Friday, October 31, 2025
Homeសេដ្ឋកិច្ចជាតិ ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សង់បាន៥១ភាគរយ

 ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សង់បាន៥១ភាគរយ

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចវឌ្ឍនភាពបាន ៥១ភាគរយ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥។

ក្រសួងសាធារណការ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដឹកនាំដោយលោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥ នេះ សម្រេចបាន៥១ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា បច្ចុប្បន្នសម្រេចបាន ៖ ១-ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២ភាគរយ ក្នុងនោះ សសរ គ្រឹះចំនួន១៥៦ដើម សម្រេចបាន ១៤៨ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ១០០ ភាគ រយ។ ២- រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨,៩១ភាគរយ រួមមានតួសសរស្ពាន១២ សម្រេចបាន១០០ ភាគរយ សសរស្ពាន៥២ សម្រេចបាន៤០ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន២៣ធ្នឹម។ ៣-រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ ២៣ភាគរយ។ ៤-ការងារ ផ្លូវតភ្ជាប់ សម្រេចបាន ១,៧ភាគ រយ និង៥-ការងារផ្លូវបង្វែរទិសចរាចរណ៍ សម្រេចបាន៤ភាគរយ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ២០ខែហើយ ស្មើនឹង ៤៧,៦២ភាគរយ នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧។

ក្រុមការងារវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោ ភណភាព។

ជាមួយគ្នានោះ អង្គភាពគ្រប់គ្រងគម្រោង បានជំរុញឱ្យក្រុមហ៊ុនត្រៀមការងារសាងសង់ផ្លូវតភ្ជាប់ និងការងារសំខាន់ៗមួយចំនួនទៀត ក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ៕

RELATED ARTICLES