Friday, November 14, 2025
Homeព័ត៌មានសិល្បៈខៀវ កាថា ម្ចាស់ផលិតកម្ម កម្មករភាពយន្ដ សង្រ្គោះបន្ទាន់នៅកាល់ម៉ែត

ខៀវ កាថា ម្ចាស់ផលិតកម្ម កម្មករភាពយន្ដ សង្រ្គោះបន្ទាន់នៅកាល់ម៉ែត

ភ្នំពេញ ៖ លោកខៀវ កាថា ម្ចាស់ផលិតកម្ម កម្មករភាពយន្ដ ទសវត្សឆ្នាំ១៩៩០ និងត្រូវជាអ៊ំរបស់អតីតតារាសម្ដែង ខៀវ សុខារ៉ាវី ត្រូវបានដឹកបញ្ជួនពីខេត្តបាត់ដំបង មកសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត តាំងពីរាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ លោកមានស្ថានភាពកាន់តែធ្ងន់ ដេកស្ដូកស្ដឹង ភ្ជាប់បំពង់អុកស៊ីសែន បាញ់អាហារចូល និងមិនអាចនិយាយបានឡើយ ។

លោកខៀវ ចាន់ថង ដែលជាប្អូនរបស់លោកខៀវ កាថា ប្រាប់ថា បញ្ហាដែលប្រឈមពេលនេះ លោកកាថា អត់មានប័ណ្ណ ប.ស.ស ឬប័ណ្ណសមធម៌ ហេតុនេះមិនអាចរ៉ាប់រងការចំណាយបានតទៅទៀតទេ ហេតុនេះរូបលោក ក៏ដូចជាក្រុមគ្រួសារលោកកាថា សូមអំពាវនាវដល់សិល្បករទាំងអស់ ដែលធ្លាប់ធ្វើការជាមួយលោកខៀវ កាថា ពិសេសសមាគមសិល្បករខ្មែរ មេត្តាជួយសង្រ្គោះជីវិតម្ចាស់ផលិតកម្មកម្សត់នេះផង ព្រោះតែពេលនេះ ស្ថាន ភាពសុខភាពលោក កាន់តែខ្សោយហើយ។

លោកខៀវ ចាន់ថង ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថាលោកខៀវ កាថា អាយុ៧៥ឆ្នាំ បានកើតជំងឺរលាកសួត តាំងពីឆ្នាំ២០០៤ ព្រោះអំឡុងពេលធ្វើផលិតកម្មនោះ លោកក៏ជាអ្នក និពន្ធម្នាក់ដែរ អ៊ីចឹងតែងតែជក់បារី និងផឹកកាហ្វេជាប្រចាំ ប៉ុន្ដែជំងឺលោក ទើបតែធ្វើទុក្ខខ្លាំង នៅខែវិច្ឆិកា ឆ្នាំ២០២៥ នេះ តម្រូវឲ្យក្រុមគ្រួសារលោកត្រូវដឹកលោកកាថា ពីខេត្តបាត់ដំបង មកមន្ទីពេទ្យកាល់ម៉ែត សង្គ្រោះបន្ទាន់ តាំងពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ដែលមានរូបលោកនិងភរិយាលោកកាថា មកមើលថែដោ យផ្ទាល់ ។ លោកថា ការចំណាយថ្លៃព្យាបាល ពិតជាខ្ពស់ ក្នុងមួយថ្ងៃ ដល់ទៅ ពី៤៥០ ទៅ៥០០ដុល្លារ ព្រោះលោកកាថា អត់មានប័ណ្ណ ប.ស.ស ឬប័ណ្ណសមធម៌ទេ ។ ចំពោះមូលហេតុ លោកចាន់ថង អះអាងថា មិនមែនលោកកាថា មិនចង់ធ្វើ ឬអត់ចង់បានប័ណ្ណ ទាំងពីរខាងលើទេ ប៉ុន្ដែដោយសាតែលោកមានអាយុជាង៧០ឆ្នាំ ទៅហើយ ហួសអាយុ  ព្រោះប័ណ្ណនោះ គឺធ្វើឲ្យតែអ្នកមានអាយុក្រោម៦០ឆ្នាំ និងម្យ៉ាងទៀត ដោយសារតែពីមុន បងប្រុសលោក មានឡានម័រនីង និងម៉ូតូជិះដែរ អ៊ីចឹងរឹតតែពិបាកបានប័ណ្ណសមធម៌ មកប្រើការ។

លោកបន្ថែមថា តាមដឹង អ្នកជំងឺដែលមានប័ណ្ណ ប.ស.ស ឬប័ណ្ណសមធម៌ នោះ គេចំណាយតែពី ១០០ ទៅជាង១០០ជាងដុល្លារ ក្នុងមួយថ្ងៃ ធ្វើឲ្យគ្រួសារគេមានលទ្ធភាពទៅរួច ប៉ុន្ដែសម្រាប់បងប្រុសលោក ពិបាកប្រឈម ហើយបើថ្ងៃណាអស់លទ្ធភាព ដឹកទៅផ្ទះវិញ មានតែបណ្ដោយទៅតាមយថាកម្មហើយ។

ប្អូនម្ចាស់ផលិតកម្មកម្មករភាពយន្ដរូបនេះ នៅតែទទួចថា សូមឲ្យលោកស្រីអ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ និងតារាៗដែលធ្លាប់ស្គាល់ និងធ្វើការសិល្បៈជាមួយលោកខៀវ កាថា ជួយលោកឲ្យរស់រានជីវិតតទៅទៀតផង ។

សូមរំលឹកថា លោកខៀវ កាថា មានបងប្អូន​១០នាក់ (ស្លាប់២) នៅសល់ស្រី ៤នាក់ ប្រុស៤នាក់ ក្នុងនោះរូបលោកជាកូនច្បង។ លោកកាថា រស់នៅភូមិជីបាំង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានកូនប្រុសម្នាក់ ឈ្មោះខៀវ វ៉ាន់នី អាយុ២៥ឆ្នាំ ខណៈភរិយារបស់លោក ក៏ជាអ្នករស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបងដែរ ។ នៅឆ្នាំ១៩៩៥ លោកខៀវ កាថា បានបើកផលិតកម្ម កម្មករភាពយន្ដ ដោយផលិតទាំងបទចម្រៀង និងថតភាពយន្ដ​ ហើយធ្លាប់ផ្ដល់ការងារសិល្បៈដល់តារានាសម័យនោះ ជាច្រើននាក់។ តារាចម្រៀងល្បីៗ ដែលធ្លាប់ថតចម្រៀងឲ្យផលិតកម្ម កម្មករភាពយន្ដ មានដូចជា លោកនូ ស៊ឹប និងអ្នកនាងម៉េង កែវពេជ្ជតា ច្រៀងបទ «អនិច្ចារអ្នកស្រែ», លោកម៉ិញ សុធីវណ្ណ ច្រៀងបទ «លក់ស្រែចូលបារ», លោកឡោ សារិទ្ធ និងអ្នកនាង អូន វណ្ណា ច្រៀងបទ «ម្ចាស់អូរ ស្រីខ្មៅ» ជាដើម ។ ចំណែកការថតកុន ផលិតកម្ម កម្មករភាពយន្ដ ធ្លាប់ថតរឿង «មេអំបៅក្លែងក្លាយ» តួឯកលោកខៃ ប្រសិទ្ធ អ្នកនាងអម្ពរ ទេវី និងរឿង «នរក១៨ជាន់» ជាដើម ។

តាមប្រភពថា ផលិតកម្ម កម្មករភាពយន្ដ ដែលល្បីល្បាញផលិត MV លក់ CD និង VCD នៅក្រៅស្រុក ជំនាន់នោះ ក៏ធ្លាប់ហៅតារាល្បីៗជាច្រើន ថតផងដែរ ដូចជា នាយក្រឹម, លោកយស បូវណ្ណៈ, ច័ន្ទរិទ្ធ មេធានី, ទេព រិន្ទដារ៉ូ និងយុត្ថារា ឆានី ជាដើម អំឡុងផលិតកម្មនេះសកម្មក្នុងការផលិតចម្រៀង ចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៥ ។ ប៉ុន្ដែស្ងប់ស្ងាត់ពីសិល្បៈ ២០ឆ្នាំ ពេលនេះលោកខៀវ កាថា បានធ្លាក់ខ្លួនឈឺ ដេកលើគ្រែពេទ្យ និងត្រូវការជំនួយជាបន្ទាន់ ដើម្បីសង្រ្គោះជីវិតលោក ឲ្យបានទាន់ពេលវេលា៕

RELATED ARTICLES