ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាសកម្ម ដែលតែងតែបន្លំខ្លួនជាគ្រួសារសាច់ញាតិអ្នកជំងឺ ចូលលួចសម្ភារៈ លុយកាក់ ទូរស័ព្ទ របស់អ្នកជំងឺ នៅតាមមន្ទីរពេទ្យនានា ទីបំផុតអស់លក្ខណ៍ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងមន្ទីរពេទ្យជប៉ុន (មជ្ឈមណ្ឌលគាំពារមាតានិងទារក) តាមផ្លូវ៤៧ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ភេទប្រុស មានអាយុ២៧ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប បានឮសូរសំឡេងប្រជាពលរដ្ឋស្រែកឱ្យជួយចាប់ចោរលួចទូរស័ព្ទ ដែលរត់គេចពីក្នុងមន្ទីរពេទ្យជប៉ុន ទៅខាងក្រៅរបងមន្ទីរពេទ្យ។ ភ្លាមនោះ ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ដែលនៅមុខមន្ទីរពេទ្យ បានជួយព័ទ្ធចាប់ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងជាក់ស្តែង ទូរស័ព្ទដៃ របស់ជនរងគ្រោះទៀតផង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ប្តឹងសមត្ថកិច្ច បន្តិចក្រោយមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានមកដល់ ហើយប្រជាពលរដ្ឋបានប្រគល់ជនសង្ស័យ ឲ្យសមត្ថកិច្ចដឹកយកទៅសាកសួរ និងចាត់ការបន្តតាមនីតីវិធី៕
