Friday, January 23, 2026
Homeតារាខ្មែរសូម្បីតែលោកឧកញ៉ា ព្រាប សុវត្ថិ  នៅតែរកស៊ីលក់លៀសហាល !

សូម្បីតែលោកឧកញ៉ា ព្រាប សុវត្ថិ  នៅតែរកស៊ីលក់លៀសហាល !

ភ្នំពេញ ៖ តាមរយៈការបង្ហាញខ្លួនលើឆាកតន្រ្ដី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកព្រាប សុវត្ថិ នៅតែច្រៀងបទចាស់ល្បីៗរបស់លោក នៅហង្សមាស ដដែល ដូចជាបទ «នឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រលាញ់ខ្ញុំ» និងបទ «មាន់ស្រែ បន្លែស្រស់» ជាដើម បើទោះជាពេលនេះ បទ «បើគេសួរអូន» នៅ Galaxy កំពុងតែល្បីល្បាញ និងមុខរបរថ្មីរបស់លោក ក៏កំពុងល្បី រហូតអ្នកខ្លះហៅលោកថា ឧកញ៉ាលៀសហាល។

ការបន្ដច្រៀងបទនៅហង្សមាស របស់លោកព្រាប សុវត្ថិ លើឆាកធំៗនេះ ជាការលាងជម្រះដំណឹងទាំងឡាយដែលមានការលើកឡើងនៅលើបណ្ដាញសង្គមថា ឧកញ៉ារូបនេះ លែងហ៊ានច្រៀងបទនៅផលិតកម្មចាស់ទៀតហើយ បន្ទាប់ពីលោកស្រី អ៊ឹង គឹមលាង ដែលជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស ត្រូវជាកូនអ្នកឧកញ៉ា អ៊ឹង ឆៃងួន ថៅកែហង្សមាស បានលើកឡើងកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥ ថា «តារាខ្លះ បានទៅកន្លែងថ្មី ខ្លះទៀតក្លាយជាអ្នកចម្រៀងឯករាជ្យ យកបទថ្មីដែលខ្លួនបានផលិតថ្មីៗ យកទៅប្រើប្រាស់ទៅ អត់ចាំបាច់តោងកាលីពពីបទចាស់ៗ ព្រោះតារាមានទេពកោសល្យពីកំណើតហើយ»។

ប្រតិកម្មរបស់កូនថៅកែហង្សមាស ពេលនោះ សំដៅដល់លោកព្រាប សុវត្ថិ ដែលឡើងច្រៀងនៅ Pub មួយ ត្រូវបានអ្នករៀបចំកម្មវិធី ឌីហ្សាញរូបលោកនៅហង្សមាស តែដំឡើងឡូហ្គោផលិតកម្ម Galaxy ហើយលោកសុវត្ថិ ច្រៀងបទល្បីៗនៅហង្សមាស ដូចជាបទ «ចាំបងមានសិន», «ចិត្តព្រៃផ្សៃ», និង «នឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រលាញ់ខ្ញុំ» ជាដើម ដោយមុនច្រៀង លោកថែមទាំងនិយាយទៅ Fan ថា «ខ្ញុំច្រៀងតាមសំណូមពរបងប្អូន បើគេខឹង បងប្អូនគិតម៉េច?»។

ការអះអាងរបស់លោកព្រាប សុវត្ថិ បែបនេះ បញ្ជាក់ថា លោកបានដឹងច្បាស់ថា កូនថៅកែហង្សមាស អាចមិនសប្បាយចិត្តដែលលោកច្រៀងបទនៅហង្សមាស ឡើងវិញ ព្រោះលោកស្រី អ៊ឹង គឹមលាង ចង់ឲ្យអតីតតារាទាំងអស់របស់ហង្សមាស គួរតែច្រៀងបទថ្មីៗរបស់ពួកគេទៅ កុំចាំបាច់តោងកាលីព បទចាស់ៗទៀតអី ។ ប៉ុន្ដែអ្នកជំនាញសិល្បៈ និងជាអតីតតារាហង្សមាស លោកនូ ស៊ឹប ប្រាប់អ្នកយកព័ត៌មានយើងថា តារាដែលចេញពីផលិតកម្មចាស់ ចូលផលិតកម្មថ្មី គេចង់ច្រៀងបទអីក៏បានដែរ មិនខុសទេ កុំឲ្យតែយកបទនៅផលិតកម្មចាស់ៗនោះ ទៅផលិតឡើងវិញ ដោយគ្មានការអនុញ្ញាតពីផលិតកម្មចាស់នោះ ទើបខុស។

សូមរំលឹកថា លោកព្រាប សុវត្ថិ បានច្រៀងឲ្យហង្សមាស រយៈពេល ២៣ឆ្នាំ (១៩៩៧-២០២០) ដែលមានបទ ចម្រៀងទាំងអស់ ជាង៣០០០បទ ។ ព្រាប សុវត្ថិ អាយុ៥១ឆ្នាំ ត្រូវបានមនុស្សជំនិត ប្រាប់អ្នកកាសែត កាលពីខែកញ្ញា ឆ្នាំ២០២០ ថាលោកមានទ្រព្យសរុប ប្រមាណ៣០លានដុល្លារ ស្របពេលលោកសុវត្ថិ ឡើងងារឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។ អំឡុងច្រៀងឲ្យ Galaxy នៅ៦ឆ្នាំនេះ ព្រាប សុវត្ថិ មិនដូចពីមុន ដែលលោក គង់ វិសាល អ្នកដឹកនាំកម្មវិធីសិល្បៈនៅប៉ុស្ដិ៍បាយ័ន ថាមនុស្សទាំង១០០ ស្រលាញ់ទាំង១០០នោះទេ ព្រោះរាល់ពេលលោកចេញសារការពារអ្នកនយោបាយ ឬថៅកែ មានអ្នកជេរលោកស្រោច នៅលើបណ្ដាញសង្គម ទើបធ្វើឲ្យមានការលើកឡើងថា កេរ្ដិ៍ឈ្មោះលោក មានការប្រែប្រួលបាត់ទៅហើយ ក្រោយប្ដូរផលិតកម្មនេះ។ យ៉ាងណា តាមរយៈការបង្ហាញខ្លួននៅដើមឆ្នាំ២០២៦ នេះ ព្រាប សុវត្ថិ មានការគាំទ្រឡើងវិញ ពិសេសក្រោយល្បីបទ «បើគេសួរអូន» ហើយនៅតាមឆាកខ្លះ លោកបានចាប់ដៃច្រៀងរាំជាថ្មី ជាមួយកូនប្រុសទី១​សុវត្ថិ មុនីវណ្ណ និងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ លោកសុវតិ្ថ ដែលមានមុខជំនួញ​ធំៗជាច្រើនក្នុងដៃ ដូចជា រកស៊ីវិស័យអចលនទ្រព្យ, Resort នៅខេត្តមណ្ឌលគិរី, ហាងបាយ, ហាងកាត់សក់ និងហាងកាហ្វេ ជាដើម នោះស្រាប់តែនៅឆ្នាំថ្មីនេះ លោកកាក់កបលក់លៀសហាល ផ្អើលអស់អតិ​ថិជននៅខណ្ឌសែនសុខ ។ អ្នកលេងហ្វេសប៊ុក លើកឡើងថា ពួកគេមិនខ្វល់រឿងបើកមុខរបរតូចតាច ឬធំដុំនោះទេ ព្រោះលំដាប់ឧកញ៉ា ព្រាប សុវត្ថិ ទៅហើយ នៅតែរកស៊ីលក់លៀសហាល រហូតខ្លះហៅឧកញ៉ា​លៀស​ហាល ទៀតផង…៕

RELATED ARTICLES