Friday, January 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលោកគ្រូ ស្រឡាញ់សិស្សប្រុស ខឹងម៉ែរារាំង ចាក់ធ្លា.យពោះ

លោកគ្រូ ស្រឡាញ់សិស្សប្រុស ខឹងម៉ែរារាំង ចាក់ធ្លា.យពោះ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ជាគ្រូបង្រៀន ជាមនុស្សស្រឡាញ់ភេទដូចគ្នា បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយសិស្សរបស់ខ្លួន ដែលទើបនឹងមានអាយុ ១៣ឆ្នាំ លុះចុងក្រោយ បានជិះកង់បី ស្កាត់មកជួបក្មេងប្រុសជាគូស្នេហ៍ ដល់ផ្ទះ ស្រាប់តែកើតមានទំនាស់ពាក្យសម្តី ជាមួយម្តាយក្មេងប្រុស ដែលរារាំងមិនឲ្យទាក់ទងស្នេហាភេទដូចគ្នាជាមួយកូនប្រុសគាត់ រហូតផ្ទុះហិង្សា ទាញដែកចុងស្រួច ចាក់ស្ត្រីជាម្តាយសង្សារ បណ្តាលឱ្យធ្លាយពោះ រងរបួសធ្ងន់។ លុះអ្នកជិតខាងម្នាក់ បានឃើញ ស្ទុះមកជួយឃាត់ ក៏ត្រូវជនសង្ស័យ ចាក់បណ្តាលឱ្យរងរបួសថែមម្នាក់ទៀត ។ ទីបំផុត ជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនដៃដល់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ គង់ សេដ្ឋារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូបង្រៀន មានលំនៅ ភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ជាមនុស្សស្រឡាញ់ភេទដូចគ្នា (ប្រុសស្រឡាញ់ប្រុស)។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ជា រតនា អាយុ៤៣ឆ្នាំ ត្រូវជាម្តាយក្មេងប្រុសឈ្មោះ គ.ល.ម អាយុ១៣ឆ្នាំ ត្រូវជាសិស្សរបស់ជនដៃដល់ខាងលើ។

លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការដ្ឋាននគរបាលក្រុងច្បារមន បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ឈ្មោះ គង់ សេដ្ឋារ៉ា ជាជនបង្កហេតុ (ប្រុសស្រឡាញ់ប្រុស) បានជិះម៉ូតូកង់បីទៅជួបសង្សាររបស់ខ្លួន ឈ្មោះ គ.ល.ម ភេទប្រុស អាយុ១៣ឆ្នាំ នៅចំណុចភូមិកើតហេតុខាងលើ។ លុះទៅដល់ កើតមានទំនាស់ពាក្យសម្តីជាមួយស្ត្រីឈ្មោះ ជា រតនា ត្រូវជាម្តាយរបស់ក្មេងប្រុសឈ្មោះ គ.ល.ម ដោយសារតែស្ត្រីជាម្តាយក្មេងប្រុសនោះ រារាំងមិនឲ្យជនសង្ស័យទាក់ទងស្នេហាភេទដូចគ្នាជាមួយកូនប្រុសគាត់ ធ្វើឲ្យជនសង្ស័យឈ្មោះ គង់ សេដ្ឋារ៉ា ផ្ទុះកំហឹង ក៏បានយកដែកចុងស្រួច ចាក់ទៅលើស្ត្រីរងគ្រោះ ឈ្មោះ ជា រតនា ត្រូវពោះ និងក្រោមចង្កាខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ភ្លាមៗនោះ មានអ្នកជិតខាងម្នាក់ ឈ្មោះយោង ប៊ន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានឃើញហេតុការណ៍ ក៏ចូលទៅជួយឃាត់ ស្រាប់តែត្រូវឈ្មោះ គង់ សេដ្ឋារ៉ា ចាក់ត្រូវចំកែងដៃខាងឆ្វេង និងស្មា បណ្តាលឱ្យរងរបួសស្រាល ថែមម្នាក់ទៀត។ ចំណែកជនដៃដល់ ក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។

លោកអធិការនគរបាលក្រុងច្បារមន បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយក្រវាន់ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ សេដ្ឋារ៉ា យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ ទាំង២នាក់ ប្រាកដមែន មូលហេតុដោយសារតែទំនាស់ពាក្យសម្តី។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES