Tuesday, November 11, 2025
Homeតារាខ្មែរមាស សុខសោភា ពពោះកូនតាសក់សភ្នំត្បែង?

មាស សុខសោភា ពពោះកូនតាសក់សភ្នំត្បែង?

ភ្នំពេញ ៖ មាស សុខសោភា បានវិលមកកាន់ក្បាលមីក្រូ សាជាថ្មី កាលពីរាត្រីថ្ងៃទី៨  ខែវិច្ឆិកា ឆ្នាំ២០២៥ នៅThe Wood Pub ក្រោយបាត់មុខជិត ៣ខែ បន្ទាប់ពីលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ប្រកាសថា លោកក្លាយជាប្ដីថ្មីរបស់នាង កាលពីចុងខែកក្កដា ។ គេសង្កេតឃើញថា តាមរយៈការចេញមុខមកលើកនេះ មាស សុខសោភា មានសម្រស់ប្រែប្រួលខ្លាំង គឺឡើងគីឡូ និងបែកសាច់ជាងមុន រហូតមានអ្នកខ្លះសង្ស័យថា នាងកំពុងពពោះកូនតាសក់សភ្នំត្បែង ទៀតផង ។

អ្វីដែលគួរឲ្យកត់សម្គាល់ អ្នកលេងបណ្ដាញសង្គមខ្លះ នៅតែឌឺដង ផ្លែផ្កាឲ្យនាងដដែល បើទោះជានាងធ្លាប់ស្នើសុំកុំឲ្យគេជេរ ឬរិះគន់នាងទៀត ព្រោះនេះជាជីវិតឯកជនរបស់នាងក៏ដោយ។ ប៉ុន្ដែសុខសោភា មិនបានបង្ហាញប្ដីថ្មី តាសក់សភ្នំត្បែង អមដំណើរខ្លួនដល់ឆាកតន្រ្ដី ឬឲ្យប្ដីថតសកម្មភាពរបស់នាង ពេលច្រៀងរាំ ដូចអតីតប្ដី លោកអ៊ិត រ៉ាដា ធ្លាប់ធ្វើកិច្ចការងារទាំងនោះឲ្យនាងឡើយ ។ ចំណែកអ្នករៀបចំកម្មវិធី បានប្រកាសឲ្យ Fan ចូលរួមលើកទឹកចិត្តដល់ការត្រឡប់មកវិញរបស់សុខសោភា ។

 សូមបញ្ជាក់ថា ជាង៣ខែចុងក្រោយនេះ មាស សុខសោភា  មិនបានបង្ហាញសកម្មភាពសិល្បៈរបស់នាង សឹង តែទាំងស្រុង ដោយសាតែនាងរវល់ដើរតាមប្ដីថ្មី តាសក់សភ្នំត្បែង ទស្សនាប្រាសាទបុរាណនានា ទើបគេហៅនាងថា «លោកយាយសក់ក្រហមភ្នំត្បែង» ទៀតផង។ សុខសោភា បានឆ្លើយតបទៅអ្នកមិនពេញចិត្តនាងយកលោកសង្វារវង្ស ពិការដៃម្ខាង ធ្វើប្ដី តាមរយៈការចេញបទ «ធ្វើតាមបេះដូង» ខណៈដែលអតីតប្ដី លោកអ៊ិត រ៉ាដា បានរក្សាភាពស្ងៀមស្ងាត់ លែងនិយាយអ្វីទាំងអស់ ពាក់ព័ន្ធសោភា ជាង៥ខែ មកនេះ។

 គួរកត់សម្គាល់ថា មាស សុខសោភា លែងសកម្មច្រៀងសម្ដែងតាមឆាកតន្រ្ដីនានា តាំងពីនាងក្លាយជាប្រពន្ធតាសក់សភ្នំត្បែង រហូតមានអ្នកគាំទ្រខ្លះ ព្រមានធ្វើពហិការបទចម្រៀងនាង។ យ៉ាងណា បទចម្រៀងរបស់សុខសោភា ដែលចេញរយៈពេល ១៧ឆ្នាំ នៅផលិតកម្ម M ពេលនេះល្បីនៅលើបណ្ដាញសង្គម ហើយនាងក៏ទើបយកទៅច្រៀងនៅឆាកចុងក្រោយ គឺបទ «១នាទី» នៅតែជាទីពេញនិយមសម្រាប់អ្នកស្ដាប់ទូទៅដដែល រហូតមានអ្នកខ្លះចង់ឲ្យនាងផលិត MV បទនេះសាជាថ្មីផងដែរ។

 មជ្ឈដ្ឋានមហាជនលើកឡើងថា មាស សុខសោភា ពេលនេះគ្មានបទថ្មីៗល្បីទៀតទេ ជាហេតុធ្វើឲ្យនាងពិបាកទប់ទល់ជាមួយតារាស្រីល្បីៗផ្សេងទៀត សម្រាប់ Concerts រដូវក្ដៅ ឆ្នាំ២០២៥-២០២៦ ព្រោះតាសក់សភ្នំត្បែង មិនអាចដើរតួនាទីធ្វើបទចម្រៀង និងដឹកនាំ MV ដូចអតីតប្ដីបានឡើយ ។ ប៉ុន្ដែសុខសោភា អាចនឹងជួលអ្នកជំនាញសិល្បៈ ដើម្បីធ្វើកិច្ចការងារទាំងអស់នោះ រក្សាលំនឹងអាជីពរបស់ខ្លួន ព្រោះតាសក់សភ្នំត្បែង គ្រាន់តែជួយនាងធ្វើជាតៃកុងឡានរបស់នាងប៉ុណ្ណោះ ។

មានការចាប់អារម្មណ៍ថា នៅពេលដែលអាជីពចម្រៀងរបស់មាស សុខសោភា ស្ថិតក្នុងភាពមិនច្បាស់លាស់ នាងបានបញ្ចេញក្មួយស្រី ឈ្មោះមាស សុខដារីនី ដែលជាកូនរបស់លោកមាស សុខរតនៈ ឲ្យចាប់អាជីពចម្រៀងដូចខ្លួនដែរ ប៉ុន្ដែសោភា មិនទាន់អន្ដរាគមន៍នាងឲ្យឆាប់ល្បី តាមរយៈការចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយនាងឡើយ។ ប្រភពបានឲ្យដឹងថាដើម្បីរក្សាចំណងស្នេហាឲ្យរឹងមាំ និងកុំឲ្យមានភាពប្រែប្រួល ស្វាមីរបស់សុខសោភា កំពុងរៀបគម្រោងយកកូនដំបូងជាមួយគ្នា ក្នុងពេលឆាប់ៗនេះ តែគ្មានដំណឹងអ្នកទាំងពីរគ្រោងរៀបការឡើយ ៕

RELATED ARTICLES