Thursday, January 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការសម្រេចចោទប្រកាន់ ចិន៣នាក់ ជួញថ្នាំញៀន៦គីឡូ

តុលាការសម្រេចចោទប្រកាន់ ចិន៣នាក់ ជួញថ្នាំញៀន៦គីឡូ

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់ជនបរទេសពាក់ព័ន្ធករណីគ្រឿងញៀន ខុសច្បាប់ ទម្ងន់សរុបជាង ៦គីឡូក្រាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួលនិងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងសង្កាត់លេខ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

ដើមហេតុនៃការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នេះ បានផ្តើមចេញពីហេតុការណ៍នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១២និង២០នាទីរំលងអធ្រាត្រ ដែលមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចម្តុំអូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ហើយភាគីរថយន្តម្ខាង បានផ្ទុះអាវុធ ចំនួន២គ្រាប់ រួចបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់អស់។

ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ១-ឈ្មោះ SUN HAO RAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ២-ឈ្មោះ LIN CHING YAO ហៅ LIN JING YAO ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) និង៣-ឈ្មោះ LI CHENG CHIA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) ប្រគល់ជូនការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រមទាំងឆែកឆេរដកហូតបានវត្ថុតាង សង្ស័យសារធាតុញៀន ទម្ងន់សរុប ៦ ០៥៨,២៦ក្រាម ឬ ៦គីឡូ ៥៨,២៦ក្រាម ក្នុងនោះសារធាតុញៀនប្រភេទកេតាមីន (K) សរុបទម្ងន់ ២៩៩៧ក្រាម ឬ២គីឡូ ៩៩៧ក្រាម និងវត្ថុចាប់យកផ្សេងទៀត (តម្រុយពុំទាន់ច្បាស់លាស់) សរុបទម្ងន់ ៣ ០៦១,២៦ក្រាម ឬ ៣គីឡូ ៦១,២៦ក្រាម។

ក្រោយពីតំណាងអយ្យការ បានទទួលនិងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភ័ស្តុតាងពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យ ចំនួន៣នាក់ ១-ឈ្មោះ SUN HAO RAN, ២-ឈ្មោះ LIN CHING YAO ហៅ LIN JINGYAO និង ៣-ឈ្មោះ LI CHENG CHIA ព្រមទាំងជនជាប់ពាក់ព័ន្ធមួយចំនួនទៀត ពីបទជួញដូរ និងរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤៨ កថាខណ្ឌទី១ ទី៣ និងកថាខណ្ឌទី៦ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៨៤ អ.យ.ឆ/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES