ខេត្តកណ្តាល៖ បុរសកម្មករសំណង់ម្នាក់ ក្រោយពីផឹកស្រាថ្នាំ អស់កន្លះលីត្រ ជិះម៉ូតូត្រឡប់ទៅផ្ទះ តែម្នាក់ឯង ស្រាប់តែជ្រុលទៅបុកខឿនរង្វង់មូល បណ្តាលឱ្យម៉ូតូរងការខូចខាតស្ទើរខ្ទេច ចំណែកមនុស្ស ផ្លោងទៅមុខ ៥-៦ម៉ែត្រ តែសំណាងល្អ គ្មានរងរបួសអ្វីធ្ងន់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលចុងស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ (ផ្នែកខាងកើត) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
បុរសរងគ្រោះ មានឈ្មោះខេន ខាវ ហៅអាពក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិត្រពាំងធ្លក ឃុំជៀច ស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានផឹកស្រាថ្នាំ អស់កន្លះលីត្រ រួចជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-5793 តែម្នាក់ឯង ចេញពីផ្ទះ ក្នុងគោលបំណងទៅតំបន់សេដ្ឋកិច្ចពិសេសកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លុះពេលជិះម៉ូតូមកដល់រង្វង់មូលតាខ្មៅ ខណៈមេឃកំពុងរលឹមស្រិចៗ ខ្លួនបន្តដំណើរមកដល់ក្រោមស្ពានអាកាសសម្តេចធិបតី រួចបត់ឆ្វេងឡើងមកមហាវិថីសម្តេច ហ៊ុន សែន មកដល់ត្រង់ចំណុចស្តុបផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោ ខ្លួនបត់ឆ្វេង ជិះតាមផ្លូវក្រវាត់ក្រុងទី៣ ឡើងមកដល់រង្វង់មូល ហើយបន្តជិះឡើងលើស្ពានអាកាស ផ្លូវក្រវាត់ក្រុងទី៣ ទួលក្រសាំង។ លុះពេលម៉ូតូដាំក្បាលចុះលឿនពេក ហ្វ្រាំងមិនស៊ី មិនស្គាល់ភូមិសាស្ត្រ ក៏ជ្រុលទៅបុកខឿនរង្វង់មូល ពេញទំហឹងតែម្តង ធ្វើឱ្យផ្លោងទាំងម៉ូតូ និងមនុស្ស ប្រមាណ៥ទៅ ៦ម៉ែត្រ ខ្ទេចម៉ូតូ តែសំណាងល្អ ខ្លួនមិនមានរងរបួសអ្វីឡើយ គ្រាន់តែស្វាងចែសតែម្តង រួចអង្គុយភ័យខ្លួនតាមក្រោយ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បានបណ្តាលឱ្យម៉ូតូជនរងគ្រោះ រងការខូចខាតធ្ងន់ បាក់បែកដុំ បាក់កាំបន្ទះកង់មុខទាំងស្រុង និងបែកកាទែរប្រេងម៉ាស៊ីន តែសំណាងធំណាស់ ព្រោះមនុស្ស មិនមានរបួសអ្វីឡើយ។

ក្រោយមក សមត្ថកិច្ចបានជួយទំនាក់ទំនងតាមលេខទូរស័ព្ទ ឱ្យក្រុមគ្រួសារបុរសខាងលើ មកទទួលជនរងគ្រោះ និងដឹកម៉ូតូយកទៅជួសជុល៕