Tuesday, December 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះកាស៊ីណូប៉ោយប៉ែត ផ្អើលពលរដ្ឋ

ភ្លើងឆេះកាស៊ីណូប៉ោយប៉ែត ផ្អើលពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ ខណៈដែលប្រជាពលរដ្ឋកំពុងមានការភ័យខ្លាចសង្គ្រាមបង្កដោយទាហានថៃ ឈ្លាន ពានកម្ពុជា ស្រាប់តែនៅក្រុងប៉ោយប៉ែត មានសំឡេងផ្ទុះ និងមានអណ្តាតភ្លើងឆេះអគារកាស៊ីណូ ជាន់ទី២៥ ទាំងយប់ តែករណីនេះត្រូវបានអាជ្ញាធរអះអាងថា នេះជាការផ្ទុះកាប៊ីនភ្លើង បង្កឱ្យឆាបឆេះ និងត្រូវបានពន្លត់ទាន់ពេល។

 ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចអគារកាស៊ីណូមួយកន្លែង ក្បែរផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយពីមានសំឡេងផ្ទុះ ហើយឃើញមានអណ្តាតភ្លើងឆាបឆេះ នៅជាន់ទី២៥ នៃបន្ទប់មួយ ក្នុងអគារកាស៊ីណូ ក្បែរផ្សារពុទ្រា ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះ មានការភ័យស្លន់ស្លោ ខ្លាចក្រែងជាគ្រាប់ផ្លោង ដែលទាហានចោរសៀម បាញ់ផ្លោងចូលកាស៊ីណូ។

ជុំវិញករណីនេះ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់តាមទំព័របណ្តាញសង្គម ផ្ទាល់ខ្លួនថា “សូមបងប្អូនកុំមានការយល់ច្រឡំ ព្រោះនៅមុននេះបន្តិច មានអគ្គិភ័យឆេះបន្ទប់មួយ ក្នុងអគារកាស៊ីណូជាន់ទី២៥ ក្បែរផ្សារដើមពុទ្រា ហើយពេលនេះត្រូវពន្លត់រលត់ទាំងស្រុង…”។

ក្រោយពេលទទួលដំណឹងនេះ ទើបប្រជាពលរដ្ឋបានស្បើយអារម្មណ៍ឡើងវិញ ខណៈដែលគ្រប់គ្នាកំពុងមាន ការភ័យខ្លាច ដោយសារនៅភូមិសាស្ត្រជាប់ព្រំដែន ទាហានឈ្លានពានសៀម បានបើកការបាញ់ប្រហារមកលើកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ជាមួយនេះ ឃើញយន្តហោះ F-16 របស់សៀម តែងហោះឆ្វែលក្រុងប៉ោយប៉ែត រយៈពេល ២ទៅ៣ថ្ងៃជាប់គ្នា និងបានទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រស្រុកស្វាយចេក៕

RELATED ARTICLES