ភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេល២ថ្ងៃ ជនជាតិចិន ម្នាក់ជាប់ចោទករណីគាស់ផ្ទះវេជ្ជបណ្ឌិត និងគាស់ទូដែក លួចយកប្រាក់និងគ្រឿងអលង្ការ ប្រមាណជាង ១១ម៉ឺនដុល្លារ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនា គារ ជាបណ្តោះអាសន្ន ក្រោមការ ចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ លួចទ្រព្យ សម្បត្តិអ្នកដទៃ។

ជនត្រូវចោទ មានឈ្មោះចាង ទៀនវៃ (Zhang Dian Wei) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ113K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត មានលំនៅ ផ្ទះលេខ៣៥ បុរីជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣គ ភូមិត្រពាំង ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកថា ជនជាតិចិន ម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះលោកវេជ្ជបណ្ឌិតម្នាក់ (ជាអ្នកជិតខាងគ្នា) និងគាស់បំបែកទូដែក ប្រមូលយកប្រាក់ គ្រឿងអលង្ការ សរុបជាទឹកប្រាក់ ចំនួន ១១២ ៤៥០ដុល្លារ ហើយព្យាយាមរត់គេចខ្លួនបានតែ២ថ្ងៃក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះ បានធ្វើដំណើរកម្សាន្តនៅខេត្តមណ្ឌលគិរី និងសម្រា ក១យប់។ លុះនៅវេលាម៉ោងប្រហែល ៤និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារជនរង គ្រោះត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែ ប្រទះឃើញផ្ទះរបស់ខ្លួនបើកទ្វារចំហ ត្រូវចោររើកកាយ និងឃើញទូដែកដែលដាក់គ្រឿង លុយ និងអលង្ការផ្សេងៗ ត្រូវបានគាស់បំបែកយកលុយ និងសម្ភារៈទាំងអស់។

លោកអធិការ បានបន្តថា នៅក្នុងសកម្មភាពនោះ ជនសង្ស័យបានគាស់យកលុយនិងគ្រឿងអលង្កា រួមមាន ប្រាក់ដុល្លារប្រហែល ៤៥០០០ដុល្លារ។ ចិញ្ចៀនពេជ្រ ៣វង់ គិតជាប្រាក់ចំនួន ១១៥០០ដុល្លារ។ ខ្សែដៃពេជ្រ ២ខ្សែ តម្លៃ១១០០០ដុល្លារ។ ខ្សែដៃមាស ២ខ្សែ (ទម្ងន់១តម្លឹង) គិតជាប្រាក់ចំនួន ៥៥០០ដុល្លារ។ ខ្សែកមាស ៤ខ្សែ (ទម្ងន់១តម្លឹងកន្លះ) គិតជាប្រាក់ចំនួន ៨២៥០ដុល្លារ។ ខ្សែកប្លាទីន ២ខ្សែ (ទម្ងន់៤តម្លឹង) គិតជាប្រាក់ចំនួន ១៦០០០ដុល្លារ។ ចិញ្ចៀនមាស ១វង់ (ទម្ងន់៥ជី) គិតជាប្រាក់ ចំនួន២៣០០ដុល្លារ។ ចិញ្ចៀនប្លាទីន ៣វង់ (ទម្ងន់៨ជី) គិតជាប្រាក់ ចំនួន ២៥០០ដុល្លារ។ ចិញ្ចៀនត្បូងទទឹម ១វង់ គិតជាប្រាក់ ចំនួន ៦០០ដុល្លារ។ កងដៃមាស ១កង គិតជាប្រាក់ ចំនួន ២៣០០ដុល្លារ។ ក្រវិលពេជ្រ ១គូ គិតជាប្រាក់ចំនួន ៥៥០០ដុល្លារ និងកងដៃប្លាទីន ២កង គិតជាប្រាក់ ចំនួន ២០០០ដុល្លារ។ សរុបជាទឹកប្រាក់ ចំនួន ១១២ ៤៥០ដុល្លារ។
លោកវរសេនីយ៍ឯក ម៉ន វុធី ឲ្យដឹងថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ បានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ រួមលោកនាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ខាងលើ ដែលស្នាក់នៅផ្ទះជាប់គ្នា រួចក៏នាំយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារខាងក្រោយ ផ្ទះរបស់ជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការប្រាកដមែន។

សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែលយកសម្ភារៈដែលលួចបាន ទៅលាក់ទុក នៅក្នុងផ្ទះ និងរួមវត្ថុតាងមួយចំនួនទៀត ដែលជនសង្ស័យខាងលើ ប្រើប្រាស់ធ្វើសកម្មភាព និងបានយកទៅប្លុងចោលនៅចំណុចដីឡូត៍ ១កន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ៕