Thursday, January 15, 2026
Homeសង្គម និងជីវិតពលរដ្ឋឈឺធ្ងន់ គ្មានឡានពេទ្យដឹក ខ្ចីរទេះដឹកអុស អូសទៅពេទ្យ

ពលរដ្ឋឈឺធ្ងន់ គ្មានឡានពេទ្យដឹក ខ្ចីរទេះដឹកអុស អូសទៅពេទ្យ

ខេត្តបាត់ដំបង ៖ ស្ត្រីចំណាស់ម្នាក់ ដោយសារអាការជំងឺប្រចាំកាយធ្វើទុក្ខ បណ្តាលឱ្យសន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែដោយសារគ្មានឡានពេទ្យដឹក ទើបខ្ចីរទេះដឹកអុសរបស់ប្រជាពលរដ្ឋ អូសទៅកាន់មន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់។

ស្ត្រីចំណាស់ដែលឈឺធ្ងន់ គ្មានឡានពេទ្យដឹក សាច់ញាតិខ្ចីរទេះដឹកអុស អូសយកទៅមន្ទីរពេទ្យ មានឈ្មោះសេង គ្រឹង មានលំនៅក្នុងភូមិវត្តកន្ទឺ ឃុំកន្ទឹ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមប្រភពលោក ឈាង ផល្លា ចាងហ្វាងការផ្សាយសារព័ត៌មានបាណន់សន្តិភាព ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា មានស្ត្រីជាអ្នកជំងឺម្នាក់ មានជំងឺធ្ងន់ គ្នានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ទើបសាច់ញាតិបានខ្ចីរទេះដឹកអុស មកអូសអ្នកជំងឺ ទីកាន់មន្ទីរពេទ្យ។

ដោយមើលឃើញស្ថានភាពបែបនេះ លោកឈាង ផល្លា បានសរសេរក្នុងទមព័រហ្វេសប៊ុក របស់់លោកថា “ឱ ប្រជាពលរដ្ឋក្នុងស្រុកបាណន់ អើយ! តើរំពឹងអ្វីទៀត? បើពលរដ្ឋធ្លាក់ខ្លួនឈឺធ្ងន់ ហើយសួររកឡានពេទ្យ បែរជាឆ្លើយថា អត់មាន! ចុះឡានពេទ្យដែលក្រុមការងាររាជរដ្ឋាភិបាល ផ្តល់ជូនគ្រប់ឃុំ និងឡានពេទ្យបង្អែកស្រុក យកទៅណាអស់?…”។

លោក ឈាង ផល្លា បានសរសេរបន្តថា “នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ បានមកខ្ចីរទេះដឹកអុស របស់លោកឈាង ផល្លា ដែលគេស្គាល់ថាជាចាងហ្វាងការផ្សាយ នៃសារព័ត៌មានបាណន់សន្តិភាព  ដើម្បីយកទៅដឹកអ្នកជំងឺ ទៅពេទ្យ។ សំណួរសួរថា តើសេវាកម្មសុខាភិបាលស្រុកបាណន់ ដល់កម្រិតហ្នឹងផង? ប្រជាពលរដ្ឋ បានសូមស្នើដល់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត មេត្តាជួយពិនិត្យផងទាន និងលោកវឿង ប៊ុនរ៉េត គួរប្រើវិធានការ ដើម្បីបង្កើតស្នាដៃក្នុងនាមជាមន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង។ សូមបញ្ជាក់ថា អ៊ុំស្រី សេង គ្រឹង ជាប្រជាពលរដ្ឋរស់នៅទឹកដីភូមិវត្តកន្ទឺ ឃុំកន្ទឹ១ ស្រុកបាណន់ ខេត្តបាត់ដំបង  កំពុងមានជីវភាពខ្វះខាតខ្លាំង។ ហេតុអ្វីទេវតា មិនជួយអ្នកក្រខ្សត់?…”។

ទោះបីជាយ៉ាងណា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មន្ត្រីនៃរដ្ឋបាលឃុំកន្ទឺ២ បានបង្ហោះវីដេអូមួយ បង្ហាញពីការចុះសួរនាំកូនប្រុសរបស់ស្ត្រីជាអ្នកជំងឺឈ្មោះសេង គ្រឹង ដោយផ្ទាល់ អំពីរឿងរ៉ាវនៃការដឹកម្តាយ តាមរទេះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយភ្ជាប់ជាមួយសំណេរថា “ព័ត៌មានដែលរដ្ឋបាលឃុំ បានចុះទៅសាកសួរទៅក្រុមគ្រួសារអ្នកជំងឺ គឺបានបំភ្លឺដូចវីដេអូខាងក្រោម មិនដូចការផុសមិនពិត ពីអ្នកកាសែតបាណន់សន្តិ ភាពបង្ហោះក្នុង Facebook (ផល្លា ឈាង) នោះទេ…”។

តាមរយៈវីដេអូ រយៈពេលជិត២នាទី បុរសម្នាក់ ដែលអះអាងថា ជាកូនប្រុសបង្កើតរបស់អ្នកជំងឺឈ្មោះសេង គ្រឹង បានរៀបរាប់ថា “ខ្ញុំទាក់ទងទៅឡានពេទ្យ គេថាជាប់រវល់ អ៊ីចឹងបានខ្ញុំអូសរទេះខ្ញុំ ទៅដល់កន្លែងមន្ទីរពេទ្យ ឱ្យមន្ទីរពេទ្យ គាត់ជូនទៅដល់ពេទ្យធំ ឥឡូវសុខភាព គាត់ (ម្តាយ) អត់ទាន់ដឹងខ្លួនទេ ពេទ្យគាត់ជួយបន្តោកសេរ៉ូម។ ចង់និយាយថា ទៅដល់ពេទ្យ ពេទ្យដែលកាន់គ្រប់គ្រងនៅស្រុកបាណន់ គាត់ខ្នះខ្នែង គាត់បន្តោកសេរ៉ូម បន្តោកអី ឱ្យយើងហើយគាត់រៀបចំឡាន សម្រាប់ទុកដាក់អ្នកជំងឺហ្នឹង ទៅដល់ពេទ្យធំទៀត ហើយគាត់អត់មានយកលុយយើងទេ…”។

ចំណែកស្ត្រីជាមន្ត្រីរដ្ឋបាលឃុំកន្ទឺ២ បានរៀបរាប់នៅក្នុងវីដេអូដែរថា “អ្នកទាំងអស់គ្នាឃើញហើយ ឥឡូវនេះ គាត់ជាកូនរបស់លោកយាយ (សេង គ្រឹង) ផ្ទាល់ ហើយកន្លងមក ឃុំបានជួយជាស្បៀង ជាថវិកាដែរ មិនមែនដូចនៅក្នុងសារព័ត៌មានគាត់បង្ហោះថា ឃុំ ទុកចោល ស្រុកទុកចោលអីអត់ទេ ហើយម្សិលមិញ ឃុំក៏ជួយសម្រួលដែរ ដើម្បីឱ្យមានមធ្យោបាយដឹកទៅពេទ្យ ម្សិលមិញ ដោយសារបញ្ហាយើងអត់មានឡាន គេអត់បានមកដឹកដល់ផ្ទះទេ ដោយសារតែឡានពេទ្យ ជាប់រវល់ ហើយអត់បានទៅខ្ចីរ៉ឺម៉កអ្នកណាទេ គឺរ៉ឺម៉កគាត់ខ្លួនឯង ដឹកទៅមណ្ឌលសុខភាព ហើយមណ្ឌលសុខភាព ខ្នះខ្នែងណាស់…”៕

RELATED ARTICLES