Monday, January 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆ្នាំ២០២៥ គ្រោះធម្មជាតិ ១២០០លើក ស្លាប់មនុស្ស ៧៩នាក់

ឆ្នាំ២០២៥ គ្រោះធម្មជាតិ ១២០០លើក ស្លាប់មនុស្ស ៧៩នាក់

ភ្នំពេញ ៖ លោកសុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ គ្រោះមហន្តរាយធម្មជាតិ បានកើតឡើងជាង១២០០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ២៤០នាក់ ព្រមទាំងខូចខាតផ្ទះសម្បែង ជាង ១ម៉ឺនខ្នង មានការថយចុះបើធៀបទៅនឹងឆ្នាំ២០២៤។

លោកសុទ្ធ គឹមកុលមុនី បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០៦ថា ឆ្នាំ ២០២៥ គ្រោះមហន្តរាយធម្មជាតិ រួមមាន ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ១២០៥លើក បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៧៩នាក់ រងរបួស១៦៤នាក់ និងបំផ្លាញផ្ទះសម្បែង ១០៣៥៣ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត។

អ្នកនាំពាក្យរូបនេះ បន្តថា ក្នុងនោះគ្រោះអគ្គិភ័យបានកើតឡើង ចំនួន៨១២លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣៥នាក់ និងរងរបួស ចំនួន៦៣នាក់ ឆេះផ្ទះ៨៣៦ខ្នង តូបផ្សារ៩០តូប ឃ្លាំងទំនិញ២៥កន្លែង រោងចក្រសិប្បកម្ម១៦កន្លែង និងអគាររដ្ឋបាល១២កន្លែង ស្លាប់មនុស្ស ២០នាក់ និងរបួស៥៩នាក់។ ក្នុងចំណោម៨១២លើក ក្នុងនោះ នៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេមានចំនួន១៧៦លើក បណ្តាលឱ្យឆេះ ផ្ទះ២០៥ខ្នង តូបផ្សារ២១ តូប ឃ្លាំងទំនិញ១៣កន្លែង រោងចក្រសិប្បកម្ម៦កន្លែង អគាររដ្ឋបាល២កន្លែង ស្លាប់មនុស្ស១៨ នាក់ និងរបួស៨នាក់។

ចំណែកគ្រោះរន្ទះបាញ់ បានកើតឡើងចំនួន៩៣លើក ខូចខាតផ្ទះសម្បែងចំនួន២០ខ្នងស្លាប់មនុស្ស៤៥នាក់ របួស៥៨ នាក់ និងងាប់គោ ក្របី៧១ក្បាល។ រីឯខ្យល់កន្ត្រាក់វិញ បានកើតឡើងចំនួន៣០០លើក បណ្តាលឱ្យរលំផ្ទះចំនួន ៤៦៨ខ្នង របើកដំបូលផ្ទះ៩០២៩ខ្នង របើកដំបូល សាលារៀន៥០ខ្នង តូបផ្សារ២៩តូប អគាររដ្ឋបាល២០កន្លែង ស្លាប់មនុស្ស១៤នាក់ និងរបួស៤៧នាក់។

ជាមួយគ្នានេះ លោកអ្នកនាំពាក្យ បានឱ្យដឹងទៀតថា តួលេខនេះ បើធៀបទៅនឹងឆ្នាំ២០២៤កន្លងទៅ ឃើញថាមានការថយចុះគួរ ឱ្យកត់សម្គាល់ ដោយឆ្នាំ២០២៤ គ្រោះធម្មជាតិកើតឡើងបានកើតឡើងចំនួន ១២៤៣លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៩៥នាក់ រងរបួស១៥៣ នាក់ និងបំផ្លាញផ្ទះសម្បែង៦០៥៣ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត។

ក្នុងនោះគ្រោះអគ្គិភ័យបានកើតឡើង ចំនួន៨២៣លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន២០នាក់ និងរងរបួសចំនួន៥៩នាក់ ឆេះផ្ទះ៨៣៧ខ្នង តូបផ្សារ២៧៤តូប ឃ្លាំងទំនិញ២៤កន្លែង រោងចក្រសិប្បកម្ម២៥កន្លែង និងអគាររដ្ឋបាល២៧កន្លែង ស្លាប់មនុស្ស២០នាក់និងរបួស៥៩នាក់។ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន១២៥លើក បណ្តា លឱ្យខូចខាតផ្ទះសម្បែងចំនួន៣១ខ្នង ស្លាប់មនុស្ស៦៨នាក់ របួស៥៥នាក់ និងងាប់គោក្របី ៤៥ក្បាល និងខ្យល់កន្ត្រាក់បានកើតឡើងចំនួន២៩៥លើក បណ្តាលឱ្យរលំផ្ទះចំនួន៥៤៨ខ្នង របើកដំបូលផ្ទះ ៤៦៣៧ខ្នង របើកដំបូលសាលារៀន ៥១ខ្នង តូបផ្សារ៤០តូប អគាររដ្ឋបាល២៣កន្លែង ស្លាប់មនុស្ស៧នាក់ និងរបួស៣៩នាក់៕

RELATED ARTICLES