Friday, January 16, 2026
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់ឱ្យពលរដ្ឋទទួលសេវាច្រកចេញចូលតែមួយ តាមអនឡាញ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់ឱ្យពលរដ្ឋទទួលសេវាច្រកចេញចូលតែមួយ តាមអនឡាញ

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៦ គ្រោងដាក់ឱ្យប្រជាពលរដ្ឋ អាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ គេហទំព័ររបស់ក្រសួងមហាផ្ទៃ «website» និងទាំង App «online.owso.gov.kh» OWSM CAMBODIA General Department of Administration, MOI ខណៈក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានសមិទ្ធផល ជាច្រើន គួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ។

លោក ហុក ហួលីម នាយករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដំណើរនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកម្មវិធីប្រព្រឹត្តិទៅនៅសណ្ឋាគារ រ៉េស៊ីដងសុខាភ្នំពេញ។

លោកនាយករដ្ឋបាល បន្តថា អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារ​ណៈ​គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ បានចំនួន ១១៦ ៧២៧សេវា ដោយទទួលបានចំណូលសរុប ៦៩ ៧៧៩ ៨០០រៀល។ ដោយឡែករដ្ឋបាលខណ្ឌទាំង១៤ ក៏បានផ្តល់សេវា សរុបចំនួន ៥៥៦ ៧៧៨សេវា ជូនប្រជាពលរដ្ឋផងដែរ និងទទួលបានចំណូលថវិកាសរុប ចំនួន ៣ ១៩១ ៤៣៤ ៥៨១រៀល។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគេហទំព័រ ឃ្យូ.អ.កូដ (QR Code web Portal) សម្រាប់បង្កើត ឃ្យូ.អ.កូដ ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ Veritify.gov.kh សម្រាប់ដាក់លើអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងលិខិតរដ្ឋបាលផ្សេងៗ។

ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ដំណើរការប្រព័ន្ធច្រកចេញចូលតែមួយ តាមអនឡាញ តាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ «website» និង App «online.owso.gov.kh» OWSM CAMBODIA General Department of Administration, MOI។

លោក ហុក ហួលីម បានបញ្ជាក់ពាក់ព័ន្ធនឹងការវិនិយោគ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ សរុបមានចំនួន ៤៤គម្រោង និងបង្កើតការងារធ្វើចំនួន ២២ ៧០៣កន្លែង។

ក្នុងនោះ ពាក់ព័ន្ធនឹងការងារធនធានទឹកនិងឧតុនិយម បានស្តារប្រឡាយស្រោចស្រព ក្នុងខណ្ឌកំបូល ចំនួន១ខ្សែ ប្រវែង ៧៥០ម៉ែត្រ សម្រេច បាន១០០ភាគរយ និងជួលជុលសំណង់ទ្វារទឹក និងដាក់លូ ចំនួន១ខ្សែ។ ស្តារប្រឡាយស្រោចស្រព ចំនួន ១ខ្សែ ប្រវែង ១០២០ម៉ែត្រ សម្រេចបាន ១០០ភាគរយ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។

ជួសជុលជាប្រចាំ ប្រព័ន្ធធារាសាស្ត្រ ទំនប់សណ្តក្រាំងពង្រក្រោម ៖ ជួសជុលបង្ហាប់ថ្មមិច លើខ្នងទំនប់ ប្រវែង ៩ ៩៤២ម៉ែត្រ លទ្ធផលសម្រេចបាន ១០០ភាគរយ ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ និងជួសជុលជើងទេរទំនប់ ប្រវែង ៩ ៩៤២ម៉ែត្រ លទ្ធផលសម្រេចបាន ១០០ភាគរយ ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ទាក់ទិននឹងការងារដ្ឋាករទឹក រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ បានផលិតទឹកស្អាត បានចំនួន ៣០៨ ៩៤០ ៤៥៦ម៉ែត្រគូប ស្មើនឹង ៩៧,០៨ភាគរយ នៃផែនការឆ្នាំ២០២៥ និងបានតបណ្តាញទឹកស្អាតចូលផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌទាំង១៤ និងក្រុងតាខ្មៅ បានចំនួន ២២ ០០៣ បណ្តាញ។

ពាក់ព័ន្ធនឹងផ្នែករដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារអនុវត្តគោល នយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” រដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន បាន៤៤៨ករណី ឃាត់ខ្លួន ៦១៧នាក់ បង្ក្រាបក្មេងទំនើងបាន ២៣៤ករណី/៦៩៥ករណី ឃាត់ខ្លួន ៧១៣នាក់/១៤១៥នាក់ (ស្រី៣៧នាក់/៦១នាក់) បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៦៥៣ករណី/១៤០៦ករណី ឃាត់ខ្លួន ២៨៨២នាក់/២៥៨៣នាក់ (ស្រី២៣៨នាក់/២៣៥នាក់) បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ៥៥ករណី ឃាត់ខ្លួន ៣៣៨នាក់ (ស្រី២៥នាក់) ការងារប្រឆាំងជួញដូរមនុស្សនិងការពារអនីតិជន បង្ក្រាបបាន ៥ករណី ឃាត់ខ្លួន៨នាក់ (ស្រី១នាក់) បង្ក្រាបបទល្មើសសេដ្ឋកិច្ច ចំនួន២២ករណី ឃាត់ខ្លួន ៧នាក់ ការងារសហការបង្ក្រាបបទល្មើស (Online Scams) បានចំនួន ៤៤ករណី ឃាត់ខ្លួន ១០៧៧នាក់/១១សញ្ជាតិ (ស្រី១៧៦នាក់) និងគ្រោះអគ្គិភ័យកើតមាន ១៤៨លើក/១៣៦លើក កើនឡើង ១២លើក ស្មើនឹង៩ភាគរយ (ស្លាប់ ១៨នាក់/៣នាក់ របួស ២៩នាក់/៤នាក់)។

បន្ថែមលើនេះ ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានពីគ្រោះមហន្តរាយធម្មជាតិ៕

RELATED ARTICLES