Thursday, January 22, 2026
Homeសង្គម និងជីវិតវីរកងទ័ពបេះដូងប្រហោង វះកាត់ជោគជ័យ

វីរកងទ័ពបេះដូងប្រហោង វះកាត់ជោគជ័យ

ភ្នំពេញ ៖ វីរកងទ័ពជួរមុខ ១រូប បានកើតមានជំងឺបេះដូងប្រហោង ដោយតែងតែមានអាការហត់ខ្លាំង ពិបាកក្នុងការបំពេញការងារប្រចាំថ្ងៃ ប៉ុន្តែនៅប្រឹងប្រែងឈរជើងក្នុងសមរភូមិ តតាំងជាមួយនឹងទាហានសៀមឈ្លានពាន ដោយក្លាហាន លុះក្រោយពីបានទទួលដំណឹងនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឱ្យក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ (TYDA) នាំវីរកងទ័ពជួរមុខរូបនេះ មកទទួលការវះកាត់និងព្យាបាលជំងឺបេះដូងប្រ ហោង នៅមន្ទីរពេទ្យកាល់ម៉ែត ដោយទទួលបានលទ្ធផលជោគជ័យ។

វីរកងទ័ពជួរមុខដែលកើតមានជំងឺបេះដូងប្រហោង និងទើបទទួលការវះកាត់បានជោគជ័យ ឈ្មោះអ៊ូច សាម៉ុន អាយុ ៥៣ឆ្នាំ ជាកងទ័ពជួរមុខ។

យោងតាមប្រភពសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៦ ថា សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឱ្យក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោក អ៊ូច សាម៉ុន អាយុ៥៣ឆ្នាំ ជាកងទ័ពជួរមុខ មកទទួលការវះកាត់ និង ព្យាបាលជំងឺបេះដូងប្រហោង នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលជោគជ័យ។

កន្លងមក លោក អ៊ូច សាម៉ុន តែងតែមានអាការហត់ខ្លាំង ដែលពិបាកក្នុងការបំពេញការងារប្រចាំថ្ងៃ។ ដោយមានភ័ព្វសំណាងខ្ពស់ លោកទទួលបានការយកចិត្តទុកដាក់ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត តាមរយៈការបញ្ជូនមកព្យាបាលជាមួយគ្រូពេទ្យជំនាញ រហូតដល់វីរកងទ័ពរូបនេះ មានអាការល្អប្រសើរវិញ ដែលក្នុងអំឡុងពេលសម្រាកព្យាបាលនេះ ថ្លៃចំណាយលើការព្យាបាល ការហូបចុក និងស្នាក់អាស្រ័យ គឺសម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ធានារ៉ាបរងទាំងអស់។

ក្នុងទឹកចិត្តត្រេកអរព្រោះជាពីជំងឺ និងមានអារម្មណ៍កក់ក្តៅ ព្រោះទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីថ្នាក់ដឹកនាំកំពូល វីរកងទ័ព អ៊ូច សាម៉ុន និងក្រុមគ្រួសារ សូមលើកហត្ថគោរពថ្លែងអំណរគុណជាអនេក ជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត៕

RELATED ARTICLES