ភ្នំពេញ ៖ គង់ បុប្ផា ហៅ គង់ ណាផា ដែលចេញទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក តាំងពីឆ្នាំ២០១៤ នោះ ថ្មីៗនេះស្រាប់តែគេឃើញនាងរាំជាមួយតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ នៅក្លឹបមួយ នាក្រុងភ្នំពេញ ។ សកម្មភាពបែបនេះ បញ្ជាក់ថា ណាផា នៅតែអាល័យអាជីពចាស់ ហើយនាងអាចនឹងវិលមកសម្ដែងសាជាថ្មីទៀតផង។

គង់ បុប្ផា ប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីពេលថ្មីៗនេះថា នាងពិតជានៅតែស្រលាញ់អាជីពសម្ដែងមែន ទោះជាឃ្លាតឆ្ងាយពីការងារមួយនេះ ជិត២០ឆ្នាំក្ដី ។ ចំណែកការរាំជាមួយលោកព្រាប សុវត្ថិ នៅក្លឹបមួយនោះ នាងថា ដោយសាតែនាងទៅលេងនៅទីនោះហើយចំថ្ងៃលោកព្រាប សុវត្ថិ ត្រូវទៅច្រៀងសម្ដែង។ ណាផា ថាទោះជានាងមិនធ្លាប់បានថតសម្ដែងបទព្រាប សុវត្ថិ ពីមុនមកក្ដី ប៉ុន្ដែនាងនិងលោកសុវត្ថិ ស្គាល់គ្នា ហើយធម្មតាអ្នកសិល្បៈប្រៀបបានដែលឆក់ ពេលជួបគ្នា តែងតែរត់រកគ្នា អីចឹងនាង Surprise លោកសុវត្ថិ ហើយត្រូវលោកហៅនាងឲ្យឡើងលើឆាក រាំជាមួយគ្នាតែម្ដង។

គង់ បុប្ផា ដែលបែកពីព្រាប សុវត្ថិ ជិត២ទសវត្សនោះ ក៏បានឆ្លៀតសរសើរលោកព្រាប សុវត្ថិ អាយុ៥០ឆ្នាំ ថានៅតែមិនព្រមចាស់ ហើយសមត្ថភាពច្រៀង មិនធ្លាក់ចុះឡើយ ។ ណាផា ក៏សម្ដែងការសោកស្ដាយផងដែរថា ពីមុន នាងចេះតែអាក់ខាន មិនបានថតបទលោកព្រាប សុវត្ថិ រហូត ប៉ុន្ដែនាងថា នៅក្រៅឆាក រូបនាងនិងលោកសុវត្ថិ រាប់អានគ្នា ជាអ្នកសិល្បៈដូចគ្នាធម្មតា ខណៈនាងថា បែកឧកញ៉ារូបនេះ ជិត២០ឆ្នាំ តែដូចទើបបែកម្សិលមិញ ព្រោះលឿនពេក។

ក្រៅពីរាំបទព្រាប សុវត្ថិ «កុលាបមានបន្លា» គង់ ណាផា បានឲ្យដឹងថា នាងមកស្រុកខ្មែរ លើកនេះ តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ ហើយនាំយកផលិតផលថែរក្សាសម្រស់ស្រ្ដី ម៉ាក KNDP និង Ice Stars មកពីអាមេរិក កូរ៉េ មកលក់នៅទីផ្សារស្រុកខ្មែរ បន្ទាប់ពីនាងបានលក់ផលិតផលទាំងនោះនៅអាមេរិក រយៈពេល៩ឆ្នាំហើយ។ ប៉ុន្តែណាផា មិនប្រាប់ថា អាជីវកម្មមួយនេះ នាងប្រើដើមទុនប៉ុន្មាន សម្រាប់ទីផ្សារនៅកម្ពុជា ទេ គ្រាន់តែថា ច្រើន ព្រោះយកមកសុទ្ធតែរបស់មានគុណភាព ប៉ុន្ដែនាងលក់នៅកម្ពុជា តាមរយៈ Online សិន គឺមិនទាន់បើកជាហាងឡើយ ។

តាមប្រភពថា គង់ បុប្ផា បានប្រះឆាស្នេហ៍ស្វាមីអាណិកជនខ្មែរ នៅអាមេរិក ដោយបន្សល់កូនចំនួន៥នាក់ តែសម្រស់នាងនៅតែផូរផង់ ទើបនាងនិយាយបែបលេងសើចថា ព្រាប សុវត្ថិ មិនព្រមចាស់ នាងក៏មិនខ្ចីចាស់ដែរ ។ នាងថា បានធានាម្ដាយ ទៅរស់នៅអាមេរិក បានសម្រេចហើយ ទើបពេលនេះគិតថា ខ្លួនអាចមានពេលគ្រប់ គ្រាន់ វិលមកលេងសិល្បៈជាថ្មីបាន ។ ប៉ុន្ដែនាងថា អំឡុងរស់នៅអាមេរិក នាងក៏មិនបានផ្ដាច់ខ្លួនទាំងស្រុងពីអាជីពសិល្បៈដែរ ពោលគឺធ្លាប់ចេញទៅច្រៀងសម្ដែង Concerts នៅទីនោះ ជាមួយសិល្បករខ្មែរ ម្ដងៗដែរ ប៉ុន្ដែមិនញឹកញាប់ទេ ពោលគឺគេហៅ ១០ដង អាចទៅបានតែ ១ទៅ២ដងប៉ុណ្ណោះដោយសាតែនាងជាប់មើលកូនច្រើននាក់។

ទាក់ទងការប្ដូរឈ្មោះពី គង់ បុប្ផា មក គង់ ណាផា នេះ ត្រូវបានអតីតតារាសម្ដែងរូបនេះថា ដោយសារតែឈ្មោះបុប្ផា នាងកម្សត់និងអភ័ព្វពេក ទើបនាងចង់ផ្លាស់ប្ដូរឈ្មោះចាស់ដាក់ឈ្មោះថ្មី និងគិតថា ពេលនេះអ្វីៗគឺថ្មីទាំងអស់ ។ ទោះជាយ៉ាងណា ណាផា មិននិយាយថា នាងមានម្ចាស់ចិត្តថ្មីហើយ ឬយ៉ាងណាទេ ដោយផ្ដោត តែលើការរកស៊ី Online និងត្រៀមនាំចូលផលិតផលថែរក្សាសម្រស់ស្រ្តី ពីជប៉ុន ទៀតផង។ ចំពោះការរស់នៅលើទឹកដីអាមេរិក ជាង១០ឆ្នាំនោះ ណាផា ថានាងជួបញឹកញាប់ជាងគេ គឺអ្នកនាង អម្ពរ ទេវី ព្រោះរាប់អានគ្នាដូចជាបងប្អូនអ៊ីចឹង ដោយសារពីមុន នាងមានផ្ទះមួយ នៅទីក្រុងវ៉ាស៊ីងតោន ជារដ្ឋអ្នកនាងអម្ពរ ទេវី កំពុងរស់នៅដែរ ។ ណាផា ថាចាប់ពីពេលនេះតទៅ នាងនឹងចុះឡើងមកស្រុកខ្មែរ ឲ្យបានញឹកញាប់ជាងមុន និងលែងមកបែបលាក់មុខទៀតហើយ ព្រោះនាងត្រូវការលក់ផលិតផលនៅក្នុងស្រុក ឲ្យកាន់តែសកម្ម ក៏ដូចជាបន្ដអាជីពសម្ដែង ជាថ្មីផងដែរ ៕
