ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ទើបនឹងសម្ភាសជាប់ ដើម្បីចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយកូនស្រី រង់ចាំតែថ្ងៃកំណត់ត្រូវចេញដំណើរ ស្រាប់តែអកុសល ត្រូវរថយន្តដឹកដែក ១គ្រឿង កិនខ្ទេចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង មុខវត្តស្វាយផ្អែម ស្ថិតក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល។

ស្ត្រីរងគ្រោះ មានឈ្មោះតុប សារ៉េត អាយុ៦៨ឆ្នាំ មានលំនៅ បុរីភពថ្មី គម្រោង៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល និងមានស្រុកកំណើតនៅខេត្តតាកែវ។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះខាងលើ ទើបនឹងសម្ភាសដើម្បីទៅរស់នៅសហរដ្ឋអា មេរិក ជាប់ ហើយនៅថ្ងៃកើតហេតុ គាត់បានពឹងឱ្យក្មួយប្រុសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1R-4000 ដឹកគាត់ទៅបកប្រែឯកសារមួយចំនួន។ លុះក្រោយពេលបកប្រែចប់ ក៏ឱ្យក្មួយប្រុស ដឹកត្រឡប់មកផ្ទះវិញ ដោយធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច មកដល់ត្រង់ចំណុចកើតហេតុ បានបត់ស្តាំ ស្រាប់តែរអិលដីខ្សាច់ បណ្តាលឱ្យដួលម៉ូតូ និងធ្វើឱ្យស្ត្រីរងគ្រោះ ខ្ទាតចូលក្រោមកង់ក្រោយរថ យន្តដឹកដែក១គ្រឿង ម៉ាក FUSO ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ 3A-1932 ដែលកំពុងបើកស្របគ្នា មកពីក្រោយ ក៏ត្រូវរថយន្តដឹកដែក កិនអូសជាង ១០០ម៉ែត្រ ខ្ទេចខ្លួន ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកក្មួយប្រុសដែលជាអ្នកបើកម៉ូតូ រងរបួសស្រាល។ បន្ទាប់ពីកើតហេតុ រថយន្តបានឈប់ ហើយអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិ យាយល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

