Friday, November 21, 2025
Homeតារាខ្មែរពេជ្រ សូលីកា ទៅស្វីស អតីតសង្សារថាមិនក្បត់

ពេជ្រ សូលីកា ទៅស្វីស អតីតសង្សារថាមិនក្បត់

កម្ពុជា-ស្វីស ៖ លោកគឹម ហាន អតីតគូស្នេហ៍របស់ពេជ្រ សូលីកា បានចេញមុខជាលើកដំបូង និយាយទាក់ទងពេជ្រ សូលីកា ក្រោយពួកគេចែកផ្លូវគ្នា ជិត៣ឆ្នាំ ដោយអះអាងថាលោកមិនដែលក្បត់អតីតគូស្នេហ៍ (ពេជ្រ សូលីកា) ទេ ហើយអ្នកចែកចាយ (Share) ព័ត៌មានមិនពិត បរិហារកេរ្ដិ៍ ប៉ះពាល់លោកនិងគូស្នេហ៍នោះ ពេលនេះលោកបានឲ្យមេធាវីទាំងឡាយចាត់ការរឿងនេះហើយ ។ អាណិកជនខ្មែរនៅអូស្រា្ដលី រូបនេះ បានអះអាងថា គូស្នេហ៍ថ្មីរបស់លោក មិនដែលប៉ះពាល់ដល់អតីតគូស្នេហ៍លោកឡើយ ។

លោកគឹម ហាន គូស្នេហ៍ចាស់របស់ពេជ្រ សូលីកា ថ្លែងសារ កាលពីល្ងាចថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ ថា «រយៈពេលជាងបីឆ្នាំ មកហើយ ពាក្យចចាមអារ៉ាមមិនពិត និងមតិយោបល់បរិហារកេរ្តិ៍ បានសាយភាយអំពីខ្ញុំ និងដៃគូបច្ចុប្បន្នរបស់ខ្ញុំ។ រហូតមកដល់ពេលនេះ ខ្ញុំបានជ្រើសរើសភាពស្ងៀមស្ងាត់។ ភាពស្ងៀមស្ងាត់នេះ មិនមែនដោយសារតែរឿងទាំងនេះជាការពិតនោះទេ ប៉ុន្តែខ្ញុំគិតថា បើខ្ញុំតបទៅវិញនោះ វានឹងបង្កើតរឿងរ៉ាវកាន់តែវែងឆ្ងាយ។ ថ្ងៃនេះ ខ្ញុំចង់មកបញ្ជាក់រឿងនេះឲ្យបានច្បាស់។ ខ្ញុំមិនដែលបានក្បត់ជាមួយអតីតដៃគូរបស់ខ្ញុំទេ ហើយដៃគូបច្ចុប្បន្នរបស់ខ្ញុំ ក៏មិនដែលពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់ខ្ញុំ ពីមុនដែរ។ ការលាបពណ៌ជាច្រើន សុទ្ធតែមិនពិត  ដែលមានមតិអវិជ្ជមាន ផ្តោតតែមកលើខ្ញុំ និងដៃគូបច្ចុប្បន្នរបស់ខ្ញុំ។ រឿងនេះវាបានបន្តយូរមកហើយ ហើយពិតជាមានការរំខានដល់ខ្ញុំនិងដៃគូបច្ចប្បន្នខ្ញុំ មែនទែន។ ភ្ជាប់មកជាមួយដំណាក់កាលដំបូងនៃលិខិតកោះហៅផ្លូវការ ដែលចេញដោយមេធាវីរបស់ខ្ញុំ HNC Law Group ទៅកាន់បុគ្គលដែលបានចូលរួមក្នុងការចែកចាយព័ត៌មានមិនពិត ការយាយី និងការបរិហារកេរ្តិ៍ ខ្ញុំនឹងមិននិយាយប្រធានបទនេះម្តងទៀតទេ។ ជូនចំពោះបុគ្គលដែលនិយាយមិនពិតពីខ្ញុំ និងដៃគូបច្ចុប្បន្នរបស់ខ្ញុំ ត្រូវប្រុងប្រយ័ត្នអំពីការចែកចាយមតិរបស់អ្នក ពួកយើងនឹងធ្វើទៅតាមផ្លូវច្បាប់»។

 មេធាវីរបស់លោកគឹម ហាន បានជូនដំណឹងទៅដល់ឈ្មោះម្ចាស់គណនីហ្វេសប៊ុក ទាំងឡាយ ជាសាធារណៈ ដែលពួកគេចាត់ទុកថា បញ្ចេញមតិ ខម្មិន ប៉ះពាល់ដល់លោកគឹម ហាន ផងដែរ កាលពីរសៀលថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា អំឡុងពេលដែលលោកគឹម ហាន អះអាងថា លោកមិនដែលក្បត់ពេជ្រ សូលីកា នេះ សូលីកា កំពុងនាំកូនប្រុសដើរកម្សាន្ដនៅប្រទេសស្វីស ដែលនាងចាត់ទុកថា ជាការបំពេញនូវក្ដីស្រមៃរបស់ខ្លួន បន្ទាប់ពីនាងបានលុបចោល Concerts មួយចំនួន ក្រោយផ្ទុះរឿងទាហានសៀម បាញ់ពលរដ្ឋខ្មែរ ជាថ្មី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលល្ងាចពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សូមរំលឹកថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ជាមួយអាណិកជនខ្មែរ មកពីប្រទេសអូស្រា្ដលី លោកគឹម ហាន ដែលជាអ្នកច្នៃម៉ូដសម្លៀកបំពាក់។ សូលីកា បានសម្រាលកូនប្រុស ថ្ងៃទីទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះ ហង្ស អ៊ែរីវ៉េនស្ដេ ។ ប៉ុន្ដែនៅឆ្នាំ២០២២ ចំណងស្នេហាសូលីកា និងលោកហាន បានដើរដល់ទីបញ្ចប់ តែអ្នកទាំងពីរមិនដែលនិយាយពីមូលហេតុនៃការប្រេះឆានោះទេ ដោយរក្សាភាពស្ងប់ស្ងាត់ ហើយពេលនេះ មានគូស្នេហ៍ថ្មីរៀងៗខ្លួន ។ សូលីកា ជាអ្នកឃុំគ្រងកូនប្រុស ប៉ុន្ដែគេឃើញលោកហាន អាចទៅជួបកូនរបស់លោក ពេលណាក៏បានដែរ ពោលគឺមិនដូចភិន សុដាលីស ដែលបែកបាក់លោកប៉ែន ចំរ៉ុង កាលពីឆ្នាំកាលពីឆ្នាំ២០១៧ ហើយពេលនេះ នាងមិនអនុញ្ញាតឲ្យលោកចំរ៉ុង ជួបមុខកូនស្រីដោយផ្ទាល់ ជាដាច់ខាត៕

RELATED ARTICLES