Friday, November 21, 2025
Homeព័ត៌មានជាតិក្រសួងកិច្ចការនារី ថ្កោលទោស ទាហានថៃ៧នាក់ រំលោភបូកនារីខ្មែរ

ក្រសួងកិច្ចការនារី ថ្កោលទោស ទាហានថៃ៧នាក់ រំលោភបូកនារីខ្មែរ

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ របស់ក្រុមទាហានឈុតខ្មៅថៃ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ ចំនួន ១៣នាក់ ហើយទាហានឈុតខ្មៅថៃ ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក រំលោភបូកទៅលើនារីខ្មែរ ១នាក់ ពេលនាងធ្វើដំណើរពីប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជា ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងកិច្ចការនារី ចុះថ្ងៃអង្គារ ១៣រោច ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ របស់ក្រុមទាហានឈុតខ្មៅថៃ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ ចំនួន១៣នាក់ ហើយទាហានឈុតខ្មៅថៃ ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភបូក) ទៅលើពលករខ្មែរ ជាស្ត្រី ១នាក់ មានខ្លឹមសារទាំងស្រុងថា «ក្រសួងកិច្ចការនារី សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ របស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សា យ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាម កំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ ចំនួន១៣នាក់ ហើយក្នុងនោះ ទាហានឈុតខ្មៅ ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភបូក) ទៅលើពលករខ្មែរ ជាស្ត្រី ១នាក់ ខណៈដែលពលករខ្មែរ ទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។

នេះជាទង្វើគួរឱ្យស្អប់ខ្ពើម អមនុស្សធម៌ ព្រៃផ្សៃ មិនអាចទទួលយកបាន ហើយជាបទឧក្រិដ្ឋ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងលិខិតូបករណ៍របស់អង្គការសហប្រជាជាតិ (UN) អនុសញ្ញាស្តីពីការលុបបំបាត់ពល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។

ក្រសួងកិច្ចការនារី បាននិងកំពុងសហការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងហើយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ បច្ចុប្បន្នក្រសួង សហការជាមួយអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួលផ្តល់ការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្ត ជូនដល់ស្ត្រីរងគ្រោះ ដែលកំពុងទទួលសេវាព្យាបាលនៅកន្លែងផ្តល់សេវាចម្រុះឆ្លើយតបដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅមន្ទីរពេទ្យបង្អែកខេត្ត។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ ក្នុងការតាមដាននិងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃ ធ្វើការស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជន មកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដោយគ្មានការលើកលែង»។

គួរបញ្ជាក់ថា នារីខ្មែរម្នាក់ ក្នុងចំណោមពលករប្រុស-ស្រី ជាង១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ យ៉ាង តិច ០៧នាក់ ចាប់រំលោភបូក និងវាយដំធ្វើទារុណកម្មយ៉ាងឃោរឃៅ ពេលពួកគេធ្វើដំណើរវិលត្រឡប់ពីប្រ ទេសថៃ មកកាន់ប្រទេសកំណើតវិញ ហើយត្រូវពួកទាហានសៀម ស្ទាក់ឃាត់តាមផ្លូវ ពេលធ្វើដំណើរតាមរថយន្ត។

 បើតាមសេចក្ដីរាយការណ៍ថា ទង្វើដ៏ឃោរឃៅរបស់ពួកទាហានសៀម ប្រព្រឹត្តមកលើពលករខ្មែរនេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលក្រុមពលករខ្មែររងគ្រោះ ធ្វើដំណើរវិលត្រឡប់ពីស្រុកថៃ មកជិតដល់ព្រំដែនកម្ពុជា-ថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រុមពលករខ្មែររងគ្រោះ មានចំនួន ១៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ០៦នាក់ និងក្មេងតូចម្នាក់។

 ប្រភពដដែល បានបន្តថា ក្រុមពលករខ្មែររងគ្រោះ បានឆ្លងអូរព្រំដែន ចូលមកកាន់ប្រទេសកំណើតវិញ នៅម៉ោងប្រហែល ១០យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រករបៀងមួយកន្លែង ក្បែរប៉ុស្ដិ៍នគរបាលការពារព្រំដែន ស្វាយចេក ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ពលករខ្មែរ ទាំង១៣នាក់ បានឆ្លងអូរព្រំដែន រួចផុតពីក្រញាំដៃពួកទាហានសៀម ក្រោយពេលពួកទាហានសៀម បានវាយដំ ធ្វើទារុណកម្ម និងចាប់រំលោភនារីខ្មែរម្នាក់ យ៉ាងឃោរឃៅរួចមក។

 នារីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅសៀម ចំនួន ០៧នាក់ ចាប់នាងរំលោភបូកនោះ ឈ្មោះ  ធ.ស.ហ អាយុ១៨ឆ្នាំ។ ក្រុមពលករខ្មែរទាំងនោះ មិនបានចាំឬស្គាល់ទីតាំងដែលក្រុមទាហានសៀម ចាប់វាយធ្វើបាបនិងរំលោភនោះទេ តែពួកគេនិយាយថា ទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកទាហានសៀម បានកើតឡើងនៅក្នុងទឹកដីសៀម ពេលពួកគេធ្វើដំណើរតាមរថយន្ត មកជិតដល់ព្រំដែនកម្ពុជា-ថៃ។

 តាមការស្រង់សម្ដីក្រុមពលករខ្មែររងគ្រោះ បានរៀបរាប់ពីទង្វើព្រៃផ្សៃរបស់ពួកទាហានសៀមថា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ពួកទាហានឈុតខ្មៅសៀម បានកាក់រថយន្តដែលពួកគេជិះ ហើយឲ្យចុះពីរថយន្ត នាំពួកគេទៅសាកសួរ។ ជាមួយនឹងការសាកសួរ ពួកទាហានសៀម បានវាយធ្វើបាបពលករខ្មែរទាំងអស់ ជាពិសេសពលករប្រុសៗ ត្រូវពួកវាវាយធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ ដោយវាយ ទាត់ធាក់ និងថែមទាំងអុកនឹងស្វ័យកាំភ្លើងទៀត។

 ប្រភពដដែល បានស្រង់សម្ដីពីពលកររងគ្រោះថា ស្របពេលដែលពួកទាហានសៀម កំពុងវាយដំ ធ្វើទារុ ណកម្មលើពួកគេ ស្រាប់តែពួកវាបានអូសនារីវ័យក្មេងម្នាក់ (ជនរងគ្រោះខាងលើ) យកទៅចាប់រំលោភយ៉ាងឃោរឃៅបំផុត ដែលពួកវាមានគ្នាយ៉ាងតិច ០៧នាក់ បានចាប់រំលោភលើនារីរងគ្រោះ។ ក្រុមពលករ បានបញ្ជាក់ថា ក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្ត ពួកទាហានសៀម បានប្លន់លុយពីក្រុមពលករ អស់ប្រមាណ ៦៥០០បាត និង ទូរស័ព្ទ ចំនួន០៤គ្រឿង ទើបពួកគេដោះលែងឲ្យបន្តដំណើរឆ្លងអូរព្រំដែន ទាំងកណ្ដាលយប់ ត្រឡប់ចូលដីខ្មែរវិញ។

 ក្រុមពលករខ្មែរ ទាំង១៣នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ប្រចាំប៉ុស្ដិ៍ ស្វាយចេក សហការជាមួយកម្លាំងយោធាការពារព្រំដែន នៅតំបន់នោះ ទទូលនិងនាំយកទៅប្រគល់ជូនក្រុមការងារមណ្ឌលទទូលពលករ ប្រចាំស្រុកកំរៀង ក្រោយបញ្ចប់ការសាកសួរបឋមនៅប៉ុស្ដិ៍ព្រំដែន។

 មន្ត្រីទទូលបន្ទុកការងារនេះ បានឲ្យដឹងថា ក្រោយពីបានសាកសួរក្រុមពលករទាំងនោះ ក្រុមការងារបានបញ្ជូនក្រុមពលកររងគ្រោះ រួមទាំងនារីរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យសុខភាព ជាពិសេស នារីរងគ្រោះដែលត្រូវក្រុមទាហានតិរច្ឆានសៀម ចាប់រំលោភបូក ។

 ជុំវិញករណីខាងលើនេះ ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមមានព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ គណបក្សនយោបាយ អង្គការ សមាគមនានា ជាដើម បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងទាមទារឲ្យទាហានឈុតខ្មៅថៃ ដែលរំលោភសេពសន្ថវៈនិងការប្រើអំពើហិង្សាមកលើពលករទេសន្តរប្រវេសន៍ខ្មែរ ដែលធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា វិញនោះ ត្រូវទទួលខុសត្រូវនៅក្នុងរឿងនេះ ។

  ដោយឡែកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ជាប្រធាន បានចាត់ទុកទង្វើព្រៃផ្សៃរបស់ទាហានឈុតខ្មៅថៃនេះ ជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។ ដូច្នេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទាមទារឱ្យថៃ នាំខ្លួនទាហានឈុតខ្មៅ ៧នាក់ ដែលរំលោភបូកលើស្ត្រីខ្មែរ មកផ្ដន្ទាទោស ផ្ដល់យុត្តិធម៌ និងសំណងជូនជនរងគ្រោះជាបន្ទាន់ និងថាបើថៃ មិនដោះស្រាយឱ្យទាន់ពេលទេ នោះឆ្លុះបញ្ចាំងថា ថៃ មិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះ ទេ តែក៏៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ស្នើសហគមន៍អន្តរ ជាតិ ជួយជំរុញភាគីថៃ ឱ្យទទួលខុសត្រូវចំពោះករណីនេះ។

 សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពី “ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង» មានខ្លឹមសារទាំងស្រុងថា «គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅនិងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។

អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលូសព័ទ្ធយកផ្ទះ ដីនិងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម។ បន្ថែមពីនេះ កងទ័ពកម្ពុជា ចំនួន១៨នាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនខុសច្បាប់ពីសំណាក់យោធាថៃ ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល ១១២ថ្ងៃហើយ ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃ បើកការវាយប្រហារដោយគ្មានមូលហេតុ មកលើប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់និងរបួស ហើយរាប់រយគ្រួសារទៀត ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ទាំងយប់។ ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុក ជាស្ត្រីខ្មែរម្នាក់ អាយុ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃ ៧នាក់ ចាប់រំ លោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃ មកកម្ពុជា វិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

គ.ស.ម.ក. ថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងសូមគូសបញ្ជាក់ថា ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។

ក.ស.ម.ក. សូមគូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា តែងតែក្រើនរម្លឹកនិងណែនាំដលប្រជាពលរដ្ឋកម្ពុជា កុំឱ្យមានរើសអើង ឬប្រើហិង្សាលើប្រជាព លរដ្ឋថៃ អ្នកជំនួញថៃ ក៏ដូចជាជនជាប់ទោសដែលជាជនជាតិថៃ ក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។

គ.ស.ម.ក. ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃ ចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមលើនេះ សូមសហគមន៍អន្តរជាតិ មេត្តាជួយជំរុញដល់ភាគីថៃ ឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថាភាគីថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាធរមាន។ ប្រសិនបើប្រទេសថៃ មិនដោះស្រាយករណីទាំងនេះ ឱ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃ មិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។

ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក»៕ ខៀវទុំ

RELATED ARTICLES