ខេត្តកែប ៖ រដ្ឋបាលក្រុងកែប ចេញសេចក្តីបំភ្លឺ ជុំវិញការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅឆ្នេរកែប ខេត្តកែប ពាក់ព័ន្ធករណីស្ត្រីអាជីវករលក់ដូរនៅឆ្នេរកែបម្នាក់ ទារលុយភ្ញៀវ ថ្លៃចតឡាន និងខ្យូស១ ៥០ដុល្លារ នាឱកាសបុណ្យអុំទូក កន្លងទៅ។

ក្រោយហៅសាកសួរ អាជីវកររូបនោះ ព្រមទទួលស្គាល់ថា ពិតជាបានជួលខ្យូស១ ថ្លៃ៥០ដុល្លារមែន និងព្រមធ្វើកិច្ចសន្យា ៤ចំណុច ចំពោះមុខអាជ្ញាធរក្រុង។
ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលក្រុងកែប បានចេញសេចក្តីបំភ្លឺថា បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប បានថតវីដេអូរបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក ដោយបានលើកឡើងថា ខេត្តកែប ចំណតសាធារណៈមុខតូប មិនឱ្យចតទេ លុះត្រាតែជួលតូប ទើបអនុញ្ញាតឱ្យចត តូបមួយ តម្លៃ៥០ ដុល្លារ អ្នកចង់មកលេងកែប មិនបាច់មកទេ កោរមិនដាក់ទឹកទេ។
អាជ្ញាធរក្រុង បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញលោកស្រី ឆោម គឹមធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប មកសាកសួរ ដោយលោកស្រីបានបញ្ជាក់ថា គាត់បាននិយាយប្រាប់ភ្ញៀវ ឱ្យទៅចតនៅចំណត ផ្សេង ចំពោះតម្លៃតូបជួលមួយ ៥០ដុល្លារ គាត់ក៏បានទទួល ស្គាល់ថា បានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះ ពិតប្រាកដមែន ក្នុងតម្លៃចរចា ប៉ុន្តែបើគាត់ទិញម្ហូប ចាប់ពី៤មុខ ឡើងទៅ គឺមិនគិតថ្លៃតូបឡើយ។

ចំពោះករណីនេះ លោកស្រី ឆោម គឹមធើយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរទេស ចរណ៍ខេត្តកែប យល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងសូមសន្យាដូចខាងក្រោម ៖
១-មិនឆ្លៀតឱកាសដំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ។
២-រក្សាចំណតរថយន្ត ជាចំណតសាធារណៈ។
៣-មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនង ឱ្យបានត្រឹមត្រូវ។
៤-ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ឱ្យបានស្អាតជាប្រចាំ។

ជាមួយគ្នានេះរដ្ឋបាលក្រុងកែប សូមជម្រាបជូនថា ក្នុងករណីដែលបងប្អូនជួបប្រទះនូវភាពមិនប្រក្រតីណាមួយ លើការផ្តល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ដូចជា ៖ 015 250 768, 011 413 737, 097 964 68 98 និង 096 6666 727