Thursday, October 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីថៃ លោតពីលើអគារជាន់ទី៣

ស្រីថៃ លោតពីលើអគារជាន់ទី៣

ខេត្តបន្ទាយមានជ័យ ៖ នារីជនជាតិថៃ ម្នាក់ បានលោតពីលើអគារជាន់ទី៣ បណ្តាលឱ្យរងរបួសធ្ងន់ សល់តែដង្ហើមចង្រិត លុះក្រុមសង្គ្រោះចុះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ក៏បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ។

ករណីលោតសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចអគារ អ៊ែតវូត អាហរ័ណ នីហរ័ណ សាខាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងក្រុងប៉ោយប៉ែត។

នារីដែលលោតសម្លាប់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិថៃ មានអាយុប្រមាណជាង ២០ឆ្នាំ។

តាមប្រភពព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសូរសំឡេងអ្វីម៉្យាង ធ្លាក់ពីទីខ្ពស់ និងមានសំឡេងដូចបាវខ្សាច់ ទើបនាំគ្នាចេញមកមើល ស្រាប់តែប្រទះឃើញនារីម្នាក់ ស្លៀកពាក់អាវ Hoodie ពណ៌បៃតង និងខោខូវបយជើងវែង បានធ្លាក់មកពីលើអគារជាន់ទីបី ដែលមានស្លាកយីហោ អ៊ែតវូត អាហរ័ណ នីហរ័ណ សាខាខេត្តបន្ទាយមានជ័យ ដោយនារីរូបនោះ បានធ្លាក់ដល់ដី ក្នុងសភាពដង្ហើមចង្រិត។

ប្រភពដដែល បន្តថា ករណីនេះ សង្ស័យនារីរូបនោះ ធ្វើអត្តឃាត លោតពីលើអគារ ដោយសារមុនកើតហេតុ គេបានឃើញនារីខាងលើ ដើរទៅ ដើរមក ក្បែរអគារកើតហេតុ តាំងពីពេលយប់ម៉្លេះ ដោយសភាពពេលនោះ ហាក់បីដូចជាគ្មានវិញ្ញាណក្នុងខ្លួននោះទេ។

ក្រោយកើតហេតុ មានរថយន្ត Pick up ១គ្រឿង ជាប្រភេទរថយន្តសម្រាប់សង្គ្រោះបន្ទាន់ បានមកទទួលយកនារីរងគ្រោះដែលបានធ្លាក់ពីលើអគារនោះ ទៅសង្គ្រោះបន្ទាន់ តែជាអកុសលស្ត្រីរូបនោះបានបាត់បង់ជីវិត មុនបញ្ជូនទៅដល់មន្ទីរពេទ្យ។

សពនារីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុនៃការស្លាប់ និងស្រាវជ្រាវកំណត់អត្តសញ្ញាណ ដើម្បីរកក្រុមគ្រួសារ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES