Friday, December 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូធ្លាក់ស្ពានសៀមផ្តាច់ ស្លាប់២នាក់

ជិះម៉ូតូធ្លាក់ស្ពានសៀមផ្តាច់ ស្លាប់២នាក់

ខេត្តពោធិ៍សាត់ ៖ បុរស ២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នា ធ្លាក់ពីលើស្ពានមេទឹក ដែលត្រូវយន្តហោះ F-16 របស់ទាហានចោរសៀមឈ្លានពាន ទម្លាក់គ្រាប់ផ្តាច់ កាលពីប៉ុន្មានថ្ងៃមុន បណ្តាលឱ្យស្លាប់ទាំង២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅលើកំណាត់ ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្ពានមេទឹក ឬស្ពានជ័យជម្នះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់។

លោកអធិការនគរបាលស្រុកវាលវែង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ថា មានបុរស២នាក់ធ្វើដំ ណើររួមគ្នា ដោយម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AR-8945 ក្នុងទិសដៅពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលធ្លាក់ពីលើស្ពានតែម្តង ត្រង់ចំណុចដែលទាហានសៀម ទម្លាក់គ្រាប់ពីយន្តហោះ ៤គ្រាប់ បណ្តាលឲ្យដាច់ស្ពាន។

លោកអធិការ បានបន្តថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ថា ចាន់ធូ ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិទួលស្នួល ឃុំស្វាយដូនកែវ ស្រុកបាកាន (ជាអ្នកបើកម៉ូតូ) និងទី២- ឈ្មោះ ឈូ ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិកំពង់អម្ពិល ឃុំវត្តតាមឹម ស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង (អ្នករួមដំណើរ) ។

លោកអធិការ បានបញ្ជាក់បន្ថែមថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ខាងលើ គឺអាចបណ្តាលមកពីកត្តាល្បឿន ខ្វះការប្រុងប្រយ័ត្ន និងទំនងជាជនរងគ្រោះ មិនដឹងថា ស្ពានមេទឹក ត្រូវបានយន្តហោះ F-16 របស់ទាហានចោរសៀមឈ្លានពាន ទម្លាក់គ្រាប់ផ្តាច់ កាលពីប៉ុន្មាន ថ្ងៃមុននោះ។

សពជនរងគ្រោះទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES