Tuesday, November 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៣០នាក់

បង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៣០នាក់

ខេត្តស្វាយរៀង : ជនសង្ស័យចំនួន ៣០នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះ ល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ២ ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យមានការលបលួចប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈវត្ថុតាង រួមមាន ៖ កុំព្យូទ័រលើតុ (All in one) ចំនួន ១១៥គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ២គ្រឿង, ធុងPC ចំនួន១០គ្រឿង, ទូរស័ព្ទ ចំនួន ៧គ្រឿង, Monitor ចំនួន ១៥គ្រឿង និងទូទូរស័ព្ទ (Call Center) ចំនួន ១៦ទូ, លិខិតឆ្លងដែន ចំនួន ៦ក្បាល។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រ យុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័ យទាំងពីរ និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខាងលើ។

ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាពឆបោកតាមរយៈរូបភាពលួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ បន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ ចំពោះមេខ្លោងនៃអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ចំណែកជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធី។ រីឯទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត ចំពោះមេខ្លោងទាំងឡាយដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES