អ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា តាំងពីឆ្នាំ២០១៨ ។ អ្នកសិល្បៈខ្លះបានសរសើថា សុនិតា មានសំណាងបានស្វាមីពោះម៉ាយ ទ្រព្យស្ដុក លោកទិត ថាវរិទ្ធ ដែលពេលនេះ លោកមានតួនាទីជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទើបសុនិតា ឡើងកូដក្លាយជាជំទាវ និងទៅណាមកណា មានតារាចាស់ក្មេងគោរព ។ ប៉ុន្ដែអ្នកខ្លះបែរជាពេបជ្រាយថា សុនិតា អាយុ៣៥ឆ្នាំ យកស្វាមីអាយុបង ដល់ទៅ២២ឆ្នាំ ព្រោះលោកថាវរិទ្ធ ឆ្នាំនេះអាយុ៥៧ឆ្នាំទៅហើយ ហេតុនេះបើនៅតែពន្យារពេលរៀបការតទៅទៀត អាចនឹងយឺតពេលជាមិនខាន ។

គួរបញ្ជាក់ថា នៅ សុនិតា ទោះជាត្រូវគេហៅ «ជំទាវ» ប៉ុន្ដែពេលនេះ លោកស្រីនៅបន្ដអាជីព Online ជាធម្មតា តែបានផ្ដាច់អាជីពសម្ដែង និងពិធីការិនី សឹងតែទាំងស្រុង បើទោះជាលោកថាវរិទ្ធ មិនហួងហែងក្ដី ។ តារាកូន១ សម្រស់នៅមិនធ្លាក់ចុះរូបនេះ កាលពីចុងខែមិថុនា ឆ្នាំ២០២៥ ក្នុងថ្ងៃខួបកំណើត គម្រប់៣៥ឆ្នាំ ត្រូវបាន Fan និងអ្នករួមអាជីព ជូនពរឲ្យបានកូនភ្លោះ ប៉ុន្ដែពេលនេះ មិនទាន់ឃើញសុនិតា ពពោះកូនទី២ និងទី៣ ឡើយ បើទោះជាពេលនេះកូនប្រុសច្បង មានអាយុជាង៦ឆ្នាំ ទៅហើយក៏ដោយ ។

ប្រភពពីតារាជិតដិតសុនិតា បង្ហើបថា សុនិតា ពិតជាចង់រៀបការមែន ដើម្បីរក្សាចំណងស្នេហាឲ្យមានសុវត្ថិភាព ព្រោះថាកាលពីឆ្នាំ២០២២ ចំណងស្នេហាជាមួយលោកថាវរិទ្ធ បានឈានដល់ដំណាក់កាលរង្គោះរង្គើម្ដងរួចទៅហើយ ព្រោះតែមានស្រីក្មេងស្អាតៗ ចង់នៅក្បែរប្ដីលោកស្រី រហូតកាលនោះ សុនិតា ធ្លាប់ចុះចេញពីផ្ទះវីឡាធំស្កឹមស្កៃ ទៅរស់នៅផ្ទះល្វែង យ៉ាងសាមញ្ញ នៅស្ពានគីឡូលេខ៩ ផ្លូវជាតិលេខ៦ ទៀតផង។ ប៉ុន្តែនៅខែឧសភា ឆ្នាំ២០២៣ សុនិតា និងស្វាមី បានវិលមកត្រូវរ៉ូវគ្នាវិញ និងជាង២ឆ្នាំនេះ គេមិនដែលឮថា ទាស់គ្នាទៀតទេ តែជាញឹកញាប់ លោកស្រីទៅធ្វើជាដូនជី តាំងសមាធិ ឲ្យអារម្មណ៍បានស្ងប់ ។

ប្រភពថា ទោះជា នៅ សុនិតា រង់ចាំចម្លើយមង្គលការ ពីស្វាមី ដូចផ្កាប់បំពង់រង់ចាំទឹកភ្លៀងក្ដី ប៉ុន្ដែក៏សប្បាយចិត្ត នៅពេលដែលស្វាមីបណ្ដើរទៅកម្មវិធីធំៗ និងគេហៅថា ជំទាវ ។ ចំណែកនៅសមាគមសិល្បករខ្មែរ សុនិតា ត្រូវបានតារាៗ គោរព ព្រោះលោកស្រី កាន់តួនាទីធំដល់ទៅ២ ព្រមគ្នា គឺជាអនុប្រធានសមាគមសិល្បករខ្មែរ និងប្រធានផ្នែកពិធីការរបស់សមាគមសិល្បករខ្មែរ អាណត្តិទី៦។ មហាជនថា សុនិតា ពេលនេះដល់ត្រើយសុខសាន្ដត្រាណ រស់នៅផ្ទះវីឡាធំស្កឹមស្កៃ និងជិះរថយន្ដថ្លៃៗ ប៉ុន្ដែរឿងដែលនាងមិនទាន់បានសម្រេចដូចក្ដីស្រមៃនោះ គឺការរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីខ្មែរ ដើម្បីបញ្ចប់ការរិះគន់រឿងយកកូនមុនរៀបការ ៕

