Thursday, January 29, 2026
Homeតារាខ្មែរយូ ឌីស្កូ សង្ឃឹម៥០ភាគរយ សង្គ្រោះបន្ទាន់នៅឥណ្ឌា

យូ ឌីស្កូ សង្ឃឹម៥០ភាគរយ សង្គ្រោះបន្ទាន់នៅឥណ្ឌា

ភ្នំពេញ ៖ តារាសម្តែង លោក យូ ឌីស្កូ ដែលធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ ខូចក្រលៀន និងបានចេញទៅវះកាត់ប្តូរ ក្រ លៀន នៅប្រទេសឥណ្ឌា ទទួលបានជោគជ័យ កាលពី៨ឆ្នាំមុននោះ ពេលនេះបានធ្លាក់ខ្លួនឈឺធ្ងន់ជាលើកទី២ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯប្រទេសឥណ្ឌាខណៈដែលរូបលោកបានប្រាប់តាមរយៈដៃគូសម្តែង គឺអ្នកនាង ទូច ស្រីលក្ខណ៍ ថា លោកសល់ក្តីសង្ឃឹមត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ។

លោកអ៊ឹម ជីវ៉ា តារាសម្តែងល្បីឈ្មោះ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ថា “ដំណឹងបន្ទាន់ លោកយូ ឌីស្កូ ត្រូវបញ្ជូនទៅប្រទេសឥណ្ឌា បន្ទាន់ ដោយសារជាតិពុលឡើងខ្លាំងកម្រិតធ្ងន់ សំឡេងបង បានប្រាប់ថា លក្ខណ៍អូន បងគ្មានអ្វីទៀតទេ សល់តែ ៥០ភាគរយនៃក្តីសង្ឃឹម នៅពេលនេះ។ ខ្ញុំមិនអាចឈរមើលបងដោយដង្ហើមហត់មួយនេះបានទេ ខ្ញុំនឹងលើកដៃសុំពីមិត្តភក្តិ និងរាប់អានខ្ញុំដូចគ្នា ឱ្យជួយសង្គ្រោះបង ម្នាក់តិចៗ នេះជាការដើរកជំនួយលើកទី២ របស់ខ្ញុំ សម្រាប់បង។ ពេលវេលាលឿនពេកហើយ កំពុងលាងឈាម ប្រាក់មិនគ្រប់គ្រាន់ សំឡេងយំរបស់បង កំពុងដក់ក្នុងខួរក្បាលរបស់ខ្ញុំ ហើយពាក្យថា ជួយបងផងអូន! គាត់គ្មានឪពុកម្តាយទេ កំព្រា…”។

ចំណែកតារាចម្រៀង អ្នកនាងទូច ស្រីលក្ខណ៍ ដែលជាមិត្តភក្តិស្និទ្ធនឹងលោក យូ ឌីស្កូ នៅព្រឹកថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៦ បានបង្ហោះរូបភាពលោកយូ ឌីស្កូ ដែលស្ថិតក្នុងស្ថានភាពទឹកមុខស្លេកស្លាំង ស្គមស្គាំង ស្ទើរសល់ស្បែកដណ្តប់ឆ្អឹង និងកំពុងសម្រាកព្យាបាលនៅលើគ្រែពេទ្យ ឯប្រទេសឥណ្ឌា ភ្ជាប់ជាមួយសំណេររៀបថា “រូបឈឺឥឡូវហ្នឹង ហាមនិយាយថា ស្តាយ ពេលបាត់បង់ ហើយថា ម៉េចមិនប្រាប់ (គាត់ចង់រស់) អារម្មណ៍របស់ខ្ញុំ ក្តុកក្តួលណាស់ មួយយប់ គេងមិនលក់ ដោយសារបានដឹងថា បងយូ ឌីស្កូ ត្រូវបញ្ជូនទៅប្រទេសឥណ្ឌា បន្ទាន់ ដោយសារជាតិពុលឡើងខ្លាំងកម្រិតធ្ងន់ សំឡេងបងបានប្រាប់ថា លក្ខណ៍អូន បងគ្មានអ្វីទៀតទេ សល់តែ៥០ភាគរយ នៃក្តីសង្ឃឹមនៅពេលនេះ…”។

ទូច ស្រីលក្ខណ៍ បន្តថា “ខ្ញុំមិនអាចឈរមើលបង ដោយដង្ហើមហត់មួយនេះបានទេ ខ្ញុំនឹងលើកដៃសុំពីមិត្តភក្តិ និងរាប់អានខ្ញុំដូចគ្នា ឱ្យជួយសង្គ្រោះបងម្នាក់តិចៗ នេះជាការដើរកជំនួយលើកទី២ របស់ខ្ញុំ សម្រាប់បង។ ពេលវេលាលឿនពេកហើយ កំពុងលាងឈាម ប្រាក់មិនគ្រប់គ្រាន់ សំឡេងយំរបស់បង កំពុងដក់ក្នុងខួរក្បាលរបស់ខ្ញុំ ហើយពាក្យថា ជួយបងផងអូន! គាត់គ្មានឪពុកម្តាយទេ កំព្រា…”។

 នៅព្រឹកថ្ងៃដដែលនោះ អ្នកនាង ទូច ស្រីលក្ខណ៍ បានបង្ហោះវីដេអូមួយ រៀបរាប់ទាំងអួលដើមកថា “ថ្ងៃនេះ រូបនាងខ្ញុំ ពិតជាមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង បន្ទាប់ពីខ្ញុំនិយាយទូរស័ព្ទជាមួយដៃគូចាស់របស់ខ្ញុំ បងប្រុស យូ ឌីស្កូ ដែលខ្ញុំទទួលដំណឹងថា នៅក្នុងពេលនេះ គឺគាត់កំពុងសង្គ្រោះជាបន្ទាន់ ដោយសារគាត់មានជាតិពុលឡើងកម្រិតធ្ងន់ ភាគរយនៅក្នុងការដែលរស់នៅតែ ៥០ភាគរយ ខ្ញុំអត់ចង់ឮ ខ្ញុំអត់ចង់ឮសំឡេងគាត់យំ ខ្ញុំអត់ចង់ឮសំឡេងគាត់ស្រែកថា អូន! បងចង់រស់! ខ្ញុំមានអារម្មណ៍ថា ខ្ញុំក្តុកក្តួលមែនទែន ហើយខ្ញុំសន្យាថា ខ្ញុំនឹងព្យាយាមរកជំនួយបែបណា ដើម្បីបញ្ជូនទៅកាន់បងដែលកំពុងសម្រាកព្យាបាលនៅប្រទេសឥណ្ឌា។ ខ្ញុំសង្ឃឹមថា បងនឹងមានកម្លាំងចិត្តត្រឡប់មកវិញ បងនឹងក្រោកមកច្រៀងវិញបាន បងនឹងមកសម្តែងជាមួយខ្ញុំវិញបាន ខ្ញុំនឹងធ្វើឱ្យអស់ពីលទ្ធភាព នេះជាស្ថានភាពលើកទី២ ដែលបងប្រុស កំពុងតែលាងឈាម ហើយគាត់កំពុងតែបាត់បង់កម្លាំងចិត្តច្រើនមែនទែន នៅពេលនេះ។ ខ្ញុំសូមសំណូមពរឱ្យមិត្តសិល្បករ សិល្បការិនីទាំងអស់  ក៏ដូចប្រជាពលរដ្ឋ សូមឱ្យជួយគាត់ ម្នាក់បន្តិចៗ ពីព្រោះនៅពេលនេះ មនុស្សត្រូវការចង់រស់ សូមជួយគាត់ម្នាក់បន្តិច នេះគឺជាទឹកចិត្តរបស់បងប្អូន…”។

គួររំលឹកថា តារាសម្តែង លោកយូ ឌីស្កូ បានធ្លាក់ខ្លួនឈឺ តាំងពីអំឡុងចុងឆ្នាំ២០១៧ ដោយលោកកើតមានជំងឺខូចក្រលៀន (តម្រងនោម) ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់  ប៉ុន្តែជាភ័ព្វសំណាង លោកបានទទួល ការវះកាត់ដោយជោគជ័យ ក្នុងការប្តូរក្រលៀន នៅប្រទេសឥណ្ឌា ដែលចំណាយថវិកាព្យាលបាល សរុបជិត ៧ម៉ឺនដុល្លារ ក្នុងនោះ ថវិកាមួយចំនួនធំ គឺបានមកពីជំនួយឧបត្ថម្ភដ៏ខ្ពស់ខ្ពស់របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមួយចំនួនទៀត បានពីសមាគមសិល្បករខ្មែរ ហើយនិងការប្រមូលបានពីការប្រគំតន្ត្រីសប្បុរស ពីមិត្តរួមអាជីពលោក ៣នាក់ រួមមាន អ្នកនាង ទូចស្រី លក្ខណ៍ តារាចម្រៀង អៀម វន្នី និងតារា សម្តែង ប៉ែន ចំរ៉ុង។

គិតមកទល់ពេលនេះ មានរយៈប្រមាណ ៨ឆ្នាំមកហើយ ដែលតារាសម្តែង យូ ឌីស្កូ បានវះកាត់ប្តូរក្រលៀន បានជោគជ័យ ទើបតែពេលថ្មីៗនេះ ស្ថានភាពជំងឺរបស់លោក បានរើឡើងវិញ ទើបក្រុមគ្រួសារ បានបញ្ជូនលោកទៅសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌា ជាថ្មីម្តង ទៀត៕ ដារិទ្ធ

RELATED ARTICLES