ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង មកពីឆ្ងាយ អស់កម្លាំង ងងុយដេក លុះដល់ចំណុចភ្លើងស្តុប ក៏ឈប់រថយន្ត ចាំភ្លើងស្តុប រួចដេកលក់ក្នុងរថយន្ត ជិត១ម៉ោង បង្កការកកស្ទះចរាចរណ៍ លុះសមត្ថកិច្ចចុះអន្តរាគមន៍ គោះកញ្ចក់ដាស់ យ៉ាងយូរ ទើបភ្ញាក់ ហើយសមត្ថកិច្ចណែនាំបើករថយន្តអែបនៅខាង និងសម្រាកសិន តែអ្នកបើកបរថាមិនអីទេ រួចក៏បន្តដំណើរទៅមុខ បានប្រមាណ ២០០ម៉ែត្រ ក៏ទៅបុកដើមគគីរ យ៉ាងពេញទំហឹង បណ្តាលឱ្យខ្ទេចមុខរថយន្ត ១ចំហៀង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។



ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចភ្លើងស្តុបអនុវិទ្យាល័យចតុមុខ តាមផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ ស្ថិតនៅភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោកអធិការរងខណ្ឌដូនពេញ បានឲ្យដឹងថា មុនកើតហេតុ កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍បានដើរល្បាតតាមដងផ្លូវ បានឃើញរថយន្ត ១គ្រឿង ម៉ាក FORD RANGER ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំ ពេញ 2BT-5807 ឈប់ភ្លើងស្តុប តែមិនបើកទៅមុខ នៅពេលមានភ្លើងខៀវ ទើបសន្តិសុខឯកជន បានប្រាប់ថា អ្នកបើកបររថយន្ត ដេកលក់ ជិត១ម៉ោង មកហើយ ហៅយ៉ាងម៉េចក៏មិនភ្ញាក់ដែរ ភ្លាមនោះលោកអធិការរង ខំ គោះកញ្ចក់ និងទះទ្វាររថយន្តខ្លាំង ទើបបុរសជាអ្នកបើកបររថយន្ត ភ្ញាក់ពីដេក និងចុចកញ្ចក់ប្រាប់ថា ខ្លួនងងុយដេក ព្រោះទើបបើករថយន្តមកពីខេត្តឆ្ងាយ។

បន្ទាប់មក សមត្ថកិច្ចបានរំណែនាំថា បើងងុយដេក គួរឈប់រថយន្តកន្លែងណាមានសុត្ថិភាព និងសម្រាកសិន ឬក៏ទៅដេកសណ្ឋាគារណាមួយសិន បើបន្តដំណើរទាំងងងុយដេក អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ទៀត តែបុរសជាអ្នកបើកបរ បានអះអាងថា មិនអីទេ ខ្លួនអាចបើករថយន្តបាន រួចក៏បន្តដំណើរទៅមុខទៀត តាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើង ទៅត្បូង។ ប៉ុន្តែលុះគ្រាន់តែបើករថយន្តចេញមិនបាន ២០០ម៉ែត្រផង ស្រាប់តែរថយន្តជ្រុលទៅបុកដើមគគីរ ១ដើម យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងមុខ ចំ ហៀងខាងស្តាំ ស្ទើរទាំងស្រុង តែសំណាងល្អ រថយន្តផ្ទុះពោងសុវត្ថិភាព ការពារអ្នកបើកបរ និងអ្នករួម ដំណើរ មិនមានរងរបួស គ្រាន់តែខូចខាតរថយន្ត និងដើមគគីរប៉ុណ្ណោះ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន សមត្ថកិច្ចណែនាំហើយថាបើងងុយដេក បើករថយន្តអែប ឈប់ខាងសិន តែមិនស្តាប់ រហូតបង្កគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកស្ទួចរថយន្តបង្កហេតុ រួមទាំងអ្នកបើកបររថយន្ត ទៅការិយាល័យ បន្តការសាកសួរ៕