ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពីបទល្មើសនេសាទ ដោយប្រើឧប ករណ៍ឆក់ត្រី នៅចំណុចភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអឿន ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង និងទី២-ឈ្មោះអឿន កំសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលកំពង់ លែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង ចុះចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលកំពុងធ្វើសកម្មភាពឆក់ត្រីក្នុងបឹងក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។

ការចាប់ឃាត់ជនសង្ស័យទាំង២នាក់ បានដករហូតឧបករណ៍វត្ថុតាង មាន អាំងវែរទ័រឆក់ត្រី ១គ្រឿង ដងឆក់ត្រី ១គូ អាគុយ ៤០អំពែ ១គ្រឿង ខ្សែភ្លើង ប្រវែង៣ម៉ែត្រ ទូកបាឡាស្មាច់ ភ្ជាប់ម៉ាស៊ីន ចំនួន១គ្រឿង និងត្រី ចំនួន២គីឡូក្រាម។

ជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញជលផល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនៅតិវិធី៕