ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់ បានកើតមានអាការមិនស្រួលខ្លួន ចេះតែអស់កម្លាំង និងមិនពិសា បាយ ប៉ុន្មានថ្ងៃមកហើយ ទើបកូនៗបានរួមគ្នាជួលរថយន្ត ១គ្រឿង ដឹកឪពុកទៅកាន់មន្ទីរពេទ្យ ឯរាជធានីភ្នំ ពេញ ដើម្បីពិនិត្យព្យាបាល ស្រាប់តែអកុសល ពេលធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ រថយន្តដែលជិះគ្នាទាំងអស់៥នាក់ បានជួបគ្រោះថ្នាក់ ធ្លាក់ចូលទឹកទន្លេ បណ្តាលឱ្យស្លាប់ម្នាក់ និងបាត់ខ្លួន ២នាក់ សង្ស័យស្លាប់ (រួមទាំងអ្នកជំងឺ) ចំណែក២នាក់ទៀត បានរួចរស់ជីវិត។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១១នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចទឹកទន្លេមេគង្គ ត្រង់ចំណុចកែងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ។

លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ប្រភេទទួរីស ជិះជាលក្ខណៈគ្រួសារ ដោយក្នុងនោះ មានគ្នាចំនួន៥នាក់ ធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ គោលបំណងដឹកឪពុកដែលមានជំងឺ ទៅព្យាបាលនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ លុះពេលបើកមកដល់ចំណុចកើតហេតុ រថយន្ត ១គ្រឿងនោះ បានធ្លាក់ចូលទឹកទន្លេមេគង្គ នៅចំណុចផ្លូវកែង ភូមិជ័យ ឃុំមាន ជ័យ ស្រុកស្រីសន្ធរ ធ្វើឱ្យមនុស្សទាំង៥នាក់ ត្រូវបានឈ្លក់ទឹក ដោយអ្នកខ្លះស្រវេស្រវាប្រឹងហែលឡើងគោក ទាន់ពេល និងខ្លះទៀត ត្រូវបានពលរដ្ឋនាំគ្នាជួយសង្គ្រោះ។

លោកអធិការ បន្តថា ក្រោយពីមានហេតុការណ៍នេះកើតឡើង ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានរាយការណ៍ជូនរូបលោក ហើយភ្លាមនោះ លោកបានចេញដំណើរមកកាន់កន្លែងកើតហេតុ រួមជាមួយលោកបិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់ក្នុងរថយន្តដែលកំពុងលិចចូលក្នុងទឹកទន្លេ។
សូមបញ្ជាក់ថា មនុស្ស៥នាក់ ដែលជិះក្នុងរថយន្តខាងលើ រួមមាន ទី១-ឈ្មោះទ្បេង ពៅ អាយុ៥២ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ ជាអ្នកបើកបររថយន្ត (បានរួចផុតពីគ្រោះថ្នាក់)។ ទី២-ឈ្មោះយ៉េវ ម៉ាប់ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ត្រូវជាឪពុក (បានបាត់ខ្លួន)។ ទី៣-ឈ្មោះម៉ាប់ សុខមី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវជាកូន (បានបាត់ខ្លួន)។ ទី៤-ឈ្មោះម៉ាប់ គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវជាកូន (បានស្លាប់ ពេលយកបានមកលើគោក) និងទី៥-ឈ្មោះម៉ាប់ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវជាកូន (បានរួចផុតពីគ្រោះថ្នាក់)។

ករណីនេះ លោកអភិបាលស្រុក បានរកអ្នកជំនាញមុជទឹក មករុករករថយន្ត និងមនុស្ស២នាក់ដែលបាត់ខ្លួន តែគិតរហូតមកដល់វេលាម៉ោង ២រសៀល ថ្ងៃដដែល រកមិនទាន់ឃើញនៅឡើយ ។

តាមប្រភពព័ត៌មានចុងក្រោយ នៅវេលាម៉ោងជាង ៣រសៀល ថ្ងៃដដែល រថយន្តត្រូវបានរកឃើញនៅក្នុងទឹកទន្លេ ចម្ងាយពីច្រាំង ប្រមាណ៣០ម៉ែត្រ និងត្រូវបានអូសយកមក ដើម្បីស្ទូចឡើងលើគោក៕

