Thursday, January 22, 2026
Homeព័ត៌មានជាតិសារមន្ទីរទួលស្លែង បដិសេធយកថ្លៃសំបុត្រ ២ម៉ឺន៥ពាន់

សារមន្ទីរទួលស្លែង បដិសេធយកថ្លៃសំបុត្រ ២ម៉ឺន៥ពាន់

ភ្នំពេញ ៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានប្រកាសថា ពុំមានការយកថ្លៃសំបុត្រ មួយសន្លឹក ២៥០០០រៀល ចូលទៅទស្សនានៅក្នុងសារមន្ទីរទួលស្លែង នោះទេ។

ការចេញមកបដិសេធខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានករណីបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ «មនុស្ស និងធម្មជាតិ»។

យោងតាមសេចក្តីជូនដំណឹងរបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ “មនុស្ស និងធម្មជាតិ” ដែលមានម្ចាស់គណនីឈ្មោះហែម សោភ័ន្ត ជាមគ្គុទេសក៍ទេសចរណ៍ បានបង្ហោះមាតិកាមួយ ពីតម្លៃសំបុត្រចូលទស្សនាសារមន្ទីរទួលស្លែង និងចោទប្រកាន់ថា សារមន្ទីរ គិតតម្លៃសំបុត្រ១ ស្មើនឹង ២៥ ០០០រៀល។

ខ្លឹមសាររបស់ម្ចាស់អាខោននេះ លើកឡើងថា “សំបុត្រ១ មានតម្លៃ ៥ដុល្លារ ប៉ុន្តែបើគិតជាលុយ ២ម៉ឺនហើយ ត្រូវថែម ៥ពាន់រៀលទៀត។ ហេតុនេះ ២សំបុត្រ ១០ដុល្លារ តែគិតជាលុយខ្មែរ គឺអស់ ៥ម៉ឺនរៀល”។

ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ សារមន្ទីរ ពិនិត្យឃើញថា មិនមានការយកតម្លៃដូចការចោទប្រកាន់របស់លោក ហែម សោភ័ន្ត នោះទេ។ ដូច្នេះលោកហែម សោភ័ន្ត ត្រូវលុបរាល់ការបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីនេះ ព្រមទាំងត្រូវសុំទោសជាសាធារណៈ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានខាងលើ។ ដ្បិតនេះជាព័ត៌មានមិនពិត ដែលបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសរបស់សារមន្ទីរទួលស្លែង។

សូមបញ្ជាក់ថា ចំពោះសាធារណជន និងសិស្សានុសិស្ស ជនជាតិខ្មែរ អាចចូលទស្សនាសារមន្ទីរទួលស្លែង ដោយឥតគិតថ្លៃ និងជារៀងរាល់ថ្ងៃ៕

RELATED ARTICLES