Tuesday, November 25, 2025
Homeតារាខ្មែរល្អហួស ម៉ែឆេះដុំ គេសួររកឪ

ល្អហួស ម៉ែឆេះដុំ គេសួររកឪ

ភ្នំពេញ ៖ ថ្មីៗនេះ ម្ដាយល្អហួស លោកស្រី ដេននី ក្វាន់ (Denny Kwan) បានបញ្ចេញប្រតិកម្មធ្ងន់ៗទៅលើបុរសម្នាក់ ដែលខម្មិនសួរថា តើឪពុករបស់ល្អហួស ជាអ្នកណា? ដែលសំណួរនេះ លោកស្រីចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កូនស្រីខ្លាំង ហេតុនេះលោកស្រីមិនអាចទទួលយកបានឡើយ ។

 អ្នកស្រីដេននី ក្វាន់ ឆ្លើយតបទាំងមួម៉ៅ ទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះកណ្ដុរ ជើរី ដែលខម្មិនសួរថា «គ្រួសារវ៉ល់ៗ…ឪពុកក្មេងហ្នឹងជាអ្នកណាគេ? ក៏មិនដឹងនៅណា? ស្ងាត់ឈឹង?…សង្ស័យងាប់បាត់ដឹង?»។

លោកស្រីដេននី ក្វាន់ ថានាងមិនដែលចង់ដឹងថា ម៉ែឪកណ្ដុរ ជាអ្នកណាទេ និងថា កុំយកចរិតកណ្ដុរ មកប្រើជាមួយនាង។ នាងថា កណ្ដុរ ជាសត្វចង្រៃ និងដាស់តឿនបុរសនោះថា ក្បាលកញ្ចាស់ សក់ស្កូវហើយ ធ្វើឲ្យក្មេងគោរពខ្លះទៅ។ នាងថា អារម្មណ៍ខ្លួនជាម្ដាយ មិនអាចទទួលយកបានទេ ជាមួយប្រយោគគ្រាន់តែឆ្ងល់ និងនាងសួរទៅបុរសនោះថា មានខួរគិតឬអត់ថា ភាសាសរសេរអ៊ីចឹង គ្រាន់តែឆ្ងល់? លោកស្រី ដេននី ក្វាន់ ផ្ដាំទៅបុរសនោះថា កុំចង់ដឹងថា ឪពុកល្អហួស ជាអ្នកណា អ្វីដែលសំខាន់ នាងអាចចិញ្ចឹមកូនមកម្នាក់ឯង បីបាច់ថែរក្សាកូនបានល្អ គួរតែសរសើរនាងទៅ ហេតុអីចាំបាច់ជីកឫសជីកគល់?

ម្ដាយល្អហួស បញ្ជាក់ថា «ដឹងហើយថាគ្នាគ្មានឪពុក ដឹងហើយថាគ្នារស់នៅជាមួយម្ដាយ ចាំបាច់ប្រើភាសាហ្នឹង ឲ្យប៉ះពាល់ជាមួយអារម្មណ៍ក្មេងធ្វើអី? ចង់សួរអាកណ្ដុរ ឯងហ្នឹងចឹង? អត់ខ្វល់ថា អាកណ្ដុរ ឯងហ្នឹងឋានៈជាស្អី រាល់ថ្ងៃធ្វើការអីទេ អត់ខ្លាចទេជាមួយដេននី ក្វាន់ គឺប៉ះកូនខ្ញុំ អត់បានទេ»។

ដេននី ក្វាន់ ប្រាប់ទៅបុរសនោះទៀតថា «អត់អាចប្រើភាសាលេងសើចមកអ៊ីចឹងបានទេ មនុស្សរស់នៅរាល់ថ្ងៃ មានកិត្តិយស លោកឯងស្រលាញ់កិត្តិយសលោកឯង ខ្ញុំក៏ស្រលាញ់កិត្តិយសខ្ញុំដែរ តែកុំថាប៉ះអត់បាន»។ ចំណុចនេះ លោកស្រីថា គឺប៉ះអត់បានមែន ព្រោះប៉ះខុសរឿង ប៉ះពាល់អារម្មណ៍កូនស្រី ។ បើសិនជាគេសួរសំណួរនេះ ទៅលោកកណ្ដុរឯងវិញ តើលោកឯង និងកូន មានអារម្មណ៍បែបណា? បើសិនជាកណ្ដុរ មានកូន ហើយកូនដឹងថាឪពុកសួរគេអ៊ីចឹងនោះ កូនលោកនោះនឹងខកចិត្តនឹងសំណួរឪបែបនេះជាមិនខាន។

សូមបញ្ជាក់ថា ការឆេះដុំរបស់ម្ដាយល្អហួស លោកកស្រី ដេននី ក្វាន់ នាពេលនេះ កើតមានក្រោយពីល្អហួស បានលើកពាន Miss Teen Cambodia 2025  កាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយស្រាប់តែរំលងបាន ៤ថ្ងៃ ពោលគឺនៅថ្ងៃទី២០ ខែវិច្ឆិកា លេចមុខម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «កណ្ដុរ ជើរី» ដាក់សំណួរទៅលោកស្រី ដេននី ក្វាន់ ដ៏រសើប រហូតធ្វើឲ្យលោកស្រីមិនអាចសម្ងំនៅស្ងៀម ក៏បានចេញមុខពន្លះបុរសនោះតែម្ដង។

លោកស្រី ដេននី ក្វាន់ ព្រមានកណ្ដុរ ជើរី ថា «កុំឲ្យមានលើកទី២ ជាមួយខ្ញុំ កើតមកជាមនុស្សឈ្មោះជាកណ្ដុរ ប៉ះអ្នកណាប៉ះទៅ តែកុំមកប៉ះកូនខ្ញុំ កូនលោកឯងចេះស្រលាញ់ ចុះខ្ញុំអត់ចេះស្រលាញ់កូន?​ លោកឯងដឹងហើយថា ល្អហួស អត់ដែលផុសជាមួយឪពុកទេ ដោយសារអីគេ? ដោយសារគាត់កំព្រា តាំងពីក្មេងមកម្ល៉េះ គាត់រស់នៅជាមួយខ្ញុំ ខ្ញុំថែរក្សា បីបាច់កូនខ្ញុំ»។

ម្ដាយល្អហួស ឆ្ងល់ដែរថា កណ្ដុរ ម៉េចចង់ដឹងរឿងគ្រួសារគេម៉្លេះ? អត់មានហេតុផលដែលលោកស្រីត្រូវយករឿងក្រុមគ្រួសារ មកប្រាប់និងហែកហួរនៅលើបណ្ដាញសង្គម ថាឪល្អហួស ជាម្នាក់នេះ ឪល្អហួស ជាម្នាក់នោះទេ។

ចំណែកល្អហួស មិនបានប្រតិកម្មបន្ថែមពីលើម្ដាយ ទៅកាន់ម្ចាស់សំណួរ «កណ្ដុរ ជើរី» នោះទេ គឺរក្សារភាពស្ងៀមស្ងាត់ ខណៈដែលថ្មីៗនេះ មានសារព័ត៌មានកូរ៉េខាងត្បូង បានចុះផ្សាយនាង ពីការរំជួលចិត្ត ហូរទឹកភ្នែកលើឆាកប្រឡងបវរកញ្ញា Miss Teen Cambodia អំពាវនាវរកសន្ដិភាពជូនកម្ពុជា ។          

គួរបញ្ជាក់ថា ជូរី ល្អហួស អាយុ១៦ឆ្នាំ មានឈ្មោះដើម សុខ គីមហ័ង  បានគ្រងមកុដទី៣ Miss Teen Cambodia 2025  កាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមកុដ Miss Preteen International Cambodia 2023 និងឈ្នះមកុដពីការប្រកួតលក្ខណៈអន្ដរជាតិ នៅប្រទេសថៃ Miss Preteen Junior Idol World 2024  ។ ល្អហួស មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាទេ និងទើបពេញវ័យក្រមុំនេះ មានប្រុសៗជាច្រើនជ្រួលជ្រើមស្នេហ៍ ព្រោះស្រីស្រស់មានសម្រស់ស្អាត គួរឲ្យក្នក់ក្នាញ់ ៕

RELATED ARTICLES