ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ ក្នុងសង្គ្រាមឈ្លានពានទាំងពីរលើក (ថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥) បានធ្វើឱ្យសំណង់ស្ថាបត្យកម្មដែលស្ថិតក្នុងស្ថានភាពទម្រង់ដើម ព្រមទាំងផ្នែកទាំងឡាយនៃប្រា សាទព្រះវិហារ និងរចនាសម្ព័ន្ធដែលបានជួសជុលឡើងវិញ សិលាចារឹក អគារអភិរក្ស និងបរិក្ខារបច្ចេកទេសនានា ត្រូវបានបំផ្លាញ ខូចខាតយ៉ាងធ្ងន់ ដែលបានរារាំងយ៉ាងខ្លាំងដល់ដំណើរការខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិ និងដៃគូអន្តរជាតិ ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ មានខ្លឹមសារទាំងស្រុងថា “ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជាតិ-អន្តរ ជាតិ អំពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖

ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមាន ៖ ការខូចខាតប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញ ចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋា រចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្ស របស់អាជ្ញាធរជាតិព្រះវិហារ។ សហគមន៍ជុំវិញប្រាសាទ រងការខូចខាត ចំនួន៦០កន្លែង រួមមាន ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជន ចំនួន ១៤ ៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះ ត្រូវបានកត់ត្រាចងក្រងជាផ្លូវការ ដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។

ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភ័ស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ស្ថាបត្យកម្មសំខាន់ៗ ស្ទើរតែទាំងអស់ នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់ និងជណ្តើរបុរាណខាងជើង បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការខូចខាតទាំងនេះ គឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្ដងហើយម្ដងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ។

ជាមួយគ្នានេះ សកម្មភាពអភិរក្ស ជួសជុលប្រចាំថ្ងៃ ត្រូវបានរាំងស្ទះ រីឯហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការងារអភិរក្ស ជួសជុល ក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួលរងការខូចខាតទាំងស្រុង ដូចជា ៖
– គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង (កិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក) ៖ ទាំងផ្នែកដើមរបស់ជណ្តើរ ដែលកាលពីមុន ស្ថិតក្នុងស្ថានភាពល្អ និងផ្នែកទាំងឡាយដែលបានជួសជុលរួច រយៈពេលជិត ១០ឆ្នាំមកនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយអគារនិងសម្ភារអភិរក្សនិងជួសជុល ត្រូវទទួល រងការខូចខាតទាំងស្រុង។
– គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ (កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា) ៖ ហេដ្ឋារចនាសម្ព័ន្ធគោបុរៈទី៥ ទទួលរងការខូចខាតធ្ងន់ធ្ងរ អគារអភិរក្ស និងសម្ភារសម្រាប់ការជួសជុលប្រាសាទ ត្រូវបានបំផ្លាញទាំងស្រុង។
– សំណង់ស្ថាបត្យកម្មគោបុរៈទី១ ទី២ និងទី៣ (កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន) ៖ ការខូចខាតទីតាំងនេះ មានលក្ខណៈធ្ងន់ធ្ងរ និងផ្នែកជាច្រើនបានខូចខាតទម្រង់ដើមទាំងស្រុង ទាមទារឱ្យមានការសិក្សាលម្អិត លើការខូចខាតថ្មីៗ លក្ខណៈបច្ចេកទេស និងរៀបចំផែនការជួសជុលឡើងវិញ ដោយលទ្ធផលសិក្សាកន្លងមក មិនអាចយកមកប្រើប្រាស់បានទេ ដោយសារការខូចខាតថ្មីៗ។
ជារួមការវាយប្រហារទាំងពីរលើក របស់យោធាថៃ មកលើប្រាសាទព្រះវិហារ បានធ្វើឱ្យសំណង់ស្ថាបត្យកម្មដែលស្ថិតក្នុងស្ថានភាពទម្រង់ដើម ព្រមទាំងផ្នែកទាំងឡាយនៃប្រាសាទ និងរចនាសម្ព័ន្ធដែលបានជួសជុលឡើងវិញ សិលាចារឹក អគារអភិរក្ស និងបរិក្ខារបច្ចេកទេសនានា ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងយ៉ាងខ្លាំងដល់ដំណើរការខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិ និងដៃគូអន្តរជាតិ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចេញផ្សាយជាផ្លូវការ នូវរបាយ ការណ៍វាយតម្លៃការខូចខាត រួមទាំងឯកសារវីដេអូពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំងពីរលើកនេះ ចងក្រងដោយអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងរបាយការណ៍សង្ខេប ស្តីពីការបោសសម្អាតនិងការពិនិត្យអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចងក្រងដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះ ជូនដល់អង្គការយូណេស្កូ គណៈ កម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏សូមអំពាវនាវដល់អង្គការនិងសហគមន៍អន្តរជាតិ ផ្ដល់ការគាំទ្រដល់វិធានការបន្ទាន់នានា សំដៅការពារប្រាសាទ ពីការវាយប្រហារបន្ថែម គាំទ្រដល់ការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀត និងជួសជុលស្តារប្រាសាទឡើងវិញ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តអំពាវនាវឱ្យមានការគោរពដល់ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងពិធី សារទីពីរ ឆ្នាំ១៩៩៩ ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលសុទ្ធតែជាច្បាប់អន្តរជាតិ ដែលត្រូវបានបង្កើតឡើងសម្រាប់ចងភ្ជាប់រដ្ឋភាគីទាំងអស់ ឱ្យគោរព និងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសកល។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងបន្តស្រាវជ្រាវ ចងក្រងឯកសារលម្អិត ស្តីពីការខូចខាត ព្រមទាំងធ្វើទំនាក់ទំនងជាប់មិនដាច់ ជាមួយស្ថាប័នជំនាញជាតិ-អន្តរជាតិ ដោយរួមទាំងទៅលើទិដ្ឋភាពបច្ចេកទេស ការទូត និងផ្លូវច្បាប់ សម្រាប់ភាពយុត្តិធម៌ ការការពារនិងការស្តារឡើងវិញនូវប្រាសាទព្រះវិហារ ជាទីសក្ការៈរបស់កម្ពុជា។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាតិ-អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន“ ៕ ខៀវទុំ