Tuesday, November 18, 2025
Homeតារាខ្មែរល្អហួស ឈ្នះមកុដសម្រស់ទី៣

ល្អហួស ឈ្នះមកុដសម្រស់ទី៣

ភ្នំពេញ ៖ ល្អហួស បានយកឈ្នះបេក្ខនារី ជាង២០រូបផ្សេងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតបវរកញ្ញាយុវវ័យកម្ពុជា ឆ្នាំ២០២៥ (Miss Teen Cambodia 2025)  កាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នេះជាការឈ្នះមកុដសម្រស់ទី៣ របស់ស្រីស្រស់អាយុ ១៦ឆ្នាំរូបនេះ បន្ទាប់ពីនាងបានឈ្នះមកុដ Miss Preteen International Cambodia 2023 និង Miss Preteen Junior Idol World 2024  ។ ល្អហួស បានចេញ សារអរគុណដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ នៅថ្ងៃទី១៧ ខែវិច្ឆិកា  ឆ្នាំ២០២៥ ។

 តើល្អហួស មានចំណុចពិសេសយ៉ាងណាខ្លះ បានជានាងអាចផ្ដួលបេក្ខភាពផ្សេងៗទៀត រហូតក្លាយជាម្ចាស់ មកុដ Miss Teen Cambodia 2025 ?

លោកគឹម សាន្ដ  ជាពូ និងរ៉ាប់រងការងារសិល្បៈរបស់ល្អហួស បានប្រាប់ «នគរធំ»  នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រៅពីក្លាយជាម្ចាស់មកុដ ល្អហួស ទទួលបានពានផ្សេងៗទៀតជាច្រើន សរុបទាំងអស់ដល់ទៅ ៥-៦ពាន ។ លោកថា បេក្ខភាពឆ្នាំនេះ សុទ្ធតែស្អាតនិងខ្លាំងៗ ប៉ុន្ដែល្អហួស ឈ្នះមកុដទី៣នេះ គឺដោយសារតែនាងជាក្មេងដែលស៊ូ ត្រៀមខ្លួនដុសខាត់តាំងពីអាយុ៥-៦ឆ្នាំ ម្យ៉ាងល្អហួស ធ្លាប់ឈ្នះមកុដ ២រួចមកហើយ ទាំងក្នុងស្រុក និងអន្ដរជាតិ អ៊ីចឹងធ្វើឲ្យនាងមានភាពជឿជាក់ មានបទពិសោធន៍ក្នុងការដណ្ដើម មកុដ កាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ។ លោកគីម សាន្ដ បន្ថែមថា ចំណុចសំខាន់ល្អហួស គឺនាងស៊ូ និងពូកែ ចេះសិល្បៈគ្រប់ទម្រង់ ឧស្សាហ៍ព្យាយាម និងដុសខាត់សមត្ថភាពតាំងពីក្មេង មកដល់បច្ចុប្បន្ន គឺមិនចុះចាញ់និងបោះបង់ទេ ព្រមទាំងជាក្មេងដែលមានក្ដីស្រមៃពិតប្រាកដ ធ្វើអ្វីដើម្បីលើកមុខមាត់ប្រទេសកម្ពុជា លើឆាកអន្ដរជាតិ ។

 លោកគឹម សាន្ដ អះអាងដែរថា ក្រោយល្អហួស ឈ្នះមកុដ Miss Teen Cambodia 2025 បានដូចក្ដីបំណងប្រាថ្នារួចហើយ នាងក៏ត្រៀមខ្លួនទៅប្រកួតលើឆាកអន្ដរជាតិ នៅឆ្នាំ២០២៦ ខាងមុខនេះផងដែរ ប៉ុន្ដែលោកមិនទាន់ប្រាប់ថា ជាប្រទេសណាទេ តែនាងនឹងត្រៀមខ្លួនឲ្យបានល្អ ដើម្បីភ្លក្សរសជាតិប្រកួតលើឆាកអន្ដរជាតិ ជាលើកទី២ នៅឆ្នាំក្រោយនេះ ។

 ស្រីស្អាត ជូរី ល្អហួស អាយុ១៦ឆ្នាំ មានឈ្មោះដើម សុខ គីមហ័ង  តែងតែបង្ហាញសកម្មភាពសិល្បៈ ជាបន្ដ បន្ទាប់ តាំងពីនាងនៅតូច ដោយចេះច្រៀង បង្ហាញម៉ូដ រាំរបាំ និងជាតារាសម្ដែងភាពយន្ដម្នាក់ទៀតផង។ ថ្មីៗនេះ គេឃើញនាងក្លាយជា BA ភេសជ្ជៈ V-COLAព្រមទាំងបញ្ចេញស្នាដៃភាពយន្ដ រឿង ««ម្ចាស់កញ្ចក់» ។ មុនឈ្នះមកុដទី៣នេះ ល្អហួស ក៏ជាតារាម្នាក់ដែលសកម្មក្នុងការចេញសារថ្កោលទោសសៀម ដែលឈ្លានពានខ្មែរ ទាំងការអត្ថាធិប្បាយ និងបទចម្រៀង។ ជាពិសេស ប្រធានបទដែលនាងលើកមកនិយាយ នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ល្អហួស បានលើកពីសង្គ្រាម ៥ថ្ងៃ ដែលទាហានថៃ ឈ្លានពានទឹកដីកម្ពុជា បង្កវិនាសកម្មដ៏ឈឺចាប់ដល់រូបនាង និងប្រជាជនខ្មែរ និងមហិច្ឆតារបស់ចោរសៀម ដែលនៅតែបន្តសកម្មភាពឈ្លានពានកម្ពុជា ដែលចុងក្រោយថ្មីៗនេះ បានបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់ ១នាក់ របួសធ្ងន់ ៣នាក់ទៀតផង ។ ចំណុចទាំងនេះនេះហើយ ទើបលេចឮថា ល្អហួស គ្មានផែនការទៅប្រកួតសម្រស់ជាលើកទី២ នៅទឹកដីសៀម ឬថៃ នោះទេ ។          

តាមប្រភពថា ក្រោយឈ្នះមកុដ ៣លើក ជាប់គ្នានេះ ល្អហួស រឹតតែត្រូវប៉ាន់ការងារសិល្បៈ ហើយមន្ដស្នេហ៍ស្រីស្អាតរូបនេះ ក៏រឹតតែមិនធម្មតាដែរ ព្រោះមានប្រុសទាំងក្នុងនិងក្រៅស្រុក ប្រជែងគ្នាដណ្ដើមបេះដូងនាង ។ ប៉ុន្ដែស្រីស្អាតដែលរស់នៅក្នុងជីវភាពធូរធារ ដេកផ្ទះវីឡាស្កឹមស្កៃ ជិះរថយន្ដទំនើបៗ ដូចជា Lamborghini និងMercedes ជាដើម ដូចនាង មិនជ្រួលជ្រើមប្រុសយកលុយមកធ្វើជាធ្នាក់ស្នេហាឡើយ តែនាងមានមហិ ច្ឆតាចង់ឈ្នះមកុដក្នុងវេទិកាប្រកួតសមត្ថភាពនិងសម្រស់បែបនេះថែមទៀត៕

RELATED ARTICLES