Sunday, November 23, 2025
Homeតារាខ្មែរតារាល្បីៗ យំពេញវត្តពោធិ៍ចិនតុង

តារាល្បីៗ យំពេញវត្តពោធិ៍ចិនតុង

ភ្នំពេញ ៖ ផ្សែងហុយខ្មួលខ្មាញ់ចេញពីមឈូសតម្កល់សពលោកអ៊ុន សិទ្ធា លើមេរុ នៅវត្តពោធិ៍សត្ថារាម (វត្តពោធិ៍ចិនតុង )នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ដាលឲ្យរូបកាយលោកសិទ្ធា បានក្លាយទៅជាផះផង់ ក្នុងពេលដ៏ខ្លី។ សំឡេងយំទ្រហឹងពេញបរិវេណមេរុ ដែលអ្នកទាំងនោះ ត្រឹមតែជាក្រុមគ្រួសារ និងសាច់ញាតិរបស់លោកសិទ្ធា នោះទេ ប៉ុន្ដែក្នុងនោះក៏ជាតារាល្បីៗដែលបានជូនដំណើរសពតារាសម្ដែងរូបនេះ ជាលើកចុងក្រោ យ ក្នុងនោះ មានដូចជា អ្នកនាងសារ៉ាយ សក្ខណា, លី ម៉ារីណា, នៅ សុនិតា, ភីយ៉ា, កេសស, សឿន វីតា, អឿន ស្រីមុំ, លោកសាយ សៀរ៉ា, ប៉ែន ភ័ក្រ្ដសុធារិទ្ធ, ប៉ាន់ ខែមម៉ានូ និងតារាស្និទ្ធស្នាលជាមួយលោកអ៊ុន សិទ្ធា ជាច្រើនទៀត ដែលពួកគេសុទ្ធតែសោកស្ដាយនិងអាលោះអាល័យដល់លោសិទ្ធា ដែលចាកចេញទៅដោយគ្មានថ្ងៃត្រឡប់ ទើបមិនអាចទប់ទឹកភ្នែកជាប់ឡើយ ។

 លោក សឿន វីតា ដែលបានកោរសក់បួសមុខភ្លើង សងគុណលោកអ៊ុន សិទ្ធា បានប្រាប់ «នគរធំ» ថាព្រះអង្គ បួសមុខភ្លើង ដើម្បីសងគុណលោកអ៊ុន សិទ្ធា ជាសម្លាញ់របស់ព្រះអង្គ។ព្រះអង្គថា មានការសោកស្ដាយ ស្រ ណោះសិទ្ធា ជាខ្លាំង ព្រោះព្រះអង្គមានមិត្តភក្ដិតែម្នាក់នេះគត់ដែលស្និទ្ធស្នាលបំផុត មិនអាចកាត់ថ្លៃបានឡើយ តែថ្ងៃនេះ ជាវេលាចុងក្រោយដែលព្រះអង្គ ជូនដំណើរមិត្តសម្លាញ់។ ព្រះអង្គយល់ថា ការចាកចេញរបស់សិទ្ធា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់ គឺទូទាំងប្រទេស មានការសោកស្ដាយ។ ប៉ុន្ដែព្រះអង្គ នឹងលាចាកសិក្ខាបទវិញ ក្រោយពីរើសធាតុលោកអ៊ុន សិទ្ធា រួច ព្រោះព្រះអង្គ មានការងារច្រើនដែលត្រូវបំពេញភ្លាមៗ ត្រូវធ្វើប្រចាំថ្ងៃ។ ព្រះអង្គថា នៅពេលដែលគ្រួសារលោកកំពុងមានវិបត្តិធ្ងន់ធ្ងរ សិទ្ធា ជួយគ្រប់បែបយ៉ាង ទាំងលុយកាក់ ចំណីអាហារ រហូតដល់ព្រះអង្គ ងើបមកវិញបាន ដល់តបស្នងទៅវិញ គឺមានតែការបួសមុខភ្លើង ដើម្បីសង គុណមិត្តសម្លាញ់ ហើយការបួសមុខភ្លើងនេះ ព្រះអង្គបានសុំគ្រួសារលោកអ៊ុន សិទ្ធា ហើយក្រុមគ្រួសារគាត់ក៏បានដឹងថា ព្រះអង្គជាមិត្តភក្ដិចិត្ត១ថ្លើម១ របស់សិទ្ធា ផងដែរ ។ ព្រះអង្គ វីតា បន្ថែមថា កាលពីឆ្នាំ២០១០ ព្រះអង្គ ធ្លាប់សាងផ្នួសម្ដងហើយ រយៈពេល១ខែ នៅវត្តសំរោងអណ្ដែត ដែលពេលនោះ បួសសងគុណឪពុក ម្ដាយ ។ ព្រះអង្គវីតា ក៏បានចែករំលែកដល់បទពិសោធន៍ផ្ទាល់ខ្លួនដែរថា ការសាងផ្នួស ធ្វើឲ្យអារម្មណ៍យើងស្ងប់ស្ងាត់ល្អ រៀនធម៌ ចេះធម៌ផងដែរ។

  ចំណែកលោកសុវណ្ណ មករា ថាលោកបានទៅដល់វត្តពោធិ៍ចិនតុង តាំងពីព្រឹក ដើម្បីរង់ចាំសពលោកអ៊ុន សិទ្ធា និងលាគ្នាចុងក្រោយ នៅថ្ងៃបូជាសព។ លោកមករា ថ្លែងថា លោកមានអារម្មណ៍សោកសង្រេងខ្លាំងណាស់ ដែលបានបាត់បង់លោកអ៊ុន សិទ្ធា ជាសិល្បករមួយរូប ដែលល្អ ទាំងរូបសម្បត្តិ និងការសម្ដែងរបស់គាត់ ទាំងអត្តចរិតគាត់គឺល្អ ពេញលេញលក្ខណៈជាសិល្បករអាជីពម្នាក់។ លោកមករា ថា លោកសិទ្ធា ធ្លាប់បានថតសម្ដែងរឿងឲ្យលោក «កូនស្រីអ្នកនេសាទ» នៅទូរទស្សន៍ Mytv ដែលពេលនោះ លោកជាអ្នកដឹកនាំ និងជួបលោកសិទ្ធា ចុងក្រោយ នៅសមាគមសិល្បករខ្មែរ និងនៅថ្ងៃបូជាសពលោកសិទ្ធា នេះ លោកក៏បាននាំយកថវិការរបស់សមាគមសិល្បករខ្មែរ មកចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារគាត់ផងដែរ។លោកថា មុនលោកសិទ្ធា ស្លាប់ ៥ម៉ោង លោកបានទាក់ទងទៅលោក ដើម្បីឲ្យចូលរួមកម្មវិធីមួយ របស់សមាគមសិល្បករខ្មែរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានបទផ្សព្វផ្សាយទេសចរណ៍នៅកោះរ៉ុង តែទាក់ទងទៅគាត់អត់បាន ហើយនៅម៉ោង ៥រសៀល ថ្ងៃទី១៩ វិច្ឆិកា នៅ សុនិតា ថាអ៊ុន សិទ្ធា ទទួលមរណភាពទៅហើយ ទើបលោករាយការណ៍ទៅលោកស្រីអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ។ លោកមករា ថាលោកសិទ្ធា បិទជិតតែម្ដង មិនថាមិត្តភក្ដិ បងប្អូន អ្នកសារព័ត៌មាន គឺលោកមិនប្រាប់ពីជំងឺគាត់ទេ ទើបធ្វើឲ្យលោកធ្លាក់ក្នុងស្ថានភាពអាក្រក់ រហូតបាត់បង់ជីវិត តែបើគាត់ប្រាប់គេ ប្រាកដជាពួកលោកអាចជួយសង្រ្គោះជីវិតគាត់បានទាន់ពេលវេលាជាមិនខាន ។ លោកមករា សំណូមពរឲ្យសិល្បករទៅទូទៅ និងមហាជនទាំងឡាយ មានបញ្ហាអ្វីមួយ ដោះមិនចេញ ត្រូវបង្ហាញប្រាប់ទៅបងប្អូន មិត្តភក្ដិ ព្រោះបើយើងអាចនិយាយបាន គឺធូរទ្រូង តែបើទុកយូរៗទៅ ធ្វើឲ្យគាំង ពិបាកជួយណាស់ ។

  គួររំលឹកថា លោកអ៊ុន សិទ្ធា អាយុ៤២ឆ្នាំ បានទទួលមរណភាពក្នុងអាយុ ៤២ឆ្នាំ ដោយជំងឺក្រពះ ពោះវៀន និងវិបត្ដិផ្លូវចិត្ត រហូតដំណាក់កាលចុងក្រោយ គាំងបេះដូងស្លាប់លើគ្រែពេទ្យ កាលពីម៉ោង ៥រសៀល ថ្ងៃទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកអ៊ុន សិទ្ធា កើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៨៥ នៅទីក្រុងភ្នំពេញ ដែលមានឪពុកឈ្មោះ អ៊ុំ សំអន ម្ដាយឈ្មោះម៉ៅ សៀ មានបងប្អូនចំនួន៧នាក់ (ប្រុស៥នាក់ និងស្រី២នាក់) ក្នុងនោះលោកជាកូនពៅ ។ ពិធីបុណ្យ ៧ថ្ងៃ សពលោកអ៊ុន សិទ្ធា នឹងធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្ទះលេខ1B ផ្ទះលេខ17 ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

RELATED ARTICLES