បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ រួមជាមួយភរិយា លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឆ្លៀតចូលសួរសុខទុក្ខស្រីខ្មែររងគ្រោះ ដែលធ្វើការងារនៅប្រទេសថៃ ហើយត្រូវបានទាហានឈុតខ្មៅថៃ ៧នាក់ ចាប់រំលោភបូកលើរាងកាយ ពេលនាងនិងពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជា វិញ។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានផ្ដល់កិច្ចសម្ភាសន៍ជូនអ្នកសារព័ត៌មាន ជុំវិញករណីក្រុមទាហានឈុតខ្មៅថៃ រំលោភរាងកាយយុវតីខ្មែរ និងស្ថានភាពជនភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយលោករដ្ឋមន្រ្តី សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ នៅពេលខាងមុខ ដែលត្រលប់មកប្រទេសកម្ពុជា សូមឲ្យមកជាក្រុម ហើយកុំឲ្យបែកគ្នា ជាពិសេសផ្ដល់ព័ត៌មានឲ្យអ្នកផ្ទះ បានដឹងមុន ។ បើមានព្រឹត្តិការណ៍ណាដែលមិនប្រក្រតី សូមឲ្យដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ នៅមូលដ្ឋាន ។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានមានប្រសាសន៍ថា “បាទអរគុណច្រើន! បច្ចុប្បន្ន អគ្គស្នងការនគរបាលជាតិ បូកទាំងអង្គការ សមាគមនានា យើងកំពុងសហការក្នុងការប្រមូលព័ត៌មាន ហើយព្រឹកមិញនេះ យើងក៏បានទៅជួបប្អូនស្រី ហើយសុខភាពល្អប្រសើរជាងមុនបន្តិច បើប្រៀបធៀបទៅនឹងម្សិលមិញ គឺគាត់បានបាត់បង់នូវការចងចាំមួយចំនួន ហើយជាពិសេស មានភាពរវើរវាយច្រើន ហើយសុខភាពដូចគ្នា ដូចខ្ញុំបានបញ្ជាក់ ព្រឹកមិញគ្រាន់ហើយ ។ អ៊ីចឹងហើយ ខ្ញុំសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ ដែលនៅពេលខាងមុខ ឬមួយនៅពេលអនាគត ដែលត្រលប់មកប្រទេសកម្ពុជា របស់យើងនេះ សូមឲ្យមកជាក្រុម ហើយកុំឲ្យបែកគ្នា ហើយជាពិសេសគឺផ្ដល់ព័ត៌មានឲ្យអ្នកផ្ទះ ឲ្យបានដឹងមុន ថាខ្ញុំនឹងមកនៅថ្ងៃណាៗ ។ បើមានព្រឹត្តិការណ៍ណាដែលមិនប្រក្រតី ឬមួយស្អីមួយដែលមិនប្រក្រតី សូមឲ្យដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ ហើយជាពិសេសគឺនៅមូលដ្ឋានតែម្ដង ដូចប្អូនស្រីកន្លងទៅនេះ ក៏បានដាក់ពាក្យបណ្ដឹងនៅខេត្តបាត់ដំបង ហើយកំពុងរហ័សដៃ រហ័សជើង ដើម្បីធ្វើកិច្ចការងារនេះ បង្ហាញលើឆាកអន្តរជាតិ ពីអំពើខ្ញុំហ៊ាននិយាយថា អំពើស្មោកគ្រោកមួយនេះ ដែលយើងមិនអាចទទួលយកបាន ក្នុងនាមប្រជាពលរដ្ឋដូចគ្នា ។ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅពេលខាងមុខនេះ នឹងចង់ត្រលប់មកវិញ គឺយើងបានជជែកជាមួយតាមបណ្ដាច្រកមួយចំនួន ដើម្បីកំណត់ថ្ងៃ កំណត់ពេលរួចហើយ ហើយកិច្ចការងារនេះ ថ្នាក់ដឹកនៃច្រកទាំងពីរ កំពុងសិក្សាពេលវេលាសមស្រប ព្រោះឥឡូវនេះ ច្រកមួយចំនួន បិទមែន ប៉ុន្តែចំពោះច្រកមួយចំនួនដែលពាក់ព័ន្ធទៅនឹងផ្ដល់ឲ្យប្រជាពលរដ្ឋត្រលប់មកវិញនេះ គឺគាត់បើក រយៈពេលកន្លះម៉ោង ១ម៉ោង ទៅតាមពេលវេលា អ្វីដែលគេបានអនុញ្ញាត ។ អ៊ីចឹងសម្រាប់នៅពេលខាងមុខ គឺយើងនឹងបន្តធ្វើការជាមួយខេត្តនិងខេត្ត ហើយជាពិសេស គឺខាងអន្តោប្រវេសន៍និងអន្តោប្រវេសន៍ ដើម្បីសម្រួលកិច្ចការងារនេះ យើងបាននិងកំពុងធ្វើជាប្រចាំ ហើយយើងនឹងតាមដាននៅលើកិច្ចការងារនេះ“ ។

ចំពោះពលរដ្ឋភូមិព្រៃចាន់ ដែលភៀសខ្លួនទៅស្នាក់នៅជំរំសុវត្ថិភាព លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្តថា “ជារួម ស្ថានភាពបច្ចុប្បន្ន ខ្ញុំគិតថា មិនអាចឲ្យពួកគាត់ត្រលប់ទៅវិញបានទេ យើងដឹងទាំងអស់គ្នាហើយ ។ អ៊ីចឹងនៅទីនេះ គឺជាទីតាំងមួយដ៏មានសុវត្ថិភាពសម្រាប់ពួកគាត់ពេលបច្ចុប្បន្ន ហើយក៏សូមអរគុណដែរ ជូនចំពោះរាជរដ្ឋាភិបាល បូកទាំងថ្នាក់ដឹកនាំ បូកទាំងរដ្ឋបាលខេត្ត ជាពិសេសបានបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការ ៣ធំៗ ដែលខ្ញុំបានលើកឡើងនៅមុននេះបន្តិច ពាក់ព័ន្ធទៅរឿងសន្តិសុខនៅក្នុងតំបន់នេះ បូកទាំងអនាម័យ ហើយជាពិសេសនិងការផ្ដល់សេវានានាចាំបាច់ជូនទៅដល់ពលរដ្ឋ ។ ធម្មតា តែយើងផ្លាស់ប្ដូរទីតាំងនៃការស្នាក់នៅ អាចខុសកន្លែង ឬមួយពិបាកបន្តិច ប៉ុន្តែកិច្ចការនេះ ខ្ញុំគិតថា យើងនឹងបន្តខិតខំប្រឹងប្រែង ដើម្បីជួយសម្រួលពួកគាត់ឲ្យអស់ពីលទ្ធភាព ក្នុងគោលដៅតែមួយគត់ទេ ដើម្បីគាត់ធ្វើម៉េច អាចត្រលប់ទៅវិញឆាប់ៗ ដោយសារតែយើងមិនចង់ទុកគាត់នៅទីនេះដែរ។ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់នៃស្ថានភាពបច្ចុប្បន្ន មិនទាន់អំណោយផល ហើយកម្រិយយូរ ឬមួយឆាប់ពេលណានោះ ខ្លួនខ្ញុំផ្ទាល់ក៏មិនអាចកំណត់បានដែរ“ ។
លោក ស សុខា បានមានប្រសាសន៍បន្តទៀតថា “ជារួម ខ្ញុំសូមឲ្យប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមគ្នា ហើយជាពិសេស កុំយកឱកាសដែលកំពុងរងការឈ្លានពានពីរដ្ឋបរទេស មកលើកម្ពុជា នេះ ជាកម្មវត្ថុនៃការចំណេញនយោបាយ កម្មវត្ថុនៃការចំណេញទៅលើប្រជាប្រិយភាពបុគ្គល ព្រោះឥឡូវយើងមានទុក្ខរួមគ្នា យើងត្រូវចូលរួមដោះស្រាយរួមគ្នា ហើយក្នុងន័យនេះ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ដូចបានលើកឡើងខាងដើម គឺថា ធ្វើសង្រ្គាម មិនមែនធ្វើនៅលើដីទេ សង្រ្គាមនយោបាយ សង្រ្គាមការផ្សព្វផ្សាយព័ត៌មាន សង្រ្គាមនៃការទំនាក់ទំនង ក៏ជាកត្តាសំខាន់ ដែលមិនអាចពីមុនយើងហៅថា សង្រ្គាមប្រពៃណី ប្រពៃណី គឺវ៉ៃទៅលើដី ឈ្នះចាញ់ដឹង ប៉ុន្តែសង្រ្គាមការទំនាក់ទំនងនយោបាយ ដូចខ្ញុំបានលើកឡើង ឥឡូវឈានទៅដល់មហាអំណាចចិន មហាអំណាចអាមេរិក មហាអំណាចជប៉ុន ហើយជាពិសេសកូរ៉េ ក៏បានដឹង ហើយក្នុងន័យនេះ ក្រសួងការបរទេសកម្ពុជា បានអញ្ជើញតួអង្គសំខាន់ៗ ហើយក្នុងនេះទៀតសោត ក្រសួងមហាផ្ទៃ ក៏បានសហការជាមួយក្រុមការងារ task force ដែលយើងមានអូស្រ្តាលី មានអាមេរិក ក្រុម FBI ជប៉ុន ហើយនិងកូរ៉េ មួយទៀត ដែលយើងបានផ្សព្វផ្សាយទៅលើអ្វីដែលទទួលបាននូវកោសល្យវិច័យ ដែលបងឌី ណៃ ដែលបានស្លាប់ នាពេលថ្មីៗនេះ ។ អ៊ីចឹងនេះគឺជាការសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ជារួម ហើយនិយាយដោយឡែក ចំពោះករណីឈ្លានពាននេះ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណា កុំឲ្យរាលដាលទៅដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ឲ្យត្រឹមព្រំដែនដែលមានបញ្ហា“ ។

គួរបញ្ជាក់ថា នារីខ្មែរម្នាក់ ក្នុងចំណោមពលករប្រុស-ស្រី ជាង១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ យ៉ាងតិច ៧នាក់ ចាប់រំលោភបូក និងវាយដំធ្វើទារុណកម្មយ៉ាងឃោរឃៅ ពេលពួកគេធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកំណើតវិញ ហើយត្រូវពួកទាហានសៀម ស្ទាក់ឃាត់តាមផ្លូវ ពេលធ្វើដំណើរតាមរថយន្ត។
បើតាមសេចក្ដីរាយការណ៍ថា ទង្វើដ៏ឃោរឃៅរបស់ពួកទាហានសៀម ប្រព្រឹត្តមកលើពលករខ្មែរ នេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលក្រុមពលករខ្មែររងគ្រោះ ធ្វើដំណើរវិលត្រឡប់ពីស្រុកថៃ មកជិតដល់ព្រំដែនកម្ពុជា-ថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រុមពលករខ្មែររងគ្រោះ មានចំនួន ១៣នាក់ ក្នុងនោះមានស្ត្រីចំនួន ០៦នាក់ និងក្មេងតូចម្នាក់។
ប្រភពដដែល បានបន្តថា ក្រុមពលករខ្មែររងគ្រោះ បានឆ្លងអូរព្រំដែន ចូលមកកាន់ប្រទេសកំណើតវិញ នៅម៉ោងប្រហែល១០យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រករបៀងមួយកន្លែង ក្បែរប៉ុស្ដិ៍នគរបាលការពារព្រំដែន ស្វាយចេក ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ពលករខ្មែរ ទាំង១៣នាក់ បានឆ្លងអូរព្រំដែន រួចផុតពីក្រញាំដៃពួកទាហានសៀម ក្រោយពេលពួកទាហានសៀម បានវាយដំ ធ្វើទារុណកម្ម និងចាប់រំលោភនារីខ្មែរម្នាក់ យ៉ាងឃោរឃៅរួចមក។
នារីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅសៀម ចំនួន ០៧នាក់ ចាប់នាងរំលោភបូកនោះ ឈ្មោះ ធ.ស.ហ អាយុ១៨ឆ្នាំ។ ក្រុមពលករខ្មែរទាំងនោះ មិនបានចាំឬស្គាល់ទីតាំងដែលក្រុមទាហានសៀម ចាប់វាយធ្វើបាបនិងរំលោភនោះទេ តែពួកគេនិយាយថា ទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកទាហានសៀម បានកើតឡើងនៅក្នុងទឹកដីសៀម ពេលពួកគេធ្វើដំណើរតាមរថយន្ត មកជិតដល់ព្រំដែនកម្ពុជា-ថៃ។

តាមការស្រង់សម្ដីក្រុមពលករខ្មែររងគ្រោះ បានរៀបរាប់ពីទង្វើព្រៃផ្សៃរបស់ពួកទាហានសៀមថា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ពួកទាហានឈុតខ្មៅសៀម បានកាក់រថយន្តដែលពួកគេជិះ ហើយឲ្យចុះពីរថយន្ត នាំពួកគេទៅសាកសួរ។ ជាមួយនឹងការសាកសួរ ពួកទាហានសៀម បានវាយធ្វើបាបពលករខ្មែរទាំងអស់ ជាពិសេសពលករប្រុសៗ ត្រូវពួកវាវាយធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ ដោយវាយ ទាត់ធាក់ និងថែមទាំងអុកនឹងស្វ័យកាំភ្លើងទៀត។
ប្រភពដដែល បានស្រង់សម្ដីពីពលកររងគ្រោះថា ស្របពេលដែលពួកទាហានសៀម កំពុងវាយដំ ធ្វើទារុណកម្មលើពួកគេ ស្រាប់តែពួកវាបានអូសនារីវ័យក្មេងម្នាក់ (ជនរងគ្រោះខាងលើ) យកទៅចាប់រំលោភយ៉ាងឃោរឃៅបំផុត ដែលពួកវា មានគ្នាយ៉ាងតិច ០៧នាក់ បានចាប់រំលោភលើនារីរងគ្រោះ។ ក្រុមពលករ បានបញ្ជាក់ថា ក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្ត ពួកទាហានសៀម បានប្លន់យកលុយពីក្រុមពលករ អស់ប្រមាណ ៦៥០០បាត និង ទូរស័ព្ទ ចំនួន០៤គ្រឿង ទើបពួកគេដោះលែងឲ្យបន្តដំណើរឆ្លងអូរព្រំដែន ទាំងកណ្ដាលយប់ ត្រឡប់ចូលដីខ្មែរវិញ។
ក្រុមពលករខ្មែរ ទាំង១៣នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ប្រចាំប៉ុស្ដិ៍ ស្វាយចេក សហការជាមួយកម្លាំងយោធាការពារព្រំដែន នៅតំបន់នោះ ទទូលនិងនាំយកទៅប្រគល់ជូនក្រុមការងារមណ្ឌលទទូលពលករ ប្រចាំស្រុកកំរៀង ក្រោយបញ្ចប់ការសាកសួរបឋម នៅប៉ុស្ដិ៍ព្រំដែន។

មន្ត្រីទទូលបន្ទុកការងារនេះ បានឲ្យដឹងថា ក្រោយពីបានសាកសួរក្រុមពលករទាំងនោះ ក្រុមការងារបានបញ្ជូនក្រុមពលកររងគ្រោះ រួមទាំងនារីរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យសុខភាព ជាពិសេស នារីរងគ្រោះដែលត្រូវក្រុមទាហានតិរច្ឆានសៀម ចាប់រំលោភបូក៕