ភ្នំពេញ ៖ សាពួន មីដាដា លេចមុខច្រៀងក្នុងកម្មវិធីមង្គលការមួយ កាលពីពេលថ្មីៗនេះ ដែលមិនមែនជាការច្រៀងជាតារាកិត្តិយសទេ ប៉ុន្ដែជាតារាចម្រៀងដែលម្ចាស់កម្មវិធីជួលទៅច្រៀង ដូចតារាមួយចំនួនទៀត នៅក្នុងពិធីនោះដែរ មានដូចជា លោក រិន សាវ៉េត, ឈឿន ឧត្តម និងលោក រ័ត្ន មករា ជាដើម ។ នេះជាការបើកទំព័រថ្មីរបស់អតីតតារាហង្សមាស លោកមីដាដា ក្រោយខកខានច្រៀងកម្មវិធីប្រភេទនេះ អស់រយៈពេល ១២ឆ្នាំមកហើយ តែពេលនេះលោកចាប់ផ្ដើមចេញស្ដារមុខមាត់ឡើងវិញ។

សាពួន មីដាដា ថ្លែងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ថា «ចូលរួមច្រៀងកម្មវិធីដំបូង ក្រោយពីការរយាលខកខានអស់រយៈពេល ១២ឆ្នាំ អាជីពសិល្បៈសម្ដែង តែងនិពន្ធ ចម្រៀងតន្រ្ដី មានតម្លៃស្មើជីវិត» ។

Fan របស់សាពួន មីដាដា បានលើកទឹកចិត្តលោក ឲ្យវិលមកប្រឡូកសិល្បៈពេញទំហឹងវិញ ដោយមានអ្នកខ្លះថា នៅតែគាំទ្រលោកដូចមុនទៀត តែលោកមីដាដា មិនទាន់ប្រកាសថាខ្លួនទទួលច្រៀងគ្រប់កម្មវិធីដូចមុនវិញទេ ខណៈដែលអ្នកនិយមស្ដាប់បទចម្រៀងលោក លើកឡើងថា សំឡេងមីដាដា នៅតែពីរោះ មិនប្រែប្រួលខ្លាំងនោះទេ បើទោះជាខកខានច្រៀង ជាង១០ឆ្នាំក្ដី ។

គួររំលឹកថា អតីតតារាចម្រៀងហង្សមាស លោកសាពួន មីដាដា មានបទចម្រៀងល្បីល្បាញជាច្រើនបទ នៅហង្សមាស អំឡុងមុនឆ្នាំ២០០៩ ដែលពេលនោះ នៅក្លឹបកម្សាន្ដ U2 គេឃើញលោកខេមរៈ សិរីមន្ដ តែងតែយកបទចម្រៀងលោក ទៅច្រៀង។ ប៉ុន្ដែដោយសារតែមីដាដា រវល់តែលើរឿងនយោបាយ វាយប្រហារបក្សប្រឆាំង យ៉ាងសកម្ម ទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់លោក ធ្លាក់ចុះ ហៅលែងឮ ។ អ្វីដែលគួរឲ្យសោកស្ដាយ ចំណងស្នេហា សាពួន មីដាដា ជាមួយអ្នកនាងសឿ សុធារ៉ា បានដើរដល់ផ្លូវបំបែក កាលពីឆ្នាំ២០២១ ក្រោយចាប់ដៃគ្នាបាន១២ឆ្នាំ បន្សល់ចំណងដៃកូនពីរនាក់ (ស្រី១)។ មីដាដា មិនទាន់បង្ហាញប្រពន្ធថ្មីទេ ក្រោយប្រើជីវិតពោះម៉ាយ ជាង៤ឆ្នាំនេះ ស្របពេលដែលទំនាក់ទំនងលោក ជាមួយអតីតភរិយា ប្រែមកជារាប់អានគ្នាធម្មតាវិញ ។ មីដាដា បានបណ្ដុះកូនស្រីច្បង ឈ្មោះសាពួន ដារ៉ាពិមាន អាយុ១៤ឆ្នាំ ឲ្យលេងសិល្បៈដែរ តាមរយៈការបង្រៀនលេង ហ្គីតារ ឲ្យនាងចេះជំនាញនេះដូចលោកដែរ បើទោះជាមុនដំបូង លោកប្រឆាំង មិនចង់ឲ្យកូនស្រីដើរតាមគន្លងរបស់ខ្លួនក្ដី ។ តារាសិល្បៈរួមអាជីព លើកឡើងថា ទេពកោសល្យសិល្បៈរបស់សាពួន មីដាដា អាចស្រោចស្រង់មកវិញបានខ្លះជាមិនខាន ប្រសិនបើលោករយាលៗពីនយោបាយ ហើយចេញច្រៀងតាមកម្មវិធីទាំង ឡាយ ដូចលោក រិន សាវ៉េត។ ប៉ុន្តែគេជឿថា រឿងនេះ មីដាដា អាចនឹងពិបាកធ្វើទៅបាន ព្រោះតែការសន្សំ លុយល្អិត មិនមែនងាយស្រួយដូចលោកធ្លាប់បានលុយពេញៗវ៉ាលិសធ្លាក់ពីលើមេឃ ដូចមុននោះឡើយ។

ក្រៅពីសាពួន មីដាដា តារាដែលដកខ្លួនពីច្រៀងរាំច្រើនឆ្នាំ ប៉ុន្ដែវិលរកអាជីពចាស់វិញមានដូចជា អ្នកនាង អម្ពរ ទេវី, នារីរ័ត្ន គន្ធា, ឡាយ លក្ខិណា និងលោកយស បូវណ្ណៈ ជាដើម ។ សម្រាប់មីដាដា ទោះជាលោកសកម្មក្នុងជីវភាពនយោបាយយ៉ាងណាក៏ដោយ ប៉ុន្ដែពេលនេះ គេនៅមិនទាន់ឃើញលោកឡើងតំណែងធំ ដូចតារាមួយចំនួនទៀតដែលពូកែអែបអបអ្នកធំៗ ដូចលោកដែរនោះទេ៕

