Saturday, January 31, 2026
Homeតារាខ្មែរថុល សុភិទិ ហ៊ឺហាដល់កំពូល

ថុល សុភិទិ ហ៊ឺហាដល់កំពូល

ភ្នំពេញ ៖ ក្នុងចំណោមតារាប្រុសដែលយកប្រពន្ធជាអ្នកលក់អនឡាញ (Online) លោកថុល សុភិទិ ត្រូវបានចាត់ទុកជាអ្នករស់នៅហ៊ឺហាដល់កំពូលម្នាក់ នៅឆ្នាំ២០២៦ ព្រោះគ្រាន់តែរថយន្ដទំនើប ៣គ្រឿង គឺម៉ាក Lamborghini ២គ្រឿង តម្លៃជាង ១លានដុល្លារ និងរថយន្ដ Rolls Royce មួយគ្រឿង តម្លៃជាង ១លានដុល្លារទៀត ធ្វើឲ្យកូនមន្រ្ដីធំផ្កាយ២ រូបនេះ ទៅដល់ណា  ផ្អើលទីនោះ ហើយតារាល្បីៗជើងចាស់ខ្លះ ស្ញប់ស្ញែងនឹងតារាលេងម៉ូដសាក់ ម្នាក់នេះថា ដូចសេដ្ឋី ។ ទោះជាយ៉ាង មានការកត់សម្គាល់ថា មុនសុភិទិ ផ្សារភ្ជាប់ស្នេហា ជាមួយអ្នកមេម៉ាយកូន១ សាច់សខ្ចី ឡុង ម៉ានីន កាលពីឆ្នាំ២០២២ នោះ លោកមិនលេងខ្លួនហ៊ឺហាដូចសព្វថ្ងៃទេ ពោលគឺជាអ្នកចម្រៀង នាពេលរាត្រី តាម Pub និងក្លឹបមួយចំនួន ពេលខ្លះជិះម៉ូតូធំ និងជូនកាលជិះរថយន្ដ ត្រឹមម៉ាក Ford  ប៉ុណ្ណោះ។

 អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គម លោកសុខ សុគន្ធ ហៅជេម សុខ បាននិយាយថា បើអ្នកមានមែនទែន មិនរកស៊ីលក់ Online ទេ និងថា អ្នករកស៊ី Online មិនមែនជាអ្នកមានពិតប្រាកដឡើយ ។ ប៉ុន្ដែក្រៅពីទិញរថយន្ដទំនើប ទាំង៣គ្រឿង អស់លុយជាង ២លានដុល្លារនោះ តាមប្រភពថា សុភិទិ និងគូស្នេហ៍ មានផ្ទះវីឡា ដល់ទៅ៣ ផ្សេងគ្នា ហេតុនេះហើយបានជាមិត្តភក្ដិអ្នកសិល្បៈរួមអាជីព និយាយថា មិនយូរទេ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ រូបនេះ នឹងត្រូវប្រពន្ធរុញឲ្យឡើងជាឧកញ៉ា មិនខាន ។

  គួរបញ្ជាក់ថា ក្រៅពីថុល សុភិទិ តារាដែលយកប្រពន្ធ ជាអ្នកលក់ Online មានដូចជា Vj រតនា, គឹម សីហា, ឃុន វត្ថា, គ្រី ថៃពៅ, នាង ដាវីន, នី រតនា, រស់ រាជ្ជសាល និងសំ សុវណ្ណារ៉ាក់ ជាដើម ។ ប៉ុន្ដែមានតែភិទិ ម្នាក់ប៉ុណ្ណោះ ដែលហ៊ឺហា លេងរថយន្ដម៉ាកថ្លៃៗជាងគេ ។ អំឡុងពេលដែលភិទិ ជិះរថយន្ដទំនើប មិនចាញ់តារាបរទេស និងមានអង្គរក្សតាមការពារនេះ គូស្នេហ៍លោក ស្រីស្អាត ឡុង ម៉ានីន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានបង្ហាញសញ្ញាកាន់តែកៀកដល់ថ្ងៃរៀបការ និងបាននាំភិទិ ទៅថត Pre-Wedding នៅកោះរ៉ុង ខេត្តកោះកុង ទៀតផង ។ ប៉ុន្ដែសុភិទិ និងគូស្នេហ៍ មិនទាន់ហ៊ានកំណត់ថ្ងៃរៀបការឡើយ បើទោះជានៅថ្ងៃខួបកំ ណើតម៉ានីន គម្រប់២៧ឆ្នាំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នា២០២៥ លោកបានលុតជង្គង់បំពាក់ចិញ្ចៀនពេជ្រ ១វង់ សុំនាងរៀបការក៏ដោយ ។

សូមបញ្ជាក់ថា ថុល សុភិទិ ក្រោយថៅកែរុញចេញពីហង្សមាស ចូល Gen Musix លោកមិនសូវមានបទ ចម្រៀងល្បីទេ តែបែរជាល្បីរឿងស្នេហា និងការលេងម៉ូដឡានទៅវិញ ។ តារាល្បីពេលប្រលង Cambodia Idol រដូវកាលទី៤ ច្រៀងបទ «មិនអាចឃាត់ទេ» រូបនេះ មិនទាន់ចាប់ដៃស្រីស្អាត SK សង្សាររបស់លោក Step ទេ ប៉ុន្ដែពេលនេះ លោកបានងាកទៅចាប់ដៃតារាស្រី ២នាក់ គឺ អាយរីស (Iris) និងយ៉ាង ចាន់រតនា តាមរយៈបទ «ត្រូវការទាំង២» ។

តាមប្រភពថា សុភិទិ ធ្វើឲ្យគូស្នេហ៍ពេញចិត្តស្ដូក ព្រោះតាំងពីចាប់ដៃគ្នា ជាង២ឆ្នាំ មុខរបរ Online របស់ម៉ានីន កាន់តែកាក់កប ពិសេសលោកស្រលាញ់កូនស្រីប្ដីមុននាង ដូចកូនបង្កើតរបស់លោកដែរ ។ ជាក់ស្ដែងដូចជានៅព្រឹកថ្ងៃទី៣០ ខែមករា សុភិទិ ត្រូវឡើងយន្ដហោះ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ៣ថ្ងៃ ដោយលោកប្រ កាសផ្ដាំឲ្យគេជួយមើលប្រពន្ធខ្លួន អ្នកនាងនីន និងកូនស្រី នាថ ឲ្យផង។ ប៉ុន្ដែដើម្បីឲ្យចំណងស្នេហា កាន់តែមានសុវត្ថិភាពជាងនេះ ភិទិ នឹងបំពេញបំណងធំ ជូនប្រពន្ធ នោះគឺត្រូវតែរៀបចំមង្គលការ តាមប្រពៃណីខ្មែរ តាមបំណងប្រពន្ធ ៕

RELATED ARTICLES