ខេត្តបាត់ដំបង ៖ ក្លឹបរាត្រី ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញអស់ស្ទើរទាំងស្រុង សង្ស័យបង្កឡើងដោយការធ្វេសប្រហែសរបស់ក្រុមជាងផ្សារដែក បំពាក់ម៉ាស៊ីនត្រជាក់ នៅក្នុងក្លឹប ធ្វើឱ្យជ្រុះកម្ទេចភ្លើង ក្លាយជាអគ្គិភ័យ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្លឹបរាត្រីដែលរងការឆាបឆេះ មានយីហោ “B,A,T” មានទំហំ ២០ម៉ែត្រ គុណនឹង ២០ម៉ែត្រ មានថៅកែឈ្មោះ ឈៀ សុផល ភេទប្រុស អាយុ៣៣ឆ្នាំ។ អគ្គិភ័យ បានឆេះអស់ទាំងស្រុង នូវសម្ភារៈនិងឧបករណ៍នានាដែលមាននៅក្នុងក្លឹប តែមិនបង្កគ្រោះថ្នាក់ដល់បុគ្គលិកបម្រើការទេ។ ចំពោះមូលហេតុ បង្កឱ្យមានអគ្គិភ័យនេះកើតឡើង សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ។

ដោយឡែក តាមប្រភពពីសាក្សីនានា បានសង្ស័យជំហានដំបូងថា អគ្គិភ័យនេះ អាចបណ្តាលមកពីកម្ទេចផ្កាភ្លើងដែលជាងផ្សារដែក បំពាក់ម៉ាស៊ីនត្រជាក់ នៅក្នុងក្លឹប។ ជាក់ស្តែងនៅព្រឹកកើតហេតុ មានជាងចូលធ្វើម៉ា ស៊ីនត្រជាក់ ហើយបានផ្សារដែកនៅកន្លែងបំពាក់ម៉ាស៊ីនត្រជាក់ លុះមិនបានប៉ុន្មាន ក៏កើតមានអគ្គិភ័យតែម្តង ដែលអាចផ្តើមចេញពីកម្ទេចភ្លើងផ្សារដែក ឬធ្វើឱ្យទុស្សេខ្សែភ្លើង ទើបបង្កជាអគ្គិភ័យ ឆេះលឿនបែបនេះ។

តាមប្រភពបុគ្គលិកបម្រើការនៅក្លឹបរាត្រីខាងលើ បានឱ្យដឹងថា សម្ភារក្នុងក្លឹបដូចជាតុ កៅអី ភាគច្រើនមានតែគ្រឿងដែក មិនសូវមានគ្រឿងជ័រ ឬសាឡុងពួកទេ។ ប៉ុន្តែអគ្គិភ័យឆេះខ្ទេចអស់ ក្រៅពីតុ និងកៅអីដែក។

ក្រោយពេលមន្ត្រីពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើង នៅក្នុងក្លឹបបាន ១០០ភាគរយ និងបន្ទាប់ពីស្ងប់ផ្សែង គេឃើញក្រុមបុគ្គលិកប្រុស-ស្រី បាននាំគ្នាជញ្ជូនតុ កៅអីដែក ចេញពីក្នុងក្លឹប។ បុគ្គលិកទាំងនោះ បានបញ្ជាក់ដែរថា មានបុគ្គលិកមួយចំនួន ស្នាក់នៅក្នុងក្លឹប តែបានរត់ចេញរួច នៅពេលមានភ្លើងឆេះ ពោលគឺពុំមានបុគ្គលិក ណាម្នាក់គ្រោះថ្នាក់ទេ ខូចខាតតែសម្ភារប្រើប្រាស់ និងឧបករណ៍ភ្លេង ឬគ្រឿងក្នុងនានា ដែលមាននៅក្នុងក្លឹបប៉ុណ្ណោះ។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ គេឃើញរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច ជាច្រើនគ្រឿង បានចេញជួយអន្តរាគមន៍ ដោយមន្ត្រីជំនាញ បានសម្រុកចូលបាញ់ពន្លត់ភ្លើងដល់ក្នុងក្លឹប និងបាញ់ទប់ស្កាត់ផ្នែកខាង ក្រៅ រហូតបង្ក្រាបបានទាំងស្រុង៕
