Saturday, October 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនជនជាតិឥណ្ឌូនេស៊ី ៣នាក់ ក្រុមឆបោកមានការចាត់តាំង

ឃុំខ្លួនជនជាតិឥណ្ឌូនេស៊ី ៣នាក់ ក្រុមឆបោកមានការចាត់តាំង

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ធន់ ដារិទ្ធ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានចេញដីកា ចំនួន៣ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលើបុរសជនជាតិឥណ្ឌូនេស៊ី ចំនួន៣នាក់ នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដើម្បីបន្តនីតិវិធីរបស់តុលាការ ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច។

ជនត្រូវចោទទាំង៣នាក់ ដែលត្រូវបានឃុំខ្លួន រួមមាន ទី១-ឈ្មោះ KRISTOFORUS MUDA SOGE ទី២-ឈ្មោះ HERLAM និងទី៣-ឈ្មោះ YOSSA FATHUR RIZIQ។ ជនត្រូវចោទទាំង៣ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) បទល្មើសព្រហ្មទណ្ឌ ដែលបានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។

សូមរម្លឹកថា ជនត្រូវចោទទាំង០៣នាខាងលើក់នេះ ស្ថិតក្នុងចំណោមជនបរទេស ចំនួន១៧នាក់ (ជនជាតិវៀតណាម ១៤នាក់ ស្ត្រី៣នាក់) ដែលសមត្ថកិច្ចបានឃាត់ខ្លួន ពេលចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅទីតាំងសណ្ឋាគារ OCEAN HOTEL ផ្លូវលេខ០៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានដកហូតសម្ភារៈវត្ថុតាង រួមមានកុំព្យូទ័រ (ALL in One) ចំនួន១៣១គ្រឿង ម៉ូនីទ័រ ចំនួន ១គ្រឿង ទូរស័ព្ទ ចំនួន២១៥គ្រឿង laptop ចំនួន១គ្រឿង។ សូមបញ្ជាក់ថា ទីតាំងខាងលើ ត្រូវបានក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជាការវិនិយោគ និងឆបោកស្នេហា មានគោលដៅទៅប្រទេសផ្សេងៗ។

ចំពោះករណីខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្ចជំនាញ បានសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដោយផ្អែកលើវត្ថុតាងដែលរឹបអូសបាន ពីទីតាំងប្រព្រឹត្តបទល្មើស ក្នុងគោលបំណងឈានទៅកំណត់មុខសញ្ញា និងវែកមុខបណ្តាញអង្គការចាត់តាំងនៅពីក្រោយសកម្មភាពល្មើសច្បាប់ទាំងនេះ ដើម្បីយកមេខ្លោងពាក់ព័ន្ធ មកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងដាច់ខាត។

ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោង និងបក្ខពួក សរុបចំនួន៨០នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES