Tuesday, November 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៣ ហែកតេឡេក្រាម បោកលុយរាប់ពាន់ដុល្លារ

វ៉ៃខ្នោះ៣ ហែកតេឡេក្រាម បោកលុយរាប់ពាន់ដុល្លារ

ខេត្តកណ្តាល ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី៧-៨-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឆបោក (ហែកតេឡេក្រាម Hack Telegram និងក្លែងតេលេក្រាម Fake Telegram account) កើតឡើងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល បង្កដោយជនសង្ស័យ ចំនួន១ក្រុម ធ្លាប់បានធ្វើសកម្មភាពហែក និងក្លែងប្រព័ន្ធ Facebook និងប្រព័ន្ធ Telegram របស់ជនរងគ្រោះ ឈ្មោះ ស.ក ក្រោយហែកយកប្រព័ន្ធ Telegram របស់ជនរងគ្រោះបានហើយ បានឆាតទៅខ្ចីប្រាក់ជនរង គ្រោះ ឈ្មោះ ឆ.ស.រ ឱ្យផ្ញើប្រាក់ទៅឱ្យខ្លួន ដោយប្រាប់ថា កូនឈឺ ជនរងគ្រោះមិនបានដឹង (ធ្លាប់មានប្រវត្តិ ពឹងពាក់គ្នា) ក៏បានផ្ញើប្រាក់ទៅឱ្យជនសង្ស័យមួយចំនួន។

ក្រោយមកជនរងគ្រោះ បានដឹងថា តេឡេក្រាម របស់ខ្លួនឈ្មោះ ស.ក ត្រូវបានគេហែកយក ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តកណ្តាល តែម្តង។ ជនសង្ស័យ បានបន្តបង្កើតតេលេក្រាម ក្លែងក្លាយ ដោយដាក់ឈ្មោះនិងរូបថតអ្នកពាក់ព័ន្ធផ្សេងៗទៀត យកទៅឆាតខ្ចីប្រាក់អ្នកស្គាល់ផ្សេងៗជាច្រើននាក់ទៀត តាមលេខនិងសមាជិកក្នុងតេលេក្រាម ដែលហែកយកបាន។

ក្រោយពីទទួលបានព័ត៌មាននិងបណ្តឹងរឿងហេតុខាង លើលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកណ្តាល បានបញ្ជាជំនាញ ឱ្យចុះប្រតិបត្តិការស្រាវជ្រាវស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើ អនុវត្តតាមនីតិវិធី។ ដោយមានការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ។ គួបផ្សំនឹងឆន្ទៈ ការតស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ  ជំនាញកងរាជអាវុធហត្ថខណ្ឌដូនពេញ និងជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការនាំខ្លួនជនសង្ស័យ ១នាក់ ឈ្មោះដារ៉ា ភេទប្រុស នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ។

ដោយបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ឈ្មោះចាន់ណា ហៅលក និងឈ្មោះពៅ ភេទស្រី នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងដកហូតវត្ថុតាង មួយចំនួន រួមមាន ទូរស័ព្ទ ចំនួន៥គ្រឿង មានស៊ីមកាត ចំនួន៨ស៊ីម។

ជនសង្ស័យបានសារភាពថា បក្ខពួក ធ្លាប់ហែកប្រព័ន្ធ Telegram និងបង្កើតក្លែងអាខោនប្រព័ន្ធ Facebook Telegram យកឈ្មោះ និងរូបថតជនរងគ្រោះជាច្រើននាក់ ជាង៥២លើក មានទាំងអ្នកធំ អ្នកតូច មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អ្នករកស៊ី ចាស់ ក្មេង ស្រីប្រុស ដើម្បី បន្លំឆាតបោកយកប្រាក់គេ រយៈពេលប្រហែលជាង៥ខែ មកហើយ ច្រើនពេក ចាំមិនអស់នោះ បានថវិកា រាប់ពាន់ដុល្លារ និងលានរៀល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តកណ្តាល តាមនីតិវិធី និងត្រូវបានបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល រួចរាល់ហើយ។ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះការប្រើ ប្រាស់ Facebook Telegram ឬប្រព័ន្ធផ្សេងៗទៀត មុននឹងផ្ញើប្រាក់ ត្រូវសិក្សាស្រាវជ្រាវ ពិសេសទាក់ទងបញ្ជាក់ផ្ទាល់មាត់ជាមួយអ្នកសុំឬខ្ចីលុយ ឱ្យបានច្បាស់លាស់ ចៀសវាងការចាញ់បោកជនខិលខូចដូចករណីខាងលើ៕

RELATED ARTICLES