Tuesday, November 25, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ជះលុយធំលើកទី២

ទេព បូព្រឹក្ស ជះលុយធំលើកទី២

ភ្នំពេញ ៖ តារាចម្រៀង ទេព បូព្រឹក្ស បានកំណត់ថ្ងៃជប់លៀងផឹកស៊ីជាមួយ Fan របស់ខ្លួន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបានលុបចោលពិធី TBP Fan Party ម្ដងហើយ កាលពីថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ ដោយ សារតែគិតថា មិនអាចច្រៀងរាំ ផឹកស៊ីសប្បាយៗ អំឡុងពេលដែលប្រទេសជាតិ កំពុងតែមានបញ្ហាបែបនេះ ព្រោះអារម្មណ៍នាងមិនស្ងប់ ដេកភ័យ ហេតុនេះពិបាកធ្វើកម្មវិធីចំពេលទាហានថៃ បានបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ប៉ុន្ដែពេលនេះ នាងបានកំណត់រៀបចំពិធីនេះ ជាលើកទី២ នៅកោះពេជ្រ អគារ City Hall ដែលមានស្វាមីនាង លោកងួន ចាន់ដេវីត នៅគាំទ្រពីក្រោយខ្នងពេញទំហឹង ។

 សូមបញ្ជាក់ថា ការធ្វើកម្មវិធី TBP Fan Party របស់ទេព បូព្រឹក្ស ហៅស្រីនិច្ច នេះ គឺដូចគ្នាទៅនឹងនាងពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់របស់នាង ធ្វើពិធីខួបកំណើត ជួបជុំ Fan តែច្រៀងសម្ដែង លក់សំបុត្រ «Fan Meeting Blue Hour»កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្រាប់ស្រីនិច្ច ធ្លាប់បានធ្វើពិធីបែបនេះ បានសម្រេចម្ដងរួចទៅហើយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ពោលគឺក្រោយនាងរៀបការ មួយថ្ងៃ ។ ឥឡូវអតីតតារាហង្សមាស រូបនេះ បានធ្វើពិធីនេះម្ដងទៀត ដើម្បីពង្រឹងការគាំទ្រ និងទាក់ទងអាជីវកម្ម Online របស់ខ្លួន។

 ទេព បូព្រឹក្ស មិនសូវមានបទល្បីៗដូចមុនទេ ក្រោយមានស្វាមីនិងកូនប្រុស អាយុជាង២ឆ្នាំកន្លះ ។ ប៉ុន្ដែស្រីនិច្ច បានលេចមុខតាមស្ពតធំៗទៅវិញ ហើយការច្រៀងតាមបណ្ដាConcerts មួយចំនួន នៅតែធ្វើឲ្យគេចាប់ អារម្មណ៍តាមរយៈការស្លៀកពាក់ប្លែកៗ និងចាប់ដៃជាមួយប្ដីនាង លោកដេវីត ។ តារាដែលល្បីខាងលេងក្បាច់រាំ ជាងទឹកដមសំឡេងរូបនេះ ក៏ងាកមកប្ដូរយុទ្ធសាស្រ្ដច្រៀងចង្វាក់រ៉េប វិញម្ដង ដែលមានប្ដី ជាអ្នកបង្វឹក រួមទាំងធ្វើភ្លេង និពន្ធចម្រៀង និង Melody ឲ្យនាងច្រៀងផងដែរ ។ គូស្នេហ៍បូព្រឹក្ស-ដេវីត ក៏ត្រូវបានគេចាត់ទុកថាសមគ្នាទាំងនៅក្នុងនិងក្រៅឆាក ព្រោះការស្លៀកពាក់ លេងខ្លួន ម៉ូដសក់ និងចាក់សាក់ ជាដើម អ្នកទាំងពីរនិយមលេងស្ទីលដូចគ្នា ។ ប្រភពខ្លះថា Concerts មួយចំនួន ស្រីនិច្ច ត្រូវបានម្ចាស់កម្មវិធីខ្លះ ត្រូវតែហៅនាងទៅដែរ ប្រសិនបើពួកគេចង់បានដេវីត ហេតុនេះហើយបានជាគេនិយាយថា ប្ដីប្រពន្ធតារារ៉េប ១គូនេះ លុយខាប់តែម្ដង ។ យ៉ាងណា ប្រសិនបើស្រីនិច្ច នៅតែល្បីដូចកាលនៅក្រមុំ ដោយសាឥទ្ធិពលប្ដីនាងមែន នោះប្រា កដណាស់ថា ជាលើកទី១ហើយដែលតារាមានប្ដីនិងកូនហើយ នៅត្រូវប៉ាន់ពីអាជីពនេះ ព្រោះតារាភាគច្រើន មិនអាចធ្វើដូចនាងបានទេ។          

គួរកត់សម្គាល់ថា ទេព បូព្រឹក្ស និងប្ដី បានងាកមករកស៊ី Online ដូចតារាមួយចំនួនទៀតដែរ នារយៈពេលចុងក្រោយនេះ ខណៈ Fan ខ្លះ ជំរុញឲ្យនាងយកកូនថែម ។ ប្រសិនបើស្រីនិច្ច សម្រេចបំណងយកកូនទី២ ឬទី៣ ឲ្យដេវីត នាពេលដ៏ឆាប់នេះមែន នោះស្រីនិច្ច នឹងមានវាសនាដូចឱក សុគន្ធកញ្ញា ជាមិនខាន ពោលគឺត្រូវស្វាមីស្រលាញ់នាងទ្វេដង ហើយនាងនឹងក្លាយទៅជាព្រះនាងរបស់ដេវីត ៕

RELATED ARTICLES